ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ងាក​ទៅ​រក​វ៉េណេស៊ុយអេឡា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ថាមពល


រូបឯកសារ៖ តម្លៃ​ប្រេង​ម៉ាស៊ូត​លក់​រាយ​កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅ​ទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ តម្លៃ​ប្រេង​ម៉ាស៊ូត​លក់​រាយ​កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅ​ទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក។

គណៈប្រតិភូ​សហរដ្ឋ​អាមេរិក បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡាកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ​នៅ​ក្នុង​រដ្ឋធានានីការ៉ាកាស​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ដើម្បី​ចារចា​ដែល​រួមមាន​ការពិភាក្សា​នៃ​ការផ្គត់ផ្គង់​ថាមពល។ នេះ​ បើតាម​ការបញ្ជាក់​របស់​អ្នក​នាំពាក្យ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ស្វែង​រក​មធ្យោបាយ​ដើម្បីកាត់បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី។ នេះ​ បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ក៏​បាន​និយាយ​ថា ខ្លួន​ក៏​បាន​ជួប​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​អាមេរិក​ផង​ដែរ​ ដែល​បាន​ធ្វើ​ដំណើរ​មកកាន់​រដ្ឋធានី​ការ៉ាកាស​ ក្នុងគោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ីកាន់​តែ​ឯកកោ​ជុំវិញ​ការចូល​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro ដែលរបប​របស់​លោក​ត្រូវ​បាន​សហរដ្ឋ​អាមេរិក កាត់ផ្តាច់​ទំនាក់​ទំនង​ការទូត​កាល​ពី​ឆ្នាំ២០១៩នោះ ​ជា​ឥស្សរជនអន្តរជាតិ​មួយ​ក្តាប់​តូចដែល​ផ្តល់​ការគាំទ្រ​ដ៏​ខ្លាំងលើ​ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ក្នុង​ការចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យសេតវិមាន​លោក​ស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «ពាក់ព័ន្ធ​នឹង​វ៉េណេស៊ុយអេឡា គោលបំណង​នៃ​ការធ្វើ​ដំណើរ​នោះ​ គឺ​ថា ក្រុម​មន្ត្រី​រដ្ឋបាល​អាមេរិក បាន​ពិភាក្សា​គ្នាពី​បញ្ហា​មួយ​ចំនួន​ដែល​រួម​មាន​វិស័យ​ថាមពល​ និង​សន្តិសុខ​ថាមពល»។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Maduro បាន​បញ្ជាក់ពី​ជំនួប​ជាមួយ​ភាគី​អាមេរិកនៅ​ក្នុង​ការថ្លែង​តាម​ទូរទស្សន៍កាល​ពី​យប់​ថ្ងៃ​ចន្ទ ដោយ​បាន​ពណ៌នា​កិច្ចប្រជុំ​នោះ​ថា មាន​ភាព​«ការទូត រាក់ទាក់​ និង​គោរព​គ្នា​ទៅវិញ​ទៅមក» ដោយ​លោក​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​ពី​បញ្ហា​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សាគ្នា​នោះ​ទេ។

លោក​បន្ថែម​ទៀត​ថា «យើង​បាន​ជួបពិភាក្សា​នៅ​ការិយាល័យប្រធានាធិបតី​ ហើយ​ជំនួប​នោះ​ មានរយៈពេល​ជិត​២ម៉ោង»។

បើ​តាម​ការចេញផ្សាយ​របស់​កាសែត The New York Times បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក ​និង​សេតវិមាន​នោះ មាន​ជាប់​ទាក់ទិន​នឹង​ផលប្រយោជន៍របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​ការទិញ​ប្រេងពី​វ៉េណេស៊ុយអេឡា​ ជំនួស​ឲ្យ​ការទិញ​ប្រេងពី​រុស្ស៊ីដែល​អាមេរិក ​បាន​ឈប់ទិញប្រេង​ពី​វ៉េណេស៊ុយអេឡា​កន្លង​មក៕

XS
SM
MD
LG