ប្រធានបទនៃសកម្មភាពគឃ្លើនដែលកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូងរបស់ចិន រាប់តាំងពីការយាយីលើនាវា និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការបញ្ចេញផែនទីដែលបង្ហាញការទាមទារដែនទឹកស្ទើរតែទាំងស្រុង មានភាពលេចធ្លោនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីដើមខែកញ្ញា។
ប៉ុន្តែ អ្នកជំនាញនិយាយថា អាស៊ានឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ ប្រទេស ដែល ប្រតិបត្តិការផ្អែកលើគោលការណ៍ជាឯកច្ឆន្ទ និងគោលការណ៍មិនជ្រៀតជ្រែកអធិបតេយ្យភាព នៅបន្តបែកបាក់គ្នា ជុំវិញការដោះស្រាយលើបញ្ហាអាកប្បកិរិយាគឃ្លើនរបស់ចិន នៅក្នុងដែនទឹកសមុទ្រចិនខាងត្រូងដែលមានជម្លោះ និងជុំវិញការស្វែងរកការគាំទ្រពីដៃគូមិនមែនអាស៊ាន។
លោក Carl Thayer សាស្ត្រាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales Canberra បានប្រាប់ VOA តាមសារអ៊ីមែលថា៖ «ភាពមិនចុះសម្រុងគ្នារបស់អាស៊ានលើទង្វើគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ បន្ទាប់ពីប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ បានបដិសេធមិនបញ្ចូលការលើកឡើងអំពីចិន នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅពេលនោះ»។
លោក Thayer បាននិយាយថា ទោះបីជាប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានឆ្នាំនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានថា សមាជិកអាស៊ានមួយចំនួនបានសម្តែងការព្រួយបារម្ភលើការទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង សកម្មភាពយោធា និងឧបទ្ទវហេតុធ្ងន់ធ្ងរនៅនៅក្នុងតំបន់នោះ ក៏មិនមានអ្វីអាស៊ានអាចធ្វើបានរូមគ្នា ដើម្បីកែប្រែ អ្វីដែលកំពុងកើតឡើង ក្រៅពីគ្រាន់តែនិយាយពីកំហុស និងបន្ទោសចិនប៉ុណ្ណោះ»។
លោក Thayer បានបន្ថែមថា៖ «ចិនអាចដាក់សម្ពាធយ៉ាងងាយស្រួលលើបណ្តារដ្ឋជាសមាជិកអាស៊ាន ដើម្បីទប់ស្កាត់ការបង្កើតភាពជាឯកច្ឆន្ទ ក្នុងការចាត់វិធានការណ៍ដោះស្រាយម៉ឺងម៉ាត់។ ប្រទេសចិនអាចប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសអាស៊ានណាមួយ ដែលព្យាយាមក្រោកឈរឡើងតទល់នឹងប្រទេសចិន»។
លោក Yulius Hermawan សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Parahyangan Catholic នៅទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ VOA Khmer តាម អ៊ីមែលថា វាគួរឱ្យបារម្ភដែលមេដឹកនាំអាស៊ានបរាជ័យក្នុងការបង្ហាញការឆ្លើយតបជាឯកច្ឆន្ទមួយទៅកាន់ប្រទេសចិន ដែលការណ៍នេះអាចឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃសមត្ថភាពរបស់ប្រទេសចិន ក្នុងការជះឥទ្ធិពលលើប្លុកអាស៊ាន»។
លោក Hermawan បាននិយាយថា៖ «មេដឹកនាំអាស៊ានដែលប្រទេសរបស់ពួកគេមិនមានពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងនោះ ជាក់ស្តែងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ»។
លោក Hermawan បានបន្ថែមថា៖ «ពួកគេបានរក្សាភាពស្ងៀមស្ងាត់ សូម្បីតែនៅពេលសមាជិកអាស៊ានខ្លះរបស់ពួកគេ បានលើកឡើងនូវការតវ៉ាខ្លាំងៗប្រឆាំងនឹងសកម្មភាពគឃ្លើនរបស់ចិននៅក្នុងទឹកដីរបស់ពួកគេ»។
ផែនទីថ្មី
កាលពីខែកក្កដា ប្រទេសចិន និងអាស៊ានបានព្រមព្រៀងគ្នាលើគោលការណ៍ជាបន្តបន្ទាប់ដើម្បីសម្រេចបង្កើតកិច្ចព្រមព្រៀងមិនឈ្លានពាន ក្នុងគោលបំណងទប់ស្កាត់ជម្លោះនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានអូសបន្លាយពេលមិនគោរពលើកិច្ចព្រមព្រៀង ដែលនឹងកំណត់សកម្មភាពរបស់ខ្លួន ដោយបង្កើនសកម្មភាពគឃ្លើននៅសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំងបានបោះពុម្ពផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន ដែលបញ្ជាក់ពីកម្មសិទ្ធិលើផ្ទៃទឹកស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលការណ៍នេះ ទាក់ទាញការតវ៉ាយ៉ាងខ្លាំងពីប្រទេសជិតខាង នេះបើយោងតាមទីភ្នាក់ព័ត៌មាន The Associated Press ។
ប្រទេសចិនបានច្រានចោលការតវ៉ាទំាងនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ការកែប្រែផែនទីនេះគឺជា «ការអនុវត្តអធិបតេយ្យភាពជាប្រចាំ ដោយអនុលោមតាមច្បាប់»។
លោក Wang Wenbin បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី៣០ ខែសីហា ថា៖ «យើងសង្ឃឹមថាភាគីពាក់ព័ន្ធអាចរក្សាគោលដៅ និងភាពស្ងប់ស្ងាត់ ហើយចៀសវាងការបកស្រាយជ្រុលអំពីបញ្ហានេះ»។
ការឆ្លើយតបមិនស្រុះគ្នា
អាស៊ាននៅតែមានការមិនស្រុះគ្នាលើរបៀបឆ្លើយតបនឹងការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូង។
ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ ជាប្រទេសទាមទារផ្លូវការប្រឆាំងនឹងប្រទេសចិន លើទឹកដីនៅសមុទ្រចិនខាងត្បូង។
ពួកគេបានបរាជ័យក្នុងការនាំសមាជិកចំនួនប្រាំមួយផ្សេងទៀត រួមមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី និងថៃ មករួបរួមគ្នា ដើម្បីលើកឡើងពីការដោះស្រាយចំពោះជម្លោះនៅសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា។
មីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញ ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១។
លោក John Ciorciari សាស្ត្រាចារ្យរងផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Michigan បាននិយាយតាមសារអ៊ីមែលមកកាន់ VOA ថា អាស៊ាននៅតែជាវេទិកាដ៏សំខាន់មួយសម្រាប់វិស័យការទូត ប៉ុន្តែ «បើគ្មានការឯកភាពគ្នាលើបញ្ហាប្រឈមសំខាន់ៗមួយចំនួនក្នុងតំបន់ទេ វាមានទម្ងន់តិចតួចណាស់ក្នុងនាមជាអង្គការសមូហភាពមួយ»។
លោក Ciorciari បានមានប្រសាសន៍ថា៖ «សមាជិកអាស៊ានដែលចង់ទប់ទល់នឹងការឈ្លានពានរបស់ប្រទេសចិននៅដែនសមុទ្រ ត្រូវតែរកមើលការគាំទ្រពីក្រៅតំបន់»។
លោក Ciorciari បាននិយាយថា ប្រទេសជាសមាជិកអាស៊ានដែលទាមទារដែនកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូងនីមួយៗ អាចបង្កើតសម្ព័ន្ធការទូត និងយុទ្ធសាស្ត្រប្រកបដោយភាពស្វាហាប់ជាងមុន ដោយទាក់ទាញតួអង្គក្រៅតំបន់ រួមទាំងបណ្តាប្រទេសនៃសម្ព័ន្ធ Quad ផងដែរ។
បង្កើតឡើងដោយសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន គោលបំណងចម្បងមួយរបស់សម្ព័ន្ធ Quad គឺដើម្បីធ្វើការសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានសេរីភាព បើកចំហ វិបុលភាព និងការរួមបញ្ចូលគ្រប់ភាគី នេះបើយោងតាម សេចក្តីថ្លែងការណ៍រួមដែលចេញដោយ លោកនាយករដ្ឋមន្ត្រី Anthony Albanese នៃប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Narendra Modi នៃប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី Fumio Kishida នៃប្រទេសជប៉ុន និងលោកប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិក ក្នុងខែឧសភា ឆ្នាំ២០២២។
លោក Ciorciari បានថ្លែងបន្ថែមថា៖ «ការណ៍នេះនាំឱ្យមានហានិភ័យច្រើន ប៉ុន្តែជម្រើសផ្សេងដែលពឹងផ្អែកលើអាស៊ាន និងការទូតទ្វេភាគីជាមួយចិន គឺច្បាស់ណាស់ជារូបមន្តសម្រាប់ការបន្តការឈ្លានពានរបស់ចិន»។
«សង្រ្គាមត្រជាក់ថ្មី»
ការទាមទារទឹកដីស្ទើរតែទំាងស្រុងរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលជាដែនសម្បូរធនធាន និងជាច្រករបៀងពាណិជ្ជកម្មពិភពលោកដ៏សំខាន់នោះ បានធ្វើឱ្យបណ្តាប្រទេសទាមទារដែនកម្មសិទ្ធិជាសមាជិកអាស៊ានទាំងបួនខឹងសម្បារ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលមានរដ្ឋសមាជិកអាស៊ាន បូករួមទាំងជប៉ុន កូរ៉េខាងត្បូង និងចិន ថា ប្រទេសនានាចាំបាច់ត្រូវ «ដោះស្រាយភាពខុសគ្នា និងវិវាទឱ្យបានសមស្រប»។
លោក Li ថ្លែងនៅក្នុងកិច្ចប្រជុំថា៖ «នាពេលបច្ចុប្បន្ននេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រឆាំងនឹងការកាន់ជើង ការប្រឈមមុខដាក់គ្នារវាងប្លុក និងសង្គ្រាមត្រជាក់ថ្មីមួយ»។
អ្នកជំនាញនិយាយថា វោហាសាស្ត្រសង្គ្រាមត្រជាក់ថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរារាំងប្រទេសអាស៊ីអាគ្នេយ៍ពីការនាំយកតួអង្គក្រៅតំបន់ដ៏មានឥទ្ធិពលនិងអំណាចចូលទៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។
លោក Thayer និយាយថា៖ «វោហាសាស្ត្រអំពីសង្រ្គាមត្រជាក់ថ្មីរបស់ចិននេះ មានប្រសិទ្ធភាពក្នុងទំនោររបស់បណ្តារដ្ឋអាស៊ាន ដែលប្រកាន់យកគោលនយោបាយមិនប្រកាន់បក្ខពួក។ ជាជាងប្រឆាំងដោយបើកចំហរជាមួយប្រទេសចិន បណ្តារដ្ឋអាស៊ានភាគច្រើនចង់ដកខ្លួន ហើយជំរុញឱ្យមានការពិភាក្សា និងមធ្យោបាយសន្តិភាពរវាងតួអង្គពាក់ព័ន្ធក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង»។
លោក Ciorciari បាននិយាយថា៖ «ការលើកឡើងរបស់ប្រទេសចិនអំពីសង្រ្គាមត្រជាក់ថ្មីមួយ គឺជាការគំរាមកំហែងយ៉ាងជាក់ស្តែង ដោយបង្ហាញថា បណ្តារដ្ឋអាស៊ីអាគ្នេយ៍នឹងត្រូវប្រឈមមុខនឹងការខាតបង់ ប្រសិនបើពួកគេ នៅខាងសហរដ្ឋអាមេរិក»។
វត្តមានអាមេរិក
ដោយដឹងពីលទ្ធភាពនៃការប្រេះស្រាំ និងជម្លោះប្រូកស៊ី (proxy) ជាថ្មីនៅក្នុងតំបន់ អាស៊ានក៏បានរៀបចំការជួបប្រជុំទូលំទូលាយជាមួយនាយករដ្ឋមន្ត្រីចិន លោក Li មេដឹកនាំនៃដៃគូក្នុងតំបន់ រួមមានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា ព្រមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ផងដែរ។
យោងតាមរបាយការណ៍សេតវិមាន អ្នកស្រី Harris បាននិយាយថា សហរដ្ឋអាមេរិក «ប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈភាពអាស៊ាន» ហើយ «បានសង្កត់ធ្ងន់ថា សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរត្រូវតែគោរពរក្សា នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង»។
សហរដ្ឋអាមេរិកមិនមានការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ប៉ុន្តែបានអះអាងថា សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ខ្លួន។
មានការប៉ាន់ស្មានថាមានប្រេងឆៅ ១១ ពាន់លានបារ៉ែល និងឧស្ម័នធម្មជាតិជាង ៥ លានលានម៉ែត្រគីប នៅក្រោមដែនទឹកនៃសមុទ្រចិនខាងត្បូង នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។ ទំនិញដែលមានតម្លៃប៉ាន់ស្មានពី ៣ ទៅ ៥ លានលានដុល្លារអាមេរិក ត្រូវបានដឹកជញ្ជូនឆ្លងកាត់សមុទ្រចិនខាងត្បូងជារៀងរាល់ឆ្នាំ ដែលស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មសរុបបស់ពិភពលោក នេះបើយោងតាមអង្គការសហប្រជាជាតិ និងប្រភពផ្សេងៗ។ ហើយជាងពាក់កណ្តាលនៃនាវានេសាទរបស់ពិភពលោក ដំណើរការនៅក្នុងដែនទឹកដែលសម្បូរដោយធនធានទាំងនេះ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន BBC៕
លោក ស៊ុន ណារិន ផ្តល់សេចក្តីរាយការណ៍បន្ថែមពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។