បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារតាមអាកាសកាលពីល្ងាចថ្ងៃពុធលើមីស៊ីលក្រុមហ៊ូធី ចំនួន ១៤ គ្រាប់នៅភាគខាងលិចប្រទេសយេម៉ែន។
សេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល បាននិយាយថា កាំជ្រួចនោះត្រូវបានផ្ទុកដើម្បីបាញ់ ហើយវាជាការគំរាមកំហែងបន្ទាន់ចំពោះនាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់។
លោកនាយឧត្តមសេនីយ៍ Michael Erik Kurilla មេបញ្ជាការបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល បាននិយាយថា៖ «សកម្មភាពរបស់ពួកភេរវករហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បន្តបង្កគ្រោះថ្នាក់ដល់នាវាចរណ៍អន្តរជាតិ និងរំខានដល់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមភាគខាងត្បូង និងផ្លូវនាវាចរណ៍នៅជាប់នោះ»។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាសកម្មភាពដោយផ្ទាល់ទីបួន រួមទាំងសកម្មភាពសហការជាមួយកងកម្លាំងអង់គ្លេសប្រឆាំងនឹងទីតាំងក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ និងការគំរាមកំហែងដល់នាវានៅសមុទ្រក្រហម។
ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបង្ហោះចេញពីតំបន់គ្រប់គ្រងដោយពួកហ៊ូធីក្នុងប្រទេសយេម៉ែនបានវាយប្រហារកប៉ាល់ M/V Genco Picardy របស់អាមេរិក និងប្រតិបត្តិការដោយអាមេរិកបំពាក់ទង់ជាតិប្រទេសMarshall Islandsនៅឈូងសមុទ្រ Aden។
ប្រតិបត្តិកររបស់កប៉ាល់បានរាយការណ៍ថា ការវាយប្រហារនេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ហើយកប៉ាល់បានរងការខូចខាតតិចតួច។
ក្រុមហ៊ូធីនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្កាហ្សា ហើយបានវាយប្រហារជាង ៣០លើក នៅសមុទ្រក្រហម៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។
វេទិកាបញ្ចេញមតិ