ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធីសាស្ត្រ​របស់​ដៃគូ​សហរដ្ឋ​អាមេរិក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ចំពោះ​វិបត្តិ​អ៊ុយក្រែន​មាន​ការ​ប្រេះស្រាំ


រូបឯកសារ៖ រថក្រោះ​មួយ​គ្រឿង​របស់​រុស្ស៊ី​កំពុង​ឆេះ និង​ត្រូវ​បាន​ទុកចោល​ ក្រោយ​ការ​ប្រយុទ្ធ​នៅ​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ រថក្រោះ​មួយ​គ្រឿង​របស់​រុស្ស៊ី​កំពុង​ឆេះ និង​ត្រូវ​បាន​ទុកចោល​ ក្រោយ​ការ​ប្រយុទ្ធ​នៅ​ទីក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

បើ​ទោះបីជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​បណ្ដា​បស្ចិម​ប្រទេស​លើ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ក៏ដោយ ក៏​រដ្ឋបាល​របស់​លោក​មាន​ការ​លំបាក​នៅក្នុង​ការ​កសាង​សម្ព័ន្ធភាព​ជា​សាកល​មួយ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដើម្បី​ធ្វើ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្ថិត​ក្នុង​ភាព​ឯកោ។

ដៃគូ​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដូចជា​ប្រទេស​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាងត្បូង សិង្ហបុរី និង​កោះ​តៃវ៉ាន់​ជាដើម បាន​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការ​ដាក់​កំហិត​លើ​ការ​នាំចេញ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ ប្រទេស​ផ្សេង​ទៀត​បាន​ជម្នះ​នឹង​សម្ពាធ​របស់​ក្រុម​បស្ចិម​ប្រទេស​ដោយ​សូម្បីតែ​ការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី ក៏​ពួកគេ​មិន​ធ្វើ​ផង។

ក្នុង​ចំណោម​នោះ ប្រទេស​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ជាងគេ​គឺ​ប្រទេស​ឥណ្ឌា។ បើ​ទោះបីជា​ប្រទេស​នេះ​គឺជា​ដៃគូ​ដ៏​ខ្លាំងក្លា​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក៏ដោយ ក៏​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំងក្លា​លើ​ការ​ទិញ​គ្រឿង​សព្វាវុធ​ការពារ​ខ្លួន​ពី​រុស្ស៊ី និង​មិន​បាន​ចូលរួម​គាំទ្រ​លើ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នោះទេ។

សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នោះ​បាន​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី «ដក​កម្លាំង​យោធា​ទាំងអស់​របស់​ខ្លួន​ទាំងស្រុង​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​ចេញពី​រង្វង់​ព្រំដែន​របស់​ប្រទេស​អ៊ុយក្រែន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ»។

ប្រទេស​ឥណ្ឌា​ក៏​បាន​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផងដែរ ដែល​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សា​នេះ​បោះឆ្នោត​វេតូ​ជំទាស់។

ភាព​ស្ទាក់ស្ទើរ​របស់​ឥណ្ឌា

ប្រធានាធិបតី​អាមេរិក​លោក Biden បាន​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុម​ប្រទេស Quad (Quadrilateral Security Dialogue) កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា​កន្លង​ទៅ​នេះ គឺ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ឥណ្ឌា​មិន​បាន​ចូលរួម​គាំទ្រ​លើ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

ក្រុម​ប្រទេស Quad ដែល​ជា​ក្រុម​ប្រទេស​ដៃគូ​សន្ទនា​ចតុភាគី​ផ្នែក​សន្តិសុខ ដែល​មាន​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រលី ឥណ្ឌា និង​ជប៉ុន​ជា​សមាជិក ត្រូវ​បាន​បង្កើត​ឡើង​ជា​ចម្បង​ដើម្បី​ដោះស្រាយ​ក្ដី​បារម្ភ​ក្នុង​តំបន់​ទាក់ទិន​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន។

ប្រទេស​ឥណ្ឌា ដែល​ពឹងផ្អែក​ផ្នែក​យោធា​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ជម្លោះ​ព្រំដែន​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​និង​ចិន កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដែល​ពិបាក​សម្រេចចិត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

បើ​ទោះបីជា​ក្រុម​បស្ចិម​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​ឥណ្ឌា​រំពឹង​ថា ឥណ្ឌា​នឹង​ប្រកាន់​ខ្ជាប់​តាម​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​សេរី និង​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក៏ដោយ ក៏​តម្រូវការ​និង​ការ​ពឹងផ្អែក​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​របស់​ឥណ្ឌា​លើ​រុស្ស៊ី​បាន​ដាក់​កំហិត​ដល់​ឥណ្ឌា​ឱ្យ​ពិបាក​ធ្វើការ​សម្រេចចិត្ត។

អ្នកស្រី Aparna Pande ប្រធាន​គម្រោង​ផ្ដួចផ្ដើម​ស្ដីពី​អនាគត​ឥណ្ឌា​និង​អាស៊ី​ខាងត្បូង​នៃ​វិទ្យាស្ថាន Hudson (Hudson Institute) បាន​និយាយ​ថា៖ «ប្រទេស​ឥណ្ឌា​មិន​អាច​បញ្ឈប់​ការ​ទិញ [សព្វាវុធ] ជាពិសេស​គ្រឿង​បន្លាស់​ឧបករណ៍​យោធា ពី​រុស្ស៊ី​ភ្លាមៗ​នោះទេ ប៉ុន្តែ​ឥណ្ឌា​អាច​បង្ហាញ​ថា ទៅ​ថ្ងៃ​ខាងមុខ ខ្លួន​នឹង​បង្កើន​ការ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន និង​ស្វែងរក​ដៃគូ​ផ្នែក​ការពារ​ជាតិ​ផ្សេង​ទៀត​ដូចជា​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង អ៊ីស្រាអែល និង​កូរ៉េ​ខាងត្បូង​ជាដើម ជំនួស​ឱ្យ​ប្រទេស​រុស្ស៊ី»។

អ្នកស្រី Pande បាន​ប្រាប់ VOA ថា៖ «ករណី​នេះ​នឹង​មាន​ប្រយោជន៍​ជាពិសេស ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​តាម​រយៈ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​ទប់ទល់​នឹង​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម (Countering America's Adversaries Through Sanctions Act (CAATSA)) កំពុង​លើក​យក​មក​ពិភាក្សា ទាក់ទិន​នឹង​ការ​ទិញ​របស់​ឥណ្ឌា​នូវ​ប្រព័ន្ធ​ទប់ទល់​មីស៊ីល S-400 ពី​រុស្ស៊ី»។

ច្បាប់​ស្ដីពី​ការ​ទប់ទល់​នឹង​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម (CAATSA) នេះ​ត្រូវ​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ ២០១៧។ ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ​ដែល​មាន «ការ​ដោះដូរ​ពាណិជ្ជកម្ម​ចម្បង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ កូរ៉េ​ខាងជើង និង​រុស្ស៊ី»។

រដ្ឋបាល​របស់​លោក Biden កំពុង​ផ្ដោត «យ៉ាង​ដិតដល់​បំផុត» លើ​ថា​តើ​ទណ្ឌកម្ម​ទាំងនោះ​គួរតែ​ដាក់​លើ​ប្រទេស​ឥណ្ឌា​ឬ​ក៏​យ៉ាង​ណា​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Donald Lu ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង ដែល​ថ្លែង​ទៅកាន់​អនុ​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​មួយ​កាលពី​ថ្ងៃ​ទី ២ ខែ​មីនា​កន្លង​ទៅ​នេះ។

ដើម្បី​ជា​សញ្ញា​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​ចិន បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Quad បាន​ឯកភាព​គ្នា​ថា អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​កើតឡើង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី។

សេចក្ដី​ថ្លែងការណ៍​ទាំងពីរ​នេះ​ស្របតាម​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដែល​ចេញផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad នោះ។ សេចក្ដី​ថ្លែងការណ៍​រួម​នោះ​បាន​បញ្ជាក់​ថា បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Quad «បាន​ពិភាក្សា​អំពី​សង្គ្រាម​ជា​បន្ត​និង​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​បាន​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ទូលំទូលាយ​នៃ​សង្គ្រាម​និង​វិបត្តិ​នេះ»។

ទោះជា​យ៉ាងណា​ក៏ដោយ សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស Quad នេះ​មិន​បាន​លើកឡើង​អំពី​ប្រទេស​រុស្ស៊ី ឬ​ក៏​មិន​បាន​ប្រើ​ពាក្យ «ឈ្លានពាន» នោះទេ ដែល​នេះ​អាច​ជា​ភស្តុតាង​បញ្ជាក់​អំពី​ការ​ជម្នះ​របស់​ប្រទេស​ឥណ្ឌា។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់ VOA ដែល​សុំ​ឱ្យ​មាន​ការ​បំភ្លឺ​លំអិត​បន្ថែម​ទៀត​អំពី​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad នេះទេ។

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញអាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញអាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)

សម្ព័ន្ធភាព​ដែល​លេច​ឡើង​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក

ប្រទេស​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយ​សំដៅ​លើ​ធនាគារ​សំខាន់ៗ ស្ថាប័ន និង​បុគ្គល​រាប់​រយ​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មន្ត្រី​កំពូលៗ​របស់​លោក​ផងដែរ។

ទោះបីជា​ប្រទេស​អូស្ត្រាលី​មិនមែន​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO) ក៏ដោយ ក៏​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ផ្ដល់​គ្រឿង​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ ជំនួយ​ហិរញ្ញវត្ថុ និង​សព្វាវុធ​យោធា​ទំាំង​ប្រល័យ​និង​មិន​ប្រល័យ​ទៅឱ្យ​ប្រទេស​អ៊ុយក្រែន។

ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​គេ​បំផុត​ទី ៣ នៅ​លើ​ពិភពលោក បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​នៅក្នុង​ការ​កាត់ផ្ដាច់​ធនាគារ​ធំៗ​របស់​រុស្ស៊ី​ពី​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ពិភពលោក (SWIFT) ដែល​ជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អន្តរជាតិ បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក Putin របស់​មន្ត្រី​ជាន់ខ្ពស់​របស់​លោក និង​របស់​ជន​មាន​ឥទ្ធិពល​ផ្នែក​អាជីវកម្ម​កំពូលៗ​របស់​រុស្ស៊ី ក៏​ដូចជា​ដាក់​កំហិត​តឹងតែង​លើ​ការ​នាំចេញ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​នាំចេញ​បន្ទះ​អេឡិចត្រូនិក semiconductor ផងដែរ។

ជប៉ុន​ក៏​បាន​ដាក់​ទណ្ឌកម្ម​ផងដែរ​លើ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko និង​មន្ត្រី​កំពូលៗ​របស់​លោក ដោយ​ថ្កោលទោស​ប្រទេស​បេឡារុស​ថា​បាន​អនុញ្ញាត​ឱ្យ​ទាហាន​រុស្ស៊ី​ឆ្លង​ចូល​ដែនដី​របស់​ខ្លួន​ដើម្បី​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ការ​រឹតត្បិត​តឹងតែង​លើ​ការ​នាំចេញ និង​បាន​ចូលរួម​ជាមួយ​ប្រទេស​ដទៃទៀត​នៅក្នុង​ការ​កាត់ផ្ដាច់​ធនាគារ​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ SWIFT។

ទំនិញ​ដែល​រង​ការ​ដាក់​កំហិត​នៅក្នុង​ការ​នាំចេញ​របស់​កូរ៉េ​ខាងត្បូង​មាន​ដូចជា​គ្រឿង​អេឡិចត្រូនិក បន្ទះ​អេឡិចត្រូនិក semiconductor និង​កុំព្យូទ័រ គ្រឿង​បរិក្ខា​ផ្នែក​ព័ត៌មាន​និង​ផ្នែក​ទំនាក់ទំនង ឧបករណ៍​ចាប់​សញ្ញា​និង​ម៉ាស៊ីន​ឡាស៊ែរ បច្ចេកវិទ្យា​នាវាចរណ៍​និង​អាកាសចរណ៍ និង​ឧបករណ៍​ដែល​សមុទ្រ​និង​ដែន​អាកាស​ជាដើម។

កោះ​តៃវ៉ាន់ ដែល​ជា​កោះ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​និង​ជា​កោះ​ដែល​ចិន​អះអាង​ថា​ជា​ខេត្ត​ផ្ដាច់ខ្លួន​របស់​ខ្លួន បាន​បញ្ជាក់​ថា ខ្លួន​នឹង​សម្រប​តាម​ក្រុម​បស្ចិម​ប្រទេស​នៅក្នុង​ការ​កាត់ផ្ដាច់​ធនាគារ​រុស្ស៊ី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ SWIFT។

ក្នុង​នាម​ជា​អ្នក​ផលិត​បន្ទះ​អេឡិចត្រូនិក semiconductor ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​តាមរយៈ​ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) របស់​ខ្លួន កោះ​តៃវ៉ាន់​ក៏​បាន​ប្រកាស​ផងដែរ​អំពី​ការ​ដាក់​កំហិត​លើ​ការ​នាំចេញ​បន្ទះ​អេឡិចត្រូនិក semiconductor។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ផ្សព្វផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នេះ បង្ហាញ​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ផ្សព្វផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នេះ បង្ហាញ​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

វិធីសាស្ត្រ​របស់​អាស៊ាន​ដែល​ប្រេះស្រាំ

សមាគម​អាស៊ាន (ASEAN) បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​និង​ការ​ចរចា​ទាក់ទិន​នឹង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។

បើ​ទោះបីជា​ការ​អំពាវនាវ​របស់​អាស៊ាន​នេះ​មាន​លក្ខណៈ​ប្រយ័ត្នប្រយែង​ក៏ដោយ ក៏​អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​បាន​និយាយ​ថា វា​ជា​ការ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ថា អាស៊ាន​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រកាន់​គោលការណ៍​មិន​ជ្រៀតជ្រែក​និង​គោលការណ៍​អព្យាក្រឹតភាព​ចំពោះ​បណ្ដា​ប្រទេស​មហា​អំណាច​នានា មិន​បាន​លើកឡើង​អំពី​ប្រទេស​រុស្ស៊ី​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នោះទេ។

លោក Evan Laksmana អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore) បាន​ប្រាប់ VOA ភាសា​ខ្មែរ ថា៖ «ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​គួរតែ​បាន​ពញ្ញាក់​ស្មារតី​របស់​អ្នក​ធ្វើ​គោល​នយោបាយ​នានា​នៅ​អាស៊ី​អាគ្នេយ៍ ដោយសារតែ​វា​បាន​បញ្ជាក់​ឱ្យ​យើង​ដឹង​ថា ច្បាប់​អន្តរជាតិ ការ​ពឹងផ្អែក​ទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច និង​ការ​អនុវត្ត​បទដ្ឋាន​នៃ​ការ​កសាង​ទំនុកចិត្ត ដែល​ទាំងអស់​នេះ​ជា​លក្ខណៈ​សំខាន់​នៃ​ប្រព័ន្ធ​រៀបរយ​ក្នុង​តំបន់​របស់​អាស៊ាន គឺ​មិន​គ្រប់គ្រាន់​នោះទេ​នៅក្នុង​ការ​បង្ការ​មិន​ឱ្យ​ភាព​គឃ្លើន​ទាំងស្រុង​ណា​មួយ​កើតឡើង»។

លោក​បាន​បន្ថែម​ថា៖ «លើសពី​ការ​រំលោភ​លើ​គោលការណ៍ [មិន​ជ្រៀតជ្រែក​និង​អព្យាក្រឹត] ដែល​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​អះអាង​ថា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នោះ ការ​ឈ្លានពាន​នេះ​ក៏​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ផងដែរ​ថា យុទ្ធវិធី​ចង់​ធ្វើ​សង្គ្រាម​បន្តិច​មិន​ចង់​ធ្វើ​បន្តិច​ដែល​បណ្ដា​ប្រទេស​មហា​អំណាច​បាន​ប្រើ​មិន​ថា​នៅក្នុង​ប្រទេស​អ៊ុយក្រែន ឬ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ គឺ​អាច​ជា​ការ​ផ្ដើម​ឆ្ពោះ​ទៅរក​សង្គ្រាម​ពេញ​ទំហឹង​ជាជាង​ជម្រើស​ផ្សេង»។

ទោះជា​យ៉ាងណា​ក៏ដោយ បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ បាន​ផ្ដាច់​ខ្លួន​ពី​គោលការណ៍​របស់​ប្លុក​នេះ និង​បាន​ថ្កោលទោស​រុស្ស៊ី​ដោយ​ខ្លួន​ឯង។ ប្រទេស​ដែល​គួរ​ឱ្យ​កត់សម្គាល់​បំផុត​នៅក្នុង​រឿង​នេះ​គឺ​ប្រទេស​សិង្ហបុរី ដែល​ប្រទេស​នេះ​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​និង​ការ​រឹតត្បិត​លើ​ការ​នាំចេញ​ទំនិញ​មួយ​ចំនួន​ដែល​អាច​ប្រើ​ជា​អាវុធ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន។

ប្រទេស​ផ្សេងៗ​ទៀត​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ ប៉ុន្តែ​មិន​បាន​ដាក់​ទណ្ឌកម្ម​ណាមួយ​ទេ។

ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ធំ​ជាង​គេ​បង្អស់​នៅ​អាស៊ី​អាគេ្នយ៍ បាន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ថា «មិន​អាច​ទទួល​យក​បាន» ប៉ុន្តែ​មិន​បាន​លើកឡើង​ពី​ប្រទេស​រុស្ស៊ី​ឱ្យ​ចំ​នោះទេ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​របស់​ខ្លួន។

រី​ឯ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​ព្រុយណេ​វិញ​ក៏​ដូច​គ្នា​នេះ​ដែរ។

ចំណែក​ឯ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​ខ្លួន​ណា​មួយ​នោះទេ ប៉ុន្តែ​បាន​ចូលរួម​ជាមួយ​នឹង​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី ២ ខែ​មីនា ក្នុង​ការ​ថ្កោលទោស​រុស្ស៊ី។ សេចក្ដី​សម្រេច​នោះ​មាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រទេស​ចំនួន ១៤១។

លោក Gregory Polling ប្រធាន​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) បាន​និយាយ​ថា៖ «ភាគច្រើន យើង​ឃើញ​ថា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​និង​ប្រទេស​ដែល​ភាគច្រើន​ស្រប​ទៅ​តាម​បស្ចិម​ប្រទេស គឺជា​ប្រទេស​ដែល​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​ដោយ​ខ្លួន​ឯង​យ៉ាង​ច្បាស់លាស់។ ចំណែក​ឯ​ប្រទេស​ម៉ាឡេស៊ី ថៃ និង​កម្ពុជា​វិញ គឺ​ថ្កោលទោស​ការ​ឈ្លានពាន​នេះ​នៅ​ក្រោម​ដំបូល​របស់​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ»។

ក្រៅពី​ប្រទេស​រុស្ស៊ី ប្រទេស ៤ ផ្សេង​ទៀត​ដូចជា​បេឡារុស កូរ៉េ​ខាងជើង អេរីត្រេ និង​ស៊ីរី បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ប្រទេស ៣៥ ទៀត​បាន​បោះឆ្នោត​អនុប្បវាទ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​វៀតណាម និង​ឡាវ ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

លោក Polling បាន​បញ្ជាក់​ថា៖ «ប្រទេស​វៀតណាម​ជាប់​គាំង​នៅក្នុង​គោល​ជំហរ​ដ៏​ពិបាក​សម្រេច​ចិត្ត​មួយ ដោយសារ​យោធា​ទាំងមូល​របស់​ខ្លួន​ប្រើប្រាស់​សព្វាវុធ​របស់​រុស្ស៊ី។ រី​ឯ​ប្រទេស​ឡាវ​វិញ​គឺ​នៅ​ប្រកាន់​គោល​គំនិត​សម័យ​សហភាព​សូវៀត​ជាង​ប្រទេស​ផ្សេងៗ​ទៀត ហើយ​នៅតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត​ផ្នែក​យុទ្ធសាស្ត្រ​ជាមួយ​នឹង​រុស្ស៊ី»។

អ្នក​តំណាង​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ដើរ​តួ​តំណាង​ឱ្យ​រដ្ឋាភិបាល​និរទេស​មីយ៉ាន់ម៉ា បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្ដី​សម្រេច​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ។

ទោះជា​យ៉ាង​នេះ​ក្ដី របប​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី។

លោក​នាយ​ឧត្តមសេនីយ៍ Zaw Min Tun អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា បាន​និយាយ​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង VOA ភាសា​ភូមា ថា៖ «ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​ដើម្បី​ពង្រឹង​អធិបតេយ្យ ភាព​របស់​ខ្លួន»។

លោក​បាន​បន្ថែម​ថា ការ​គាំទ្រ​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​នេះ​គឺជា «រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ» ដើម្បី​បង្ហាញ​ថា «ប្រទេស​រុស្ស៊ី​គឺ​ជា​មហា​អំណាច​ពិភពលោក»។

លោក Joshua Kurlantzick អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស (Council on Foreign Relations) បាន​ប្រាប់ VOA ថា៖ «របប​យោធា​មីយ៉ាន់ម៉ា​បាន​ខិត​កាន់តែ​ជិត​ទៅរក​រដ្ឋាភិបាល​រុស្ស៊ី។ ដូច្នេះ វា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​របប​យោធា​នេះ​បាន​សរសើរ​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី»។

មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​អាស៊ាន​ប្រេះស្រាំ​គឺ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​នីមួយៗ​នៅក្នុង​ការ​រក្សា​តុល្យភាព​អំណាច​នៅក្នុង​តំបន់។

លោក Aaron Connelly អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) បាន​លើកឡើង​ថា៖ «បណ្ដា​ប្រទេស​អាស៊ាន​ភាគច្រើន​ប្រើ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​រុស្ស៊ី​មួយ​ផ្នែក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់។ ប្រទេស​អាស៊ាន​ជាច្រើន​មាន​ការ​រារែក​នៅក្នុង​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​រុស្ស៊ី ដោយសារតែ​វា​ជា​ផ្នែក​មួយ​នៃ​វិធី​ដែល​ពួកគេ​ធ្វើ​ពិពិធភាព​ទំនាក់ទំនង​របស់​ខ្លួន​នៅលើ​ពិភពលោក»។

ដោយសារតែ​អាស៊ាន​មាន​ឥទ្ធិពល​តិចតួច​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក Connelly បាន​ចង្អុល​បង្ហាញ​ថា នៅ​ចុង​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​ប្ដូរវេទ​របស់​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ប្រទេស​ថៃ​នឹង​រៀបចំ​កិច្ច​ប្រជុំ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​រៀបចំ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20។

កិច្ច​ប្រជុំ​ទាំងនេះ​គឺ​មាន​ការ​រួម​បញ្ចូល​ទាំង​ប្រទេស​រុស្ស៊ី​ផងដែរ ប៉ុន្តែ​ប្រសិនបើ​សង្គ្រាម​របស់​រុស្ស៊ី​និង​អ៊ុយក្រែន​នៅតែ​បន្ត ប្រទេស​ដែល​រៀបចំ​កិច្ច​ប្រជុំ​ទាំងនេះ​នឹង​រង​សម្ពាធ​ខ្លាំងក្លា​ពី​ក្រុម​បស្ចិម​ប្រទេស​ឱ្យ​រារាំង​រុស្ស៊ី​មិន​ឱ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ទាំងនេះ។

ស្របពេល​នេះ​ដែរ ប្រទេស​ចិន​មាន​ការ​ប្រយ័ត្នប្រយែង​នៅក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដោយ​មិន​បាន​បង្ហាញ​ការ​គាំទ្រ​ច្បាស់លាស់ ឬ​ក៏​មិន​បាន​ថ្កោលទោស​ណា​មួយ​ចំពោះ​ការ​ឈ្លានពាន​នេះ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​កំពុង​សម្លឹង​មើល​លើ​វិបត្តិ​អ៊ុយក្រែន​ដោយ​ក្ដី​បារម្ភ ប៉ុន្តែ​ចង់​ឃើញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។

លោក Sergey Radchenko សាស្ត្រាចារ្យ​កំពូល​ប្រចាំ​កម្មវិធី Wilson E. Schmidt នៅ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ Johns Hopkins បាន​បញ្ជាក់​ថា៖ «ចិន​មិន​ចូលចិត្ត​ហានិភ័យ​នោះទេ។ ប្រសិនបើ​វិបត្តិ​អ៊ុយក្រែន​នេះ​បាន​បង្រៀន​ពួកគេអំពី​អ្វី​មួយ អ្វី​នោះ​គឺ​ថា មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ចំពោះ​ការ​ធ្វើ​រឿង​ឆ្កួតៗ»។

លោក​បាន​ប្រាប់ VOA ថា៖ «លោក Putin បាន​ប្រើប្រាស់​សង្គ្រាម​នេះ​ដើម្បី​គាំទ្រ​អនាគត​របស់​រុស្ស៊ី ហើយ​លោក​ហាក់​ដូចជា​កំពុង​បរាជ័យ​នៅ​ពេល​នេះ។ ដូច្នេះ រដ្ឋាភិបាល​ចិន​កំពុង​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ប្រហែលជា​អាច​តាម​រយៈ​ការ​សម្រុះសម្រួល»៕

VOA ភាសាភូមា និង​លោក​ អូន​ ឆេងប៉រ នៃ​វីអូអេ​ភាសាខ្មែរ ​ចូល​រួម​ចំណែក​ដល់​សេចក្ដីរាយការណ៍​នេះ។ ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG