មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់អ្នកសារព័ត៌មាន ឬ International Center for Journalists (ICFJ) នឹងជ្រើសរើសអ្នកសារព័ត៌មានខ្មែរចំនួន២៥នាក់ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នសារព័ត៌មានស្របច្បាប់នានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមួយ ដែលផ្ដោតទៅលើការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់អង្គការសារព័ត៌មាន ICFJ ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកនេះ។
វគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកកាសែតខ្មែរនេះ គឺជាកម្មវិធីតាមបណ្ដាញអ៊ីនធឺណិត ជាភាសាខ្មែរ ដែលនឹងរួមបញ្ចូលការបង្រៀនតាមបណ្ដាញអ៊ីនធឺណិតសម្រាប់សិក្ខាកាមម្នាក់ៗ និងការបំពេញទស្សនកិច្ចសិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់សិក្ខាកាមចំនួន១៥នាក់ ដែលនឹងត្រូវជ្រើសរើសចេញពីអ្នកចូលរួមទាំងអស់។
វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដោតទៅលើមូលដ្ឋានគ្រឹះនៃការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោត ដោយឆ្លុះបញ្ចាំងតាមរយៈការរាយការណ៍អំពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០១៦នេះ និងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាផងដែរ។
កញ្ញា កាន់ វិច្ឆិកា អ្នកយកព័ត៌មានម្នាក់របស់ VOD ដែលបានដាក់ពាក្យប្រកួតប្រជែង ដើម្បីបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយVOAនៅថ្ងៃច័ន្ទទី២ ខែឧសភានេះថា នេះជាឱកាសមួយដ៏ល្អសម្រាប់កញ្ញា ក្នុងការពង្រីកការយល់ដឹងរបស់ខ្លួនបន្ថែមទៀត នៅក្នុងការរាយការណ៍ព័ត៌មានរបស់កញ្ញា។
«យើងដឹងហើយថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ អញ្ចឹងរបៀបនៃការបោះឆ្នោតអីផ្សេងៗ គឺពិតជាខុសប្លែកពីប្រទេសកម្ពុជាហើយ។ អញ្ចឹង ខ្ញុំគិតថា បើសិនជាខ្ញុំមានឱកាសចុះទៅសិក្សាបន្ថែមទៀត ឬទៅយកព័ត៌មានក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកតែម្ដង។ អញ្ចឹង ខ្ញុំនឹងមានឱកាសកាន់តែច្រើនក្នុងការពង្រឹងសមត្ថភាពខ្លួនឯង ឬក៏ជួយពង្រឹងសមត្ថភាពអ្នកនៅកន្លែងធ្វើការជាមួយគ្នាផ្សេងៗទៅលើការចុះទៅយកព័ត៌មានក្នុងពេលបោះឆ្នោតក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខ»។
កម្មវិធីបណ្ដុះបណ្ដាលរយៈពេល៦សប្ដាហ៍ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបានគាំទ្រ និងឧបត្ថម្ភថវិកាដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ។
លោក Jay Raman គឺជាអ្នកនាំពាក្យនៃស្ថានទូតនេះក្នុងទីក្រុងភ្នំពេញ។
«យើងមានការបោះឆ្នោតរបស់យើងផ្ទាល់នៅអាមេរិក គឺការបោះឆ្នោតជាសកលក្នុងខែវិច្ឆិកាឆ្នាំនេះ។ ដូច្នេះ តើមានពេលណាល្អជាងនេះទៀត ក្នុងការបញ្ជូនអ្នកសារព័ត៌មានខ្មែរមួយក្រុម ឲ្យទៅឃើញរបៀបដែលយើងធ្វើសេចក្ដីរាយការណ៍អំពីនយោបាយរបស់យើង ហើយសង្ឃឹមថា អ្នកសារព័ត៌មានខ្មែរទាំងនេះ នឹងទទួលបានគំនិតខ្លះ និងមេរៀនខ្លះៗ ដើម្បីឲ្យពួកគេ អាចយកមកប្រើប្រាស់នៅក្នុងការងារផ្ទាល់របស់ពួកគេក្នុងប្រទេសកម្ពុជានេះវិញ»។
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ។
អ្នកចូលរួមចំនួន១៥នាក់ដែលត្រូវបានជ្រើសរើសចេញពីសិក្ខាកាមទាំង២៥នាក់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើទស្សនកិច្ចសិក្សារយៈពេល១៥ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក ក្នុងអំឡុងខែតុលា ឆ្នាំ២០១៦ ដើម្បីអង្កេតដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក និងអនុវត្តជំនាញដែលខ្លួនបានរៀនក្នុងវគ្គនេះ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅថ្ងៃច័ន្ទទី២ ខែឧសភានេះដែរថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងជាឱកាសដ៏ល្អ សម្រាប់អ្នកសារព័ត៌មានខ្មែរ ក្នុងការសិក្សាពីរបៀបថ្មីៗនៃការយកព័ត៌មានទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដើម្បីឲ្យពួកគេ អាចរាយការណ៍បានកាន់តែល្អប្រសើរជាងមុនអំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
«អ្នកកាសែតកម្ពុជា នៅកម្ពុជាយើង គាត់ក៏នៅមានចំណេះដឹង នៅមានកម្រិតដែរ ពាក់ព័ន្ធនឹងការសរសេរ អំពីការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោត អញ្ចឹងនេះជាឱកាសល្អមែនទែន ដែលអ្នកកាសែតកម្ពុជា អាចនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកនៅពេលបោះឆ្នោតខាងមុខ»។
លោក តាំង វីដា អ្នកកាសែតម្នាក់ ដែលកំពុងបម្រើការងារឲ្យកាសែត The Khmer Times ក្នុងប្រទេសកម្ពុជា បានថ្លែងថា លោកកំពុងរៀបចំដាក់ពាក្យចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ ដើម្បីទទួលបានឱកាសពង្រឹងសមត្ថភាពរាយការណ៍ព័ត៌មានរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរ ក្នុងការរាយការណ៍ព័ត៌មានជូនដល់សាធារណៈជន អំពីការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។
«កម្មវិធីនេះ គឺជាឱកាសមួយសម្រាប់ខ្ញុំក្នុងការពង្រឹងនូវការយល់ដឹងក្នុងការយកព័ត៌មានអំពីការបោះឆ្នោតហ្នឹង ក៏ដូចជាប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយនូវដំណើរការនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកផ្ទាល់ដើម្បីចែករំលែកមកកាន់ប្រទេសកម្ពុជាយើង ដើម្បីធានានូវការបោះឆ្នោតដែលដំណើរការទៅប្រកបដោយភាពយុត្តិធម៌ក៏ដូចជាមានតម្លាភាពជាដើម»។
អ្នករៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានខ្មែរ តាមបណ្ដាញអ៊ីនធឺណិតនេះ លើកឡើងថា អ្នកកាសែតដែលត្រូវជ្រើសរើសចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះវិជ្ជាជីវៈសារព័ត៌មាន និងចាប់អារម្មណ៍ធ្វើសេចក្ដីរាយការណ៍អំពីការបោះឆ្នោត។
អង្គការសារព័ត៌មាន ICFJ ក៏បានឲ្យដឹងដែរថា ទោះបីជាប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិក ខុសគ្នានឹងប្រព័ន្ធបោះឆ្នោតនៅកម្ពុជាក៏ដោយ ក៏ពួកគេជឿជាក់ថា អ្នកកាសែតខ្មែរ នឹងទទួលបានបទពិសោធន៍ថ្មីពីការចូលរួមរបស់ពួកគេក្នុងវគ្គនេះដែរ។
លោក Babar Taimoor គឺជានាយកកម្មវិធីនៃ ICFJ ដែលជាអ្នករៀបចំវគ្គបណ្ដុះបណ្ដាលនេះ។
«អ្នកសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះ ក៏រៀនសូត្រពីអ្នកសារព័ត៌មានបរទេសដែរ ប៉ុន្តែ អ្វីដែលអ្នកកាសែតកម្ពុជា អាចទទួលបាននោះ គឺរបៀបដែលពួកគេអាចយកអ្វីដែលពួកគេបានឃើញ បានអង្កេតនិងបានរៀនសូត្រ ទៅអនុវត្តក្នុងសង្គមរបស់ពួកគេផ្ទាល់ ដោយការច្នៃវាទៅតាមតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធបោះឆ្នោតរបស់ពួកគេ»។
កាលបរិច្ឆេទនៃការដាក់ពាក្យប្រកួតប្រជែងដើម្បីចូលរួមក្នុងកម្មវិធីនេះ នឹងផុតកំណត់នៅថ្ងៃទី ៦ខែឧសភា ក្នុងសប្ដាហ៍នេះ៕
ព័ត៌មានបន្ថែមស្តីពីវគ្គបណ្តុះបណ្តាលនេះ៖ http://goo.gl/x5wRT7
ព័ត៌មានបន្ថែមស្តីពីការដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលនេះ៖ https://goo.gl/cCNBGx