ក្រុមភេរវករហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់គ្រាប់មីស៊ីលបាល្លីស្ទិកប្រឆាំងនាវាពីរគ្រាប់ សំដៅទៅលើនាវារបស់អាមេរិកមួយគ្រឿងនៅក្នុងឈូងសមុទ្រ Aden។ នេះបើតាមការបញ្ជាក់របស់ទីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍នេះនិយាយថា ក្រុមកងនាវិកបានឃើញគ្រាប់មីស៊ីលធ្លាក់ក្នុងសមុទ្រនៅជិតនាវា។ មិនមានសេចក្តីរាយការណ៍ពីការរងរបួសឬការខូចខាតណាមួយដល់នាវា M/V Chem Ranger ដែលជានាវាកម្មសិទ្ធរបស់អាមេរិក ដែលដោតទង់ជាតិប្រទេស Marshall Island និងធ្វើប្រតិបត្តិការជានាវាដឹកប្រេងដោយប្រទេសក្រិក។ នេះបើតាមទីបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក។
ទន្ទឹមនឹងនេះក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមរបស់ខ្លួន ក្រុមឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែននិយាយថា ពួកគេបានវាយប្រហារដោយបាញ់ចំគោលដៅផ្ទាល់។
កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងអាមេរិក បានវាយប្រហារជាច្រើនថែមទៀតលើគោលដៅប្រឆាំងនឹងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈពេលដែលមានការបារម្ភកាន់តែកើនខ្លាំងឡើងថា ជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់ អាចពង្រីកខ្លួនក្លាយជាសង្គ្រាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យរងក្រសួងការពារជាតិសហរដ្ឋអាមេរិក អ្នកស្រី Sabrina Singh បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍របស់អាមេរិក ត្រូវបានធ្វើឡើងដោយយន្តហោះប្រយុទ្ធ F-18 ដើម្បីការពារខ្លួន ដោយបំផ្លាញគ្រាប់មីស៊ីលប្រឆាំងនាវាទាំងពីរគ្រាប់នោះ ដែលស្ថិតនៅលើដីនៅឡើយតែកំពុងតម្រង់ទិសទៅរកសមុទ្រក្រហមនៅភាគខាងត្បូង ដែលជាការគំរាមកំហែងដល់នាវាដឹកជញ្ជូននិងនាវាកងទ័ពជើងទឹកអាមេរិកក្នុងតំបន់។
ការវាយប្រហារនេះ ជាលើកទី ៥ ហើយ ដែលកម្លាំងសហរដ្ឋអាមេរិកវាយប្រហារចំគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានReuters និងAgence France-Presse។
វេទិកាបញ្ចេញមតិ