ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បដិសេធ​មិន​ចូលរួម​សមយុទ្ធ​យោធា​អាស៊ាន​នៅ​សមុទ្រ​ចិន​ខាងត្បូង


រូបឯកសារ៖ រថយន្ត​មួយ​គ្រឿង​បើក​កាត់​ទង់ជាតិ​នៃ​ប្រទេស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​ដាក់​តាំង​នៅ​ខាង​ក្រៅ​កន្លែង​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្នុង​ក្រុង Labuan Bajo ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ រថយន្ត​មួយ​គ្រឿង​បើក​កាត់​ទង់ជាតិ​នៃ​ប្រទេស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​ដាក់​តាំង​នៅ​ខាង​ក្រៅ​កន្លែង​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្នុង​ក្រុង Labuan Bajo ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ភាគី​កម្ពុជា​បង្ហាញ​ជំហរ​បដិសេធ​មិន​ចូល​រួម​សម​យុទ្ធ​យោធា​រួម​ដំបូង​បំផុត​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ការ​រៀបចំ​ឡើងដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែលជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេសនោះទេ។

សមយុទ្ធ​យោធា​នេះ​នឹងធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨-២៥ ខែ​កញ្ញា​ខាង​មុខ​នេះ។

អគ្គ​មេបញ្ជាការ​នៃកងយោធ​ពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន ប្រាប់​វីអូអេ​តាមប្រព័ន្ធ​តេឡេក្រាម​ដោយ​សរសេរ​ជា​អក្សរនា​ថ្ងៃ​ពុធ​នេះ​ថា ​ខាង​ភាគី​កម្ពុជា​នឹង​មិន​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​ដំបូង​បំផុត​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ថា​ លោក​បាន​ផ្តល់​គោល​ការណ៍​នេះ​ទៅ​កាន់​ភាគី​ឥណ្ឌូណេស៊ី​រួច​មក​ហើយ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ហេតុផល​នៃ​ការ​សម្រេច​មិន​ចូលរួម​នេះ​ឡើយ។

លោក​លើក​ឡើង​ថា​៖ «មិន​បាន​ចូល​រួម​ទេ​ ខ្ញុំ​បាន​ផ្តល់​គោល​ការណ៍​នេះ​ទៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី​រួច​ហើយ»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ទៀ សីហា រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ និង​លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ទេ។

លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិ​បាល​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ ដោយ​ឱ្យ​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​វិញ។

គោល​គំនិត​របស់​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំនេះ ក្នុង​ការ​បង្កើត​ឱ្យ​មាន​សម​យុទ្ធយោធា​រួម​របស់​អាស៊ាន​នោះ កើត​មាន​ឡើង ​ស្រប​ពេល​ដែល​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូងបន្ត​កើត​ឡើង ហើយ​ការ​ប្រកួត​ប្រជែង​យក​ឥទ្ធិពល​នៅ​តំបន់​ឥណ្ឌូប៉ា​ស៊ីហ្វិក​រវាង​ចិន និង​សហរដ្ឋ​អាមេរិក ​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​កាន់​តែ​មាន​ភាព​ស្រួច​ស្រាល់​ទៅ​ ដោយ​សារ​មាន​ការ​ចង​ក្រង​សម្ពន្ធ​សន្តិសុខ​ជា​បន្ត​បន្ទាប់​ ដូចជា Quad និង Aukus ជាដើម។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា កាល​ដែល​ខាង​ភាគី​កម្ពុជា​សម្រេច​មិន​ចូល​រួម​សម​យុទ្ធ​យោធា​នេះ ដោយ​ហេតុ​ថា​ កម្ពុជា​មិន​ចង់​ឱ្យ​មាន​សកម្មភាព​ណា​មួយ​ដែល​ប៉ះពាល់​ទំនាក់​ទំនង​កម្ពុជា-ចិន និង​ទំនាក់​ទំនង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។ លោក​បន្ថែម​ថា​ ការ​មិន​ចូលរួម​របស់​កម្ពុជា​បង្ហាញ​ថា​ នយោបាយ​សន្តិសុខ​របស់​សហគមន៍​អាស៊ាន​មិន​ទាន់​មាន​ភាព​រឹង​មាំ​នៅ​ឡើយ ហើយ​កម្ពុជា​មិន​ចង់​ឱ្យ​បញ្ហា​ណា​មួយ​ដែល​អាច​ប៉ះ​ពាល់មិត្ត​ភាព​រវាង​កម្ពុជា និង​ចិន។

លោក​ថ្លែង​ថា៖ «​ក៏​ប៉ុន្តែ​កម្ពុជា​យើង​អាច​បញ្ចៀស​ពី​បញ្ហា​ដែល​ហៅ​ថា​អរិយភាព​នៃ​ការ​បង្កើត​ឱ្យ​មាន​ភាព​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ប្រទេស​ចិន​ដែរ​ ពីព្រោះ​កម្ពុជា​ចិន​មាន​ទំនាក់​ទំនង​ដែល​ហៅ​ថាពិសេស​។ យើង​ចូល​លក្ខណៈ​មិត្ត​ភាព​ដែក​ថែប​ ឈាន​វិវត្ត​ទៅ​រក​ត្បូង​ពេជ្រ អ៊ីចឹង​ប្រសិន​បើ​យើង​ចូល​ទៅ​ក្នុង​ជម្លោះ​នេះ​កម្ពុជា​តែង​តែ​បដិសេធ​មិន​ឱ្យ​មាន​ជម្លោះ​នេះ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ទេ។ អ៊ីចឹង​កម្ពុជា​ប្រកាន់​គោល​ការណ៍ ក៏​ជា​កិច្ច​មួយ​ល្អ​ដែរ»។

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិ​ភាព លោក រ៉ឹម សុខវី លើក​ឡើង​ថា​ប្រសិន​បើ​គោល​នយោ​បាយ​ការ​បរទេស​របស់​កម្ពុជា​ផ្តោត​ទៅ​លើ​អាស៊ាន​ពិត​ប្រាកដ​មែន កម្ពុជា​មិន​គួរ​បដិសេធ​មិន​ចូល​រួម​សម​យុទ្ធ​យោធា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​សម​យុទ្ធ​យោធា​នេះ​ វា​អាច​ជា​ឱកាស​មួយ​សម្រាប់​ផ្លាស់​ប្តូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​មួយ​ទៀត​វា​ក៏​អាច​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​របស់​កម្ពុជា​នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ទៅ​លើ​អាស៊ាន​ផង​ដែរ»។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បន្ថែម​ថា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​សមាជិក​អាស៊ាន​ដូចជា​ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ព្រុយណេ កំពុង​មាន​ភាព​តាន​តឹង​ខ្លាំង​ ជាពិសេស​ជាមួយ​វៀត​ណាម​ ដែល​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​អាច​នឹង​ជះ​ឥទ្ធិ​ពល​អវិជ្ជមាន​មួយ​ចំនួន។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​សម​យុទ្ធ​យោធា​ហ្នឹង​មាន​គោល​ដៅ​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ក្នុង​តំបន់​ ខ្ញុំ​គិត​ថា​ហ្នឹង​ជា​រឿង​ល្អ។ ...ខ្ញុំ​គិត​ថា​ប្រហែល​ជា​កម្ពុជា​ចង់​ចូល​រួម​ដែរ។ ក៏​ប៉ុន្តែ​ប្រសិន​ជា​សម​យុទ្ធ​យោធា​នេះ​ គឺ​មាន​គោល​ដៅ​បាន​ន័យ​ថា​បង្ហាញ​ពី​ឥទ្ធិ​ពល​របស់​ខ្លួន ជា​ពិសេស​នៅ​ពេល​ដែល​ចិន​កំពុង​តែ​មាន​ការ​ទាម​ទារ​ខ្លាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង អ៊ីចឹង​ខ្ញុំ​គិត​ថា​កម្ពុជា​ប្រាកដ​ជា​មិន​ចង់​ចូល​រួម»។

អគ្គ​មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ីបាន​ឱ្យ​ដឹង​កាល​ពី​ខែ​មិថុនា​ថាសមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​គ្រោង​នឹង​ចូល​សម​យុទ្ធ​យោធា​ដំបូង​រួម​គ្នា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ចាប់​ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។ ការ​ធ្វើ​សមយុទ្ធ​រួម​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សមុទ្រ Natuna ខាង​ជើង ប៉ុន្តែ​ប្រទេស​ឥណ្ឌូ​ណេស៊ី​បាន​ផ្លាស់​ប្តូរ​ទីតាំង ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ពី​សមាជិក​អាស៊ាន​មួយ​ចំនួន​អំពី​ការ​បង្ក​រឿង​ពី​សំណាក់​ប្រទេស​ចិន។ សមុទ្រ Natuna ខាង​ជើង​ក៏​ជា​ផ្នែក​នៃ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ឥណ្ឌូ​ណេស៊ី​ផង​ដែរ ប៉ុន្តែ​មាន​ការ​ទាម​ទារ​ពី​ប្រទេស​ចិន៕

XS
SM
MD
LG