ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកនិងអង់គ្លេសវាយប្រហារសងសឹកលើគោលដៅជាច្រើនរបស់ក្រុមហ៊ូធីនៅយេម៉ែន


យន្តហោះ RAF Typhoon ចេញប្រតិបត្តិការ​ដើម្បី​វាយប្រហារ​លើ​គោលដៅរបស់​ក្រុម​ហ៊ូធី នៅប្រទេស​យេម៉ែន​ ក្នុង​តំបន់​សមុទ្រក្រហម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (Sgt Lee Goddard/UK MOD/Handout via REUTERS)
យន្តហោះ RAF Typhoon ចេញប្រតិបត្តិការ​ដើម្បី​វាយប្រហារ​លើ​គោលដៅរបស់​ក្រុម​ហ៊ូធី នៅប្រទេស​យេម៉ែន​ ក្នុង​តំបន់​សមុទ្រក្រហម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (Sgt Lee Goddard/UK MOD/Handout via REUTERS)

សហរដ្ឋ​អាមេរិក​ ចក្រភពអង់គ្លេស និង​ក្រុម​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ទៀត​ បាន​ឆ្លើយតបការវាយប្រហារ​ជា​ច្រើន​របស់ពួក​ហ៊ូធី (Houthi) លើ​នាវា​ដឹកជញ្ជូន​អន្តរជាតិ​ក្នុង​សមុទ្រ​ក្រហម​និង​ឈូង​សមុទ្រ​ Aden ​ដោយ​ធ្វើ​ការ​វាយ​ប្រហារដ៏​ខ្លាំង​តាម​ផ្លូវ​អាកាស​ ដើម្បីធ្វើ​ឱ្យ​ក្រុម​ដែល​មាន​ការគាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​នេះ​ចុះ​ខ្សោយ។

ទី​បញ្ជាការដ្ឋាន​កណ្តាល​សហរដ្ឋ​អាមេរិកបាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​វាយ​ប្រហារ​ជា​ច្រើន​តាម​ផ្លូវ​អាកាស​ បាន​ត្រូវចំ​គោលដៅ​ជាង ​៦០ នៅ​ក្នុង​ទីតាំង​ ១៦ ​កន្លែង នៅ​ក្នុងតំបន់​ដែលគ្រប់គ្រង​ដោយ​ក្រុម​ហ៊ូធីក្នុង​ប្រទេស​យេម៉ែន​ ដែល​រួម​មាន​ទី​តាំង​បញ្ជា​គ្រប់គ្រង​ ឃ្លាំង​គ្រាប់​ ប្រព័ន្ធ​ឧបករណ៍​វាយប្រហារ​ និង​អគារផលិកម្មមួយ​ចំនួន​។​

«យើង​បានវាយប្រហារ​ខ្លាំង​និង​ចំ​គោលដៅល្អ»។ ​នេះ​បើ​យោង​លើ​មន្ត្រីការពារ​ជាតិ​អាមេរិក​ម្នាក់​ដែល​បាន​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វីអូអេ ដោយ​បន្ថែម​ថា​ ការ​វាយប្រហារ​នោះ​ក៏​សំដៅទៅ​លើ​ប្រព័ន្ធ​រ៉ាដានិង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់ក្រុម​ហ៊ូធី​ ដែល​មិន​បាន​ធ្វើ​ការ​វាយ​តប​វិញនោះ​ឡើយ។​ ​ ​

ការ​វាយប្រហាររបស់​សហរដ្ឋ​អាមេរិក​និងចក្រភព​អង់គ្លេស​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែងពី​កងកម្លាំង​នៃ​ប្រទេស​អូស្រ្តាលី​ កាណាដា​ ហូឡង់​ និង​ប្រទេស​បារ៉ែន​ផង​ដែរនោះ​ បាន​ធ្វើ​ការ​វាយប្រហារពី​យន្តហោះ​ប្រយុទ្ធ​ ពី​នាវា​ក្នុង​សមុទ្រ​ និង​នាវា​មុជទឹក។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់មន្ត្រី​ការពារ​ជាតិអាមេរិក​ដដែល​រូប​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ពី​សេតវិមាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បាន​ហៅ​ការវាយប្រហារ​នោះថា​ ជា​ការ​ឆ្លើយតបដោយ​ផ្ទាល់​ទៅ​លើការ​វាយប្រហារ​របស់​ក្រុម​ហ៊ូធី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ទៅ​លើ​នាវា​ដឹកជញ្ជូន​អន្តរជាតិ ដោយ​លោក​បាន​ថ្លែង​ថា​ ​ការ​វាយប្រហារ​នោះ​មាន​ការចាំបាច់ ក្រោយការ​ព្យាយាមដោះស្រាយ​តាម​ផ្លូវ​ការទូតត្រូវ​បាន​គេ​ព្រងើយ​កន្តើយ។​ ​

ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​បាន​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំបន្ទាន់​មួយ​ ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិនៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ពិភាក្សា​ការ​វាយ​ប្រហារ​យោធា​ទៅ​លើ​ប្រទេស​យ៉េមែន ដោយ​សហរដ្ឋ​អាមេរិកនិង​ចក្រភព​អង់គ្លេស។​ ​

អ្នក​នាំ​ពាក្យ​ក្រុមហ៊ូធី​ក្នុង​ប្រទេស​យ៉េមែន​និយាយ​ថា​ ពុំ​មាន​ហេតុផលណា​មួយ​ ដែលសហរដ្ឋអាមេរិកនិង​ចក្រភពអង់គ្លេសត្រូវ​ធ្វើ​ការ​វាយប្រហារ​ដូច​នេះ​ឡើយ​ ​ហើយ​ថា​ក្រុមហ៊ូធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់នេះ​ នឹង​នៅ​តែ​បន្តធ្វើ​ការ​វាយប្រហារ​លើ​គោលដៅនាវា​ដឹក​ជញ្ជូន​នានា​ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល៕​

លោក​ Ostap Yarysh នៃវីអូអេ​ផ្សាយជាភាសាអ៊ុយក្រែន​ផ្ តល់​ព័ត៌មាន​បន្ថែម​សម្រាប់​សេចក្តី​រាយការណ៍​នេះ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG