ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​Plan International ​ជួយកុមារ​ជនបទ​បាន​ការសិក្សា​ថ្នាក់​មត្តេយ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ត្រី​ជន​ជាតិចារ៉ាយ​​​នាំកូន​ ​និង​​ក្មួយ​​ទៅ​​រក​​អនុផល​ព្រៃឈើ​ ​ក្នុងខេត្តរតនគិរី​ (ពិន ស៊ីសុវណ្ណ VOA)

កុមារ​ក្រី​ក្រ​នៅ​ប្រទេស​កម្ពុជា​មាន​ឱកាស​តិចតួច​ណាស់​ក្នុងការ​ទទួល​បាន​ការ​សិក្សា។ កុមារ​ដែល​អភ័ព្វ​ជាង​គេ​គឺ​កុមារ​នៅ​តាម​តំបន់​ជនបទ​ដាល់​ស្រយាល​ ជា​ពិសេសកុមារ​ជនជាតិ​ដើម​ភាគតិច​នៅភូមិ​ភាគឦសាន ដូចជា​កុមារ​ក្នុង​ខេត្ត​រតនគិរី​នេះ។ ​បើមិន​មានមត្តេយ្យ​សាលា​សហគមន៍​ដែល​ផ្តូចផ្តើម​គំនិត និង​ឩបត្ថម្ភ​ដោយ​អង្គការ ​Plan International និង​សហ​ភាព​អឺរ៉ុប​ទេកុមារទាំង​នេះ​គ្មាន​ឱកាស​ស្គាល់​សាលា​រៀន​ទេ។​

លោក Jan Jaapkleirensink ​នាយក​អង្គការ Plan International ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​អំពី​សារៈ​សំខាន់​នៃ​ការ​អប់រំ​សិក្សា​ក្នុង​វ័យ​កុមារ​ ​ប្រាប់​អ្នកចូលរួម​ជិត​៥០០​នាក់​ក្នុង​ពិធី​សម្ពោធ​នៅ​ឃុំ​ម៉ាលិកស្រុក​អណ្តូងមាស ខេត្តរតន​គិរី។ លោក​និយាយ​ថា ការធ្វើ​ឲ្យ​ជីវិត​កុមារ​មាន​គុណភាពតាំងពី​ដំបូង​គឺ​ជា​ជំហ៊ាន​ដ៏​មាន​សារៈ​សំខាន់​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​សិទ្ធិ​ដ៏​មាន​អត្ថន័យ​ដទៃ​ទៀត។​

លោក Jan Jaapkleirensink នាយកអង្គការPlan International ប្រចាំនៅប្រទេសកម្ពុជា។ (ពិន ស៊ីសុវណ្ណ/VOA)
លោក Jan Jaapkleirensink នាយកអង្គការPlan International ប្រចាំនៅប្រទេសកម្ពុជា។ (ពិន ស៊ីសុវណ្ណ/VOA)

«គ្មាន​ជោគជ័យ​ក្នុង​រយៈពេល​វែង​ណាមួយ​ដែល​មិន​ឈាន​ចាប់​នូវ​ជំហាន​ដំបូង​នោះ​ទេ។ ការ​ធានា​បាន​ជំហាន​ដំបូង​របស់​កុមារ​ប្រកប​ដោយ​គុណភាព​គឺជា​ការ​ទទួលខុស​ត្រូវ​របស់​ពួក​យើង​ទាំង​អស់​គ្នា»។​

នាយក​អង្គការ​ Plan International​ ប្រចាំ​នៅ​កម្ពុជា​បាន​បន្ត​ថា៖

«ក្នុង​ពេល​៥ឆ្នាំ​កន្លង​មក​នេះ ​យើង​ឃើញ​មាន​កុមារ​អាយុ​ពី៣​ទៅ​៥​ឆ្នាំ​កើន​ឡើង​ពី​១០%​ទៅ​៣០%​ ទៅ​ចូល​រៀន​មត្តេយ្យ​សាលា។​ យើង​គិត​ថា ​នេះគឺ​ជាជោគជ័យ​ តែមាន​កិច្ចការ​ច្រើន​ទៀត​ត្រូវធ្វើ»។​

អមជា​មួយ​មត្តេយ្យ​សាលា​សហគមន៍​ ​ គម្រោង​ដែល​ឩបត្ថម្ភ​ថវិកា​ដោយសហភាព​អឺរ៉ុប​នេះ​ក៏​មាន​ធ្វើ​បង្គន់​អានាម័យ​ ​ដែលមាន​ធុង​ទឹក​ហើយ​នឹង​សាប៊ូ​សម្រាប់កុមារ​តូចៗ​ទាំងនេះ​លៀងដៃ​តាម​ការ​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ​អ្នកគ្រូ​ដែល​ត្រូវ​ចេះ​ភាសា​ជនជាតិ ​ដើម​ភាគតិច​ផង​ដែរ។​

ពិធីសម្ពោធមត្តេយ្យសាលាសហគមន៍ចំនួន៣៣ សម្រាប់ឃុំដាច់ស្រយ៉ាលចំនួន១០ ក្នុងខេត្តរតនគិរី ដែលផ្តូចផ្តើមគំនិត និងឩបត្ថម្ភដោយអង្គការPlan International និងសហភាពអឺរ៉ុប នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ (ពិន ស៊ីសុវណ្ណ/VOA)
ពិធីសម្ពោធមត្តេយ្យសាលាសហគមន៍ចំនួន៣៣ សម្រាប់ឃុំដាច់ស្រយ៉ាលចំនួន១០ ក្នុងខេត្តរតនគិរី ដែលផ្តូចផ្តើមគំនិត និងឩបត្ថម្ភដោយអង្គការPlan International និងសហភាពអឺរ៉ុប នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ (ពិន ស៊ីសុវណ្ណ/VOA)

លោក​ថង សាវុន អភិបាល​ខេត្ត​រតនគិរី​ អបអរសាទរ​គម្រោង​នេះហើយ​បាន​ប្រាប់​អ្នក​ចូលរួម​ថា ​កុមារ​ទាំងនេះ​មាន​សំណាង​ណាស់ ​ខណៈ​ដែល​អង្គការ​ជំនួយ​ចាត់ទុក​ថា កុមារ​ទាំងនេះអភ័ព្វ​ ព្រោះ​គ្មាន​សាលារៀន។​ លោក​អភិបាល​ខេត្ត​ថ្លែង​ថា កុមារ​ទាំង​នេះ​មាន​សំណាង ដោយ​លោក​ប្រៀប​ធៀប​ពួកគេ​ជាមួយ​ឪពុក​ម្តាយ​ឬ​ជីដូន​ជីតា​របស់​ពូក​គេ។​

«ប្អូនៗ ​ពិត​ជា​មាន​ឱកាស​សំណាង​ជាង​យើង​ខ្ញុំ​ ជាង​លោក​អ៊ុំ ​លោកពូ​ លោកមីង​ដែល​អង្គុយ​នៅ​ទីនេះ។ ​ប្អូនៗ​បាន​ស្គាល់អ្វី​ដែល​ថា ​ភាព​ចាប់​ផ្តើម​ដំបូង​ពី​ការ​អប់រំ»។​

ឪពុក​ម្តាយ​ឬជីដូន​ជីតា​របស់កុមារ​ទាំង​នេះ​ភាគច្រើន​ត្រូវ​កាន់​កាំភ្លើង​ក្នុង​វ័យ​សិក្ខា​ ដោយ​សារ​សង្គ្រាម​វៀតណាម​ដែល​ហៀរ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពីមាន​ការ​ទម្លាក់​គ្រាប់​បែក​លើ​ផ្លូវ​លំហូ ជីមិញ​ដែល​ឆ្លង​កាត់​ខេត្ត​រតនគិរី។​សង្គ្រាម​នោះ​នាំ​ឲ្យខ្មែរ​ក្រហម​ចូល​កាន់​អំណាច​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា​ឆ្នាំ​១៩៧៥​ ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់ត្រូវស្លាប់​ដោយ​អត់​បាយ និង​ការ​សម្លាប់​ចោល។​

លោក​អភិបាល​បាន​រំឭក​ដែរ​ថា មាន​គម្រោង​ជាច្រើន​ដែល​ត្រូវ​បរាជ័យ​វិញ​ ក្រោយ​ពី​អង្គការ​ជំនួយ​បាន​ផ្ទេរ​ការ​ទទួលខុសត្រូវ​ឲ្យ​សហគមន៍ ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​បាន​បន្ត​និរន្តរ​ភាព​នៃ​គម្រោង។ ​លោក​បាន​អំពាវនាវ​ឲ្យ​មេភូមិ មេឃុំ ជួយ​ថែរក្សា​សមិទ្ធ​ផល​ទាំង​នេះ ហើយ​សូម​ឲ្យ​អង្គការ​ Plan International ​និងស​ហភាព​អឺរ៉ុប​បន្ត​ជួយ​អង្គការ​គ្រួសារ​យើង និង​អង្គការ​បណ្តុះកុមារ ​ដើម្បីធ្វើ​ឲ្យ​គម្រោង​នេះ​មាន​និរន្តរភាព។​

«អញ្ចឹង​ស្នើ​ជួយ​ពិនិត្យ​នៅ​លើ​លទ្ធភាព​ដែល​អាច​ជួយ​បន្ត។​ ហើយ​យើង​ខ្ញុំ​នឹង​បន្តគាំទ្រ​រាល់​សកម្មភាព​គម្រោងជា​អាទិភាព​នៅ​ក្នុង​តំបន់​ ខេត្តរតនគិរី​យើង​ខ្ញុំ ​ជាមួយ​នឹង​អង្គការ ​Plan​ ក៏ដូចជា​អង្គការ​ដៃគូ​ សង្គម​ស៊ីវិល​ផ្សេងៗ ​ដែល​មាន​វត្តមាន​នៅក្នុង​ខេត្តរតនគិរី»។​ ​

លោក​ George Edgar ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប បាន​ប្រាប់​អ្នក​ចូល​រួម​ថា ​ការអប់រំ​ពីបឋម​វ័យ​នៅ​មត្តេយ្យ​សាលា​ធ្វើ​ឲ្យ​កុមារ​មាន​ឱកាស​ប្រសើរ​ឡើង​ក្នុង​ការ​សិក្សា​នៅ​បឋមសិក្សា​ មធ្យម​សិក្សា ហើយពួកគេ​មាន​សក្តានុពល​ក្នុងការ​រៀន​ជំនាញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគេ​ នៅ​ពេល​ពួក​ធំ​ពេញវ័យ។​ លោក​បន្ត​ថា ការ​អប់រំ​ក្នុង​ដំណាក់​កាល​ដំបូង​ធ្វើ​ឲ្យកុមារ​ក្លាយ​ជា​មនុស្ស​មាន​សីលធម៌​ និង​ចេះ​ជួយ​សហគមន៍។​

«ដូច​យើង​បាន​ដឹង​ហើយ​ថា ទារក​និង​កុមារ​តូច​ត្រូវឆ្លង​កាត់ការ​រៀន ​និង​ការ​វិវត្តច្រើន​ណាស់​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​គេ។ ​ដើម្បី​ធានា​ថា ​រាង​កាយ ជាពិសេស​ខួរក្បាល​របស់​កុមារ​រីក​ចម្រើន​ឲ្យ​បាន​ពេញ​លេញ កុមារ​ត្រូវការ​ការ​គាំពារ​ និង​ការ​គាំទ្រ​ ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​សំខាន់នេះ ដូចជា​អាហា​រូបត្ថម្ភ​ល្អ ទម្លាប់​អណាម័យ​ល្អ ការគាំទ្រ​ឲ្យ​មាន​សុខភាពល្អ ការ​អប់រំ​ល្អ និង​លទ្ធភាព​ទទួល​បាន​ការ​សិក្សា»។​

លោកGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ (ពិន ស៊ីសុវណ្ណ/VOA)
លោកGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។ (ពិន ស៊ីសុវណ្ណ/VOA)

លោក​រម៉ាម សេងប៊ុនលី​ជាគ្រួ​បង្រៀ​នៅ​មត្តេយ្យ​សាលាសហគមន៍នៅ​ឃុំ​ម៉ាលិក​ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ប្រាប់ VOA ថា ​ទៅ​អនាគត ​ក្មេង​ជំនាន់​ក្រោយ​ពិបាក ព្រោះ​គេ​មិន​អាច​ពឹង​លើ​អនុផល​ព្រៃឈើ និងដី​ដែល​ចេះតែ​ឡើង​ថ្លៃ​នោះ​ទេ។​

«បើសិន​ជា​ប្អូនៗ​ទាំងអស់​គ្នា​គាត់​អត់ចេះ ​ថ្ងៃក្រោយ​នឹង​យ៉ាប់​ហើយ​ ព្រោះ​គាត់​ទាំងអស់​គ្នា​អត់ចេះ។ ​ព្រោះអី​ឧទាហរណ៍​ថា ​ នៅក្នុង​ភូមិអត់​មាន​អ្នក​ចេះអក្សរ​ ហើយ​ជីវភាព​រស់នៅ​វា​នឹង​លំបាក​ ព្រោះអី​សម័យ​ហ្នឹង​អត់មាន​ដី​ ​ គេពឹង​ទៅ​លោក​ចំណេះ»។​

ក្រោយពី​ពីពិធី​កាត់​ខ្សែបូរ​សម្ពោធ​ការ​ប្រើប្រាស់​មត្តេយ្យ​សាលា​សហគមន៍​ជានិមិត្តរូប​នៃ​មត្តយ្យ​សាលា​ទាំង​៣៣​ក្នុងស្រុង​អណ្តូង​មាស ស្រុក​វើនសៃ និង​ស្រុក តាវែង លោក​ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ បានប្រាប់ ​VOA ​ថា ខណៈដែល​សហភាព​អឺរ៉ុប​កំពុង​សិក្សា​ពង្រីកគម្រោង​នេះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​នោះ ស្ថាប័ន​របស់​លោក​និង​ដៃគូ គឺ Plan International ​នឹង​នៅតែ​បន្ត​ជួយ​រក្សា​និរន្តរ​ភាព​មត្តេយ្យ​សាលា​សហគមន៍​ ដែល​សម្ពោធ​នៅ​ថ្ងៃ​ទី​៥ខែ​មេសា​នេះ។​ ​ ទោះ​ជាយ៉ាង​ណាក្តី​ លោក​សង្កត់​ធ្ងន់​ថា៖​

«យើង​រំពឹង​ថា ក្នុង​ពេល​ណាមួយ រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​នឹង​ទទួល​យក​ការងារ​នេះ​ច្រើន​ឡើង​ដើម្បី​ធានា​ថា​ ការ​ការងារ​នេះនឹង​បន្ត​និរន្តរ​ភាព»។​

លោក​ថា ប៊ុនឡត មេឃុំ​តាឡាវ ដែល​មាន​៥​ភូមិ និង​មាន​ប្រជាជន​ជាង​៥០០​គ្រួសារ​ បាន​ប្រាប់ ​VOA ​ថា កុមារ​ទាំងនេះ​មាន​ការ​យល់​ដឹង​ច្រើន​ខាង​អនាម័យ ​និង​ចេះ​ស្រឡាញ់​មិត្តភក្តិ​ ក្រោយ​ពី​បាន​ចូលរៀន ​ពីរខែ​មុន​ពិធី​សម្ពោធន៍។ ​តែលោក​ក៏បាន​លើក​ពី​ក្តី​បារម្ភ​របស់​លោក​ក្នុង​ការ​រក្សា​និរន្តរភាព​នៃ​មត្តេយ្យ​សាលា​សហគមន៍​ក្នុង​ឃុំ​របស់​លោក​ដែរ ក្រោយពី​ម្ចាស់​ជំនួយ​ដក​ខ្លួនទៅ​ពង្រីក​គម្រោង​នេះ​ក្នុង​ខេត្ត​ផ្សេង​ទៀត ព្រោះ​ប្រជាជន​ក្នុង​ឃុំ​របស់​លោក​ក្រីក្រ។​

«មត្តេយ្យសាលា​សហគមន៍​នេះ​ ​បើសិន​យើង​អាច​ដាក់​ទៅ​បាន​ យើង​ដាក់​ជា​មត្តេយ្យ​រដ្ឋដើម្បី​មាន​ការ​គាំទ្រ​បច្ចេក​ទេស ​ឬ​ជំនួយ​ពី​រដ្ឋាភិបាល»។​

អង្គការ​ Plan Internatio​nal​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០០២ ​ដោយ​ធ្វើការ​ក្នុង​ខេត្តក្រុង​ចំនួន​១៧​នៃ​ខេត្ត​ក្រុង​ទាំង​២៥។​ ប្រតិបត្តិការ​ក្នុងខេត្ត​រតនគិរី​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០១១ ​ដោយមាន​កិច្ចសហការ​ពី​សហគមន៍ ​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍​ និង​រដ្ឋាភិបាល។​

Plan Internatilnal បាន​ជួយ​កុមារ​ក្នុង​ការ​សិក្សា និង​ជួយអប់រំ​សុខភាព​ដល់​កុមារ​ជាង​៦០​ម៉ឺន​នាក់​ហើយ ជាពិសេស​កុមារ​ជនជាតិដើម​ និង​កុមារ​ក្រី​ក្រ​នៅ​ជនបទ​ដាច់ស្រយាល។ មាន​កុមារ​ជិត​១០០០​នាក់​បាន​ចូល​រៀន​ក្នុងមត្តេយ្យសាលា​របស់​គម្រោង​នេះ។

គម្រោង​នេះក៏​មាន​មត្តេយ្យសាលា​ចល័យ​ផង​ដែរ ព្រោះ​កុមារ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពីក្នុង​ភូមិ​ដាច់ស្រយាលទៅតាម​ឪពុក​ម្តាយ​ដែល​ទៅ​ធ្វើការ​ចល័ត​តាម​ចម្ការ​នៅ​ឆ្ងាយ​ពី​មត្តេយ្យ​សាលា​សហគមន៍។

VOA ​បានព្យាយាម​សម្ភាស​កុមារទាំងនេះ និង​ជនជាតិ​ដើមភាគ​តិច​ក្នុង​សហគមន៍​តែ​មិន​បាន​ទទួល​ចម្លើយ​បាន​ក្បោះ​ក្បាយ​ទេ ​ដោយសារ​នាំង​ភាសា។ ពួក​គេភាគ​ច្រើន​បាន​ត្រឹមតែ​បង្ហាញ​ទឹក​មុខ​ស្រេកអរ និងនិយាយថា សប្បាយ​ចិត្ត៕

XS
SM
MD
LG