ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ព្រមាន​ជាថ្មី​ថា​នឹង​ការពារ​ហ្វីលីពីន ក្រោយពី​នាវា​ចិន​និង​ហ្វីលីពីន​បុកគ្នា


ក្នុង​រូបថត​ដែល​ថត​ពី​វីដេអូ​និង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣​នេះ បង្ហាញពី​ការប៉ះទង្គិច​គ្នា​រវា​ងកប៉ាល់​ឆ្មាំ​សមុទ្រ​ចិន (ឆ្វេង) និង​ទូក​ឈើ​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​​មួយ​គ្រឿង​របស់​ហ្វីលីពីន (ស្តាំ) នៅ​ជិត​តំបន់ Second Thomas Shoal។ (AFP/Armed Forces of the Philippines)
ក្នុង​រូបថត​ដែល​ថត​ពី​វីដេអូ​និង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣​នេះ បង្ហាញពី​ការប៉ះទង្គិច​គ្នា​រវា​ងកប៉ាល់​ឆ្មាំ​សមុទ្រ​ចិន (ឆ្វេង) និង​ទូក​ឈើ​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​​មួយ​គ្រឿង​របស់​ហ្វីលីពីន (ស្តាំ) នៅ​ជិត​តំបន់ Second Thomas Shoal។ (AFP/Armed Forces of the Philippines)

សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ព្រមានជា​ថ្មីថា​ ខ្លួន​នឹង​ការពារប្រទេស​ហ្វីលីពីន​ ក្នុង​ករណី​ដែល​មានការ​វាយប្រហារប្រដាប់​អាវុធ​ណា​មួយ​លើ​ប្រទេសនេះ​ នៅ​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៥១​ ដែល​ខ្លួន​មាន​ជាមួយហ្វីលីពីន​។ ការ​ព្រមាននេះ​កើត​មាន​ឡើង​ក្រោយ​ពី​នាវាចិន​ បាន​បិទផ្លូវនិង​បុក​ជាមួយ​នាវា​ហ្វីលីពីន២​គ្រឿង​ ​ក្នុង​តំបន់​ជម្លោះ​ខ្ពង់រាប​បាត​សមុទ្រក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

មន្ត្រី​ការទូត​ហ្វីលីពីនបាន​កោះហៅ​មន្ត្រី​ស្ថានទូត​ចិន​មួយ​រូបក្នុង​រដ្ឋធានី​ម៉ានីល​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​ធ្វើ​ការ​តវ៉ា​ដោយ​ពាក្យ​ធ្ងន់ៗ ក្រោយ​ពី​មាន​ហេតុការណ៍​នាវា​បុក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ក្នុង​តំបន់ Second Thomas Shoal នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ គេ​ពុំ​ឃើញ​មាន​សេចក្តី​រាយការណ៍ណា​មួយ ស្តី​ពី​ការ​មាន​របួសស្នាម​លើ​មនុស្ស​ឡើយ ​ប៉ុន្តែ​មាន​ការ​ខូចខាតនាវា​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​មួយ​គ្រឿង​ និង​ទូក​ឈើ​ដឹក​សម្ភារៈ​ផ្គត់ផ្គង់មួយ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​ហ្វីលីពីន។​ នេះបើតាម​ការ​ឱ្យ​ដឹង​របស់​ក្រុម​មន្ត្រី​ហ្វីលីពីន។​

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បាន​កោះ​ប្រជុំ​បន្ទាន់មួយ​ ជាមួយ​រដ្ឋមន្តី្រ​ការពារ​ជាតិ​ហ្វីលីពីន ​និង​មន្ត្រី​យោធា​និង​សន្តិសុខ​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ ដើម្បី​ពិភាក្សា​លើភាព​ប្រទុស្តរាយក្នុង​ពេល​ថ្មីៗ​ចុង​ក្រោយ​នេះ​ ក្នុង​តំបន់​ផ្ទៃទឹក​ដែល​កំពុង​មាន​ជម្លោះ​គ្នា​នេះ។

ហ្វីលីពីន​និង​ប្រទេស​ក្បែរខាងចិន​មួយ​ចំនួន​ទៀត​ ​បានតវ៉ា​ប្រឆាំងការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក្នុង​ការ​កាន់កាប់​ស្ទើរ​ទាំង​អស់នៃ​តំបន់សមុទ្រ​ចិន​ខាង​ត្បូង​ ហើយប្រទេស​មួយ​ចំនួន​ទៀត​ ដូច​ជា​ហ្វីលីពីន​ជា​ដើម​បានស្វែង​រក​ការ​គាំទ្រ​ផ្នែក​យោធា​ពី​សហរដ្ឋអាមេរិក​ ខណៈ​ឧប្បត្តិហេតុ​កើត​មានកាន់​តែ​ច្រើន​ខ្លាំង​ឡើងៗ។

ក្រោយ​កិច្ចប្រជុំ​ជា​មួយ​ប្រធានាធិបតី រដ្ឋមន្តី្រ​ការពារជាតិ​ហ្វីលីពីន​ លោក​ Gilberto Teodoro​ ​បាន​ថ្កោលទោស​ចិន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ​បាន​ប្រើ​ប្រាស់«​ច្បាប់​ព្រៃ» ដែលធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់ក្រុម​កងនាវា​ហ្វឹកហ្វីលីពីន និង​បាន​មួល​បង្កាច់ការ​ពិត​ដើម្បី​លាក់​បំបាំង​ទង្វើ​ដ៏​គឃ្លើន​របស់​ខ្លួន។​ ​

លោក ​Teodoro ​និយាយ​ថា​ ប្រធានាធិបតី​ហ្វីលីពីន​លោក ​Marcos បាន​បញ្ជាឱ្យ​មានការ​ស៊ើបអង្កេតលើ​ការ​បុក​គ្នាក្នុងតំបន់​សមុទ្រ​នេះ​ ប៉ុន្តែ​លោកមិន​បាន​បង្ហាញពីវិធានការ​អ្វី​ ​ដែល​រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវធ្វើនោះឡើយ។​ ​

ហ្វីលីពីន​ក៏​មានផែន​ការ​នឹងលើក​ឡើង​ផង​ដែរ​ ពី​ការ​ព្រមានរបស់​ខ្លួន​ ជុំវិញ​ការធ្វើ​សមយុទ្ធនាវា​ចិន​ដ៏​គ្រោះថ្នាក់​ នៅ​ក្នុង​ជំនួប​ប្រជុំ​រវាង​ចិន​និង​ប្រទេស​សមាជិក​អាស៊ីអាគ្នេយ៍ ឬអាស៊ាន​ ​ស្តី​ពីកិច្ចព្រមព្រៀង​មិន​ឈ្លានពាន​ ដែល​ជា​ក្រម​ប្រតិបត្តិ​មួយដើម្បី​រាំងខ្ទប់​ជម្លោះ​ប្រដាប់​អាវុធដ៏​ធំ​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG