ប្រទេសកម្ពុជាកំពុងមានចំនួនកុមារដែលរស់នៅតាមមណ្ឌលកុមារកំព្រាច្រើន ហើយចំនួនមជ្ឈមណ្ឌលកុមារកំព្រាក៏មានចំនួនកាន់តែកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ក៏ប៉ុន្តែ មិនមានការស្រាវជ្រាវ ឬទន្និន័យពិតប្រាកដណាមួយ អាចកំណត់ឲ្យច្បាស់ពីចំនួនកើនឡើងនេះនៅឡើយទេ។
យោងតាមការស្ទង់មតិឆ្នាំ២០១៤របស់អង្គការ Unicef កាលពីកុមារចំនួនប្រមាណ១១.០០០នាក់ កំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួន២២៨កន្លែងនៅទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ ទាំងចំនួនកុមារ និងទាំងចំនួនមណ្ឌលកុមារកំព្រានៅកម្ពុជា ត្រូវបានសន្និដ្ឋានថា មានចំនួនច្រើនជាងនេះ ដោយសារតែការស្ទង់មតិនេះមិនបានរួមបញ្ចូលចំនួនមណ្ឌលកុមារកំព្រា ដែលមិនបានចុះឈ្មោះជាផ្លូវការក្នុងបញ្ជីរបស់ក្រសួងកិច្ចការសង្គម។
ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ទំហំនៃបញ្ហានេះ សកលវិទ្យាល័យ Columbia នៅសហរដ្ឋអាមេរិក បានដឹកនាំការស្រាវជ្រាវដ៏ធំមួយនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ស្វែងយល់ឲ្យច្បាស់ពីទន្និន័យពិតប្រាកដនៃកុមារដែលរស់នៅតាមមណ្ឌលកុមារកំព្រា និងចំនួនមណ្ឌលកុមារកំព្រានៅកម្ពុជាទាំងមូល។
លោកស្រី Lindsay Stark សាស្ត្រាចារ្យខាងសុខភាព និងការធ្វើចំណាកស្រុកទាំងបង្ខំ ដែលបានដឹកនាំការស្រាវជ្រាវនេះ បានប្រាប់ VOA ថា កុមារជាច្រើននាក់មិនមែនជាកុមារកំព្រាទេ។
លោកស្រីបានបន្ថែមថា មូលហេតុចម្បងដែលជំរុញឲ្យឪពុកម្តាយរបស់កុមារទាំងនេះឲ្យកូនរបស់ពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រា ដោយសារតែពួកគេជឿថា នៅទីនោះ កូនៗរបស់ពួកគេនឹងទទួលបានឱកាសរៀនសូត្រ និងការមើលថែទាំល្អជាងរស់នៅក្រោមបន្ទុករបស់ខ្លួន ដែលភាគច្រើនស្ថិតក្នុងស្ថានភាពក្រីក្រ។
លោកស្រីថា៖«អ្វីដែលយើងព្រួយបារម្ភនោះគឺថា ការបង្កើតឲ្យមានប្រព័ន្ធពីរ ឬបន្ទាប់បន្សំ ដែលឪពុកម្តាយនាំគ្នាជឿថា កូនរបស់ពួកគេនឹងទទួលបានឱកាសល្អ ដោយចាកចេញពីការថែទាំរបស់ខ្លួន ដោយមិនខិតខំស្វែងរកដំណោះស្រាយដើម្បីចាកចេញពីភាពក្រីក្រ ដើម្បីពង្រីកឱកាសទទួលបានការអប់រំរបស់កុមារនៅកម្ពុជា»។
ការស្រាវជ្រាវនៅតាមប្រទេសផ្សេងៗជាច្រើន បានរកឃើញថា ក្នុងរយៈពេលយូរអង្វែង កុមារដែលរស់នៅក្រោមការថែទាំរបស់មណ្ឌលកុមារកំព្រានឹងប្រឈម«បញ្ហាប៉ះពាល់ដល់ប្រាជ្ញា និងបញ្ហាប្រាស្រ័យទាក់ទងក្នុងសង្គម» បើធៀបនឹងកុមារដែលរស់នៅក្រោមការថែទាំរបស់ឪពុកម្តាយ។
លោកស្រី Stark បានបកស្រាយពីផលប៉ះពាល់នេះថា៖«បញ្ហានេះនឹងប៉ះពាល់ខ្លាំងលើកុមារទាំងអស់នោះ ដែលរស់នៅតាមមណ្ឌលកុមារកំព្រា ជាពិសេសនៅពេលដែលគេធំដឹងក្តី ស្វែងរកការងារ និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នករួមចំណែកកសាងសង្គម»។
នៅក្នុងប្រទេសកម្ពុជា គេឃើញមានរបាយការណ៍ជាបន្តបន្ទាប់ទាក់ទងនឹងបញ្ហារំលោភបំពានលើរូបរាងកាយ និងខាងផ្លូវភេទរបស់កុមារ ដែលរស់នៅតាមមណ្ឌលកុមារកំព្រា។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក ហង្ស វិបុល ដែលជាប្រធានមណ្ឌលកុមារកំព្រាឈ្មោះ «ផ្ទះយើង» ដែលមានទីតាំងនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសពីបទប្រព្រឹត្តិសកម្មភាពអាសអាភាសមកលើកុមារ ដែលរស់នៅក្រោមការមើលថែទាំរបស់មណ្ឌលលោក ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងតម្រូវឲ្យសងសំណងដល់ជនរងគ្រោះ។
ក៏ប៉ុន្តែ ការស្រាវជ្រាវលើបញ្ហារំលោភបំពាន និងការកេងប្រវ័ញ្ចលើកុមារមិនត្រូវបានធ្វើឡើងជាផ្លូវការនៅឡើយទេ ដោយសារតែបញ្ហាសីលធម៌ក្នុងការស្រាវជ្រាវ។ នេះបើយោងតាមការបកស្រាយរបស់លោកស្រីសាស្ត្រាចារ្យ Lindsay Stark។
«យើងដឹងច្បាស់ណាស់ថា ការរំលោភបំពានលើកុមារពិតជាកើតមានឡើង។ ក៏ប៉ុន្តែ ការណ៍ដែលយើងទៅព្យាយាមកំណត់វិសាលភាពនៃអំពើហិង្សា និងការរំលោភបំពានទាំងនោះ នៅតាមមណ្ឌលកុមារកំព្រា ដោយទៅជួបកុមារជាជនរងគ្រោះតែមួយថ្ងៃ ហើយចាកចោលកុមារទាំងនោះ វានឹងបង្កជាបញ្ហាសីលធម៌ធ្ងន់ធ្ងរណាស់ក្នុងការស្រាវជ្រាវ»។
ក្រោយពីមានការបង្ហាញជាក្តីព្រួយបារម្ភជាបន្តបន្ទាប់ពីចំនួនកើនឡើងនៃកុមារ និងមណ្ឌលកុមារកំព្រាមក កាលពីចុងឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានចេញប្រកាសមួយ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យលើគុណភាព និងប្រព័ន្ធគ្រប់គ្រងរបស់មណ្ឌលកុមារកំព្រានៅទូទាំងប្រទេសកម្ពុជា ដោយទាមទារឲ្យមណ្ឌលកុមារកំព្រាទាំងអស់ចុះឈ្មោះក្នុងបញ្ជីជាផ្លូវការជាមួយក្រសួងសង្គមកិច្ច និងគោរពទៅតាមបទដ្ឋាននៃការថែទាំកុមារ។
លោកស្រីសាស្ត្រាចារ្យ Stark សង្ឃឹមថា លទ្ធផលនៃការប្រមូលទន្និន័យនៃចំនួនកុមាររស់នៅតាមមណ្ឌលកុមារកំព្រា និងចំនួនមណ្ឌលកុមារកំព្រានៅទូទាំងប្រទេសកម្ពុជា ដែលសកលវិទ្យាល័យ Columbia នឹងផ្សព្វផ្សាយនៅចុងខែមីនានេះ នឹងជួយដល់កិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាដៃគូរបស់ខ្លួន ដើម្បីធ្វើការរួមគ្នាលើការកែទម្រង់គោលនយោបាយស្តីពីសុខមាលភាពសង្គមដ៏មានប្រសិទ្ធភាព ដែលនៅខ្វះខាតនៅឡើយនៅកម្ពុជា៕