ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ពែក្ស ធ្វើ​ទស្សនកិច្ច​នៅ​ចិន ចំពេល​មាន​ក្ដីបារម្ភ​រឿង​សន្តិសុខ​ថាមពល


រូបឯកសារ៖ កន្លែង​បូមប្រេង​មួយ​កន្លែង នៅ​តំបន់ Sakhir នៃ​ប្រទេស​បារ៉ែន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
រូបឯកសារ៖ កន្លែង​បូមប្រេង​មួយ​កន្លែង នៅ​តំបន់ Sakhir នៃ​ប្រទេស​បារ៉ែន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​សម្បូរ​ប្រេង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស​ បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ ស្របពេល​ដែល​ភាព​ចលាចល​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ថាមពល​របស់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​អារ៉ាប៊ីសាអូឌីត កូវ៉ែត អូម៉ង់ និង​បារ៉ែន និង​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​បណ្ដា​ប្រទេស​អារ៉ាប់​ជាប់​ឈូង​សមុទ្រ​ពែក្ស (GCC) លោក Nayef bin Falah al-Hajrah នឹង​ស្ថិត​នៅ​ប្រទេស​ចិន​រហូត​ដល់​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ នេះ ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន។

ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ដែល​ជា​ប្រទេស​សម្បូរ​ដោយ​ប្រេង​ និង​ឧស្ម័ន បាន​បង្ក​ឲ្យ​ចិន​មាន​ការ​ព្រួយបារម្ភ។ ចិន​ បាន​វិនិយោគ​យ៉ាងច្រើន​មហិមា​ជា​យូរ​មក​ហើយ​នៅ​ក្នុង​វិស័យ​ថាមពល​នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ធ្វើ​សកម្មភាព​ការទូត​មួយ​ចំនួន ដែល​ក្នុង​នោះ ​រួម​មាន​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទ្វីប​អាហ្វ្រិក ប្រទេស​ម៉ាល់ឌីវ និង​ប្រទេស​ស្រីលង្កា​ផងដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ដោយ​មើលឃើញ​នូវ​ក្ដី​រំពឹងទុក​នៃ​ការ​អភិវឌ្ឍ​ដ៏​ធំ​ទាំងនេះ ប្រទេស​ចិន​ជឿ​ថា ដំណើរ​ទស្សនកិច្ច​នេះ...នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ចិន​ និង​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​បណ្ដា​ប្រទេស​អារ៉ាប់​ជាប់​ឈូង​សមុទ្រ​ពែក្ស និង​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​គាប់​ប្រសើរ​ពី​កិច្ច​ពិភាក្សា​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ និង​ក្រុមប្រឹក្សា​នេះលើ​ផ្នែក​ជាច្រើន»។

លោក Wenbin បាន​បន្ថែម​ទៀត​ថា៖ «យើង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​រួមគ្នា​ឲ្យ​បាន​ខ្លាំងក្លា​ជាមួយ​គ្រប់​ភាគី​ទាំងអស់​នៃ​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​បណ្ដា​ប្រទេស​អារ៉ាប់​ជាប់​ឈូង​សមុទ្រ​ពែក្ស បន្ត​សម្រេច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​រួម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​ថ្មី​មួយ»៕

XS
SM
MD
LG