ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ហ្វីលីពីន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​នាវា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


រូបថត​ពី​វីដេអូ​ដែល​ផ្សាយ​ដោយ​កងទ័ព​ហ្វ៊ីលីពីន​បង្ហាញ​​ការ​បះទង្គិច​គ្នា​រវាង​​នាវា​​ផ្គត់ផ្គង់​របស់​ហ្វីលីពីន​និង​នាវា​ល្បាត​របស់​​កងឆ្មាំ​សមុទ្រ​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៣។
រូបថត​ពី​វីដេអូ​ដែល​ផ្សាយ​ដោយ​កងទ័ព​ហ្វ៊ីលីពីន​បង្ហាញ​​ការ​បះទង្គិច​គ្នា​រវាង​​នាវា​​ផ្គត់ផ្គង់​របស់​ហ្វីលីពីន​និង​នាវា​ល្បាត​របស់​​កងឆ្មាំ​សមុទ្រ​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៣។

ប្រទេស​ចិន​និង​ប្រទេស​ហ្វីលីពីន​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​នឹង​ហេតុការណ៍​ប៉ះ​ទង្គិច​នាវា​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ពេល​ដែល​នាវា​ចិន​បាន​រារាំង​នាវា​ហ្វីលីពីន​មួយ​គ្រឿង​ដែល​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ដល់​កង​កម្លាំង​នៅ​ទីនោះ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​នេះ​គឺ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ដែន​សមុទ្រ​ថ្មី​បង្អស់​មួយ​ក្នុង​ចំណោម​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដូច​នេះ​ជា​ច្រើន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជា​ពិសេស​នៅ​តំបន់​ជម្លោះ Second Thomas Shoal ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Spratly។

ប្រទេស​ហ្វីលីពីន​បាន​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​ទៅ​ឱ្យ​ទាហាន​ដែល​ឈរ​ជើង​នៅ​លើ​កប៉ាល់​ដឹក​ជញ្ជូន​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ដែល​មាន​សភាព​ច្រេះ​ចាប់​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ប្រើ​ជា​ប៉ុស្តិ៍​ជួរ​មុខ​នៅ​តំបន់ Second Thomas Shoal នោះ ដែល​ករណី​នេះ​បាន​បង្ក​ឱ្យ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​បញ្ជូន​នាវា​ជា​បន្ត​បន្ទាប់​ទៅ​រារាំង​បេសកកម្ម​របស់​ហ្វីលីពីន​នេះ។

នៅ​ក្នុង​ឧប្បត្តិហេតុ​ដែល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ចិន​បាន​និយាយ​ថា មាន «ការ​បុក​គ្នា​បន្តិចបន្តួច» រវាង​នាវា​របស់​ខ្លួន​មួយ​គ្រឿង​ជាមួយ​នឹង​នាវា​របស់​ហ្វីលីពីន​នោះ​នៅ​ពេល​ដែល​ខ្លួន​រារាំង​ដោយ «ត្រឹមត្រូវ​តាម​ច្បាប់» មិន​ឱ្យ​នាវា​ហ្វីលីពីន​នោះ​ដឹក​ជញ្ជូន «គ្រឿង​សំណង់​ខុស​ច្បាប់» ទៅ​កប៉ាល់​ទុក​ចោល​ដែល​ទាហាន​ហ្វីលីពីន​ឈរ​ជើង​នោះ។

រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឆ្លើយតប​ដោយ​ថ្កោលទោស «ក្នុង​កម្រិត​ខ្លាំង​បំផុត» លើ «ទង្វើ​រារាំង​ដ៏​គ្រោះថ្នាក់» របស់​នាវា​ចិន​នេះ។

ក្រុម​ការងារ​ពិសេស​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ទទួល​បន្ទុក​តំបន់​ភាគ​ខាង​លិច​នៃ​សមុទ្រ​ហ្វីលីពីន (Task Force for the West Philippine Sea) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា «សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់ គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​ខុស​ច្បាប់» របស់​ចិន​នេះ​គឺ​ជា «ការ​រំលោភ​លើ​អធិបតេយ្យភាព សិទ្ធិ​អធិបតេយ្យ និង​ដែន​សមត្ថកិច្ច​របស់​ហ្វីលីពីន»។

ហេតុការណ៍​ប៉ះ​ទង្គិច​នាវា​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​បេសកកម្ម​ផ្គត់ផ្គង់​ឡើង​វិញ​ជា​ប្រចាំ​របស់​នាវា​មួយ​គ្រឿង​របស់​កង​កម្លាំង​ហ្វីលីពីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ហ្វីលីពីន។

សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រទេស​ហ្វីលីពីន ដោយ​បាន​ថ្កោលទោស «ការ​បង្អាក់» របស់​ចិន​លើ «បេសកកម្ម​ផ្គត់ផ្គង់​ឡើង​វិញ​ដោយ​ស្រប​ច្បាប់​របស់​ហ្វីលីពីន» នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន​អ្នកស្រី MaryKay Carlson បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «យើង​គាំទ្រ​មិត្តភក្តិ ដៃគូ សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ហ្វីលីពីន​និង​នៅ​ក្នុង​ការ​គាំទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។

ទំនាក់ទំនង​របស់​ហ្វីលីពីន​ជាមួយ​នឹង​ចិន​មាន​លក្ខណៈ​កាន់តែ​ជូរចត់​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Ferdinand Marcos Jr.។ លោក Marcos បាន​ពង្រឹង​ការ​ប្រឡូក​របស់​យោធា​ហ្វីលីពីន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​តាំងពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​មក។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ខែ​ឧសភា​ថា​ខ្លួន​នឹង​ការពារ​ប្រទេស​ហ្វីលីពីន ប្រសិនបើ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​ហ្វីលីពីន​រង​ការ​វាយ​ប្រហារ «នៅ​កន្លែង​ណា​មួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»៕

XS
SM
MD
LG