នៅពេលដែលប្រទេសរុស្ស៊ី បញ្ជូនកងទ័ពចូលក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន ពួកអ្នកជំនាញបានព្រមានថា ការរំពឹងថានឹងមានសង្គ្រាមបាញ់ប្រហារកើតមានឡើងនៅក្នុងតំបន់អឺរ៉ុប គួបផ្សំជាមួយការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីផងនោះ ទំនងជាបណ្តាលឲ្យមានអស្ថិរភាពនៅទីផ្សារថាមពលដែលអាចធ្វើឲ្យតម្លៃកាន់តែឡើងខ្ពស់ទាំងប្រេងសាំងនិងឧស្ម័នធម្មជាតិ។
ដោយសារតែរុស្ស៊ីជាប្រទេសផលិតប្រេងនិងឧស្ម័នធម្មជាតិដ៏ធំបង្អស់មួយរបស់ពិភពលោកនោះ ការបង្អាក់ទិន្នផលនេះ បើទោះបីជាកើតឡើងដោយផលវិបាកដោយអចេតនានៃសកម្មភាពខាងយោធាឬជាការឆ្លើយតបដល់ការដាក់ទណ្ឌកម្មអន្តរជាតិនោះ អាចមានផលប៉ះពាល់យ៉ាងខ្លាំងលើតម្លៃថាមពល។
តម្លៃប្រេងសាកលលោក មានលក្ខណៈរសើបខ្លាំងបំផុតដល់ការបង្អាក់ការផ្គត់ផ្គង់។ នេះបើតាមលោក Ed Hirs អ្នកស្រាវជ្រាវខាងថាមពលនៅឯសាកលវិទ្យាល័យ Houston សហរដ្ឋអាមេរិក។
លោក Hirs បានប្រាប់វីអូអេថា៖ «រុស្ស៊ីបាននាំចេញប្រេងប្រហែល៤លាន៥សែនធុនក្នុងមួយថ្ងៃទៅកាន់ទីផ្សារសាកលលោកដែលមានប្រេងប្រហែល១០០លានធុងក្នុងមួយថ្ងៃៗ។ ប្រសិនបើប្រេងមួយលានធុង ត្រូវគេដកចេញពីទីផ្សារនោះ ទោះបីដោយសារសង្គ្រាមឬពីព្រោះតែការដាក់ទណ្ឌកម្មឬក៏ដោយគ្រោះមហន្តរាយណាមួយដែលទាក់ទិននឹងរុស្ស៊ីនៅវាលអណ្តូងប្រេងនៅពេលដែលសង្គ្រាមកើតមានឡើងនោះ យើងនឹងរំពឹងឃើញតម្លៃប្រេងកើនឡើងពី២០ទៅ២៥ភាគរយ។ ការណ៍នេះមានន័យថា តម្លៃប្រេងសាំងលក់រាយ នឹងឡើងថ្លៃពី៥០ទៅ៧៥សេនក្នុងមួយGallon។
នៅពេលដែលការតានតឹង បានកើនឡើងនៅប្រទេសអ៊ុយក្រែនក្នុងរយៈពេលបីបួនខែកន្លងមកនេះ តម្លៃប្រេងបានឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងដោយការឡើងថ្លៃយ៉ាងខ្លាំង។ កាលពីថ្ងៃអង្គារម្សិលមិញ តម្លៃប្រេងឆៅមានជាង៩៦ដុល្លារក្នុងមួយធុង ដែលឡើងពី៧០ដុល្លារក្នុងមួយធុងកាលពីដើមខែធ្នូ។
កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ ពួកមេដឹកនាំនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប បានចាប់ផ្តើមប្រកាសបញ្ជីនៃវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ភាគច្រើននៃការដាក់ទណ្ឌកម្មនេះសំដៅលើធនាគារនិងជនជាតិរុស្ស៊ីដែលមានប្រាក់ ហើយមិនបានចាត់វិធានការដោយផ្ទាល់ប្រឆាំងនឹងវិស័យថាមពលរបស់រុស្ស៊ីនោះទេ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាសនូវវិធានការមិនធម្មតាមួយ ដោយលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងមិនអនុញ្ញាតឲ្យបំពង់បង្ហូរប្រេងដ៏ចម្រូងចម្រាស Nord Stream 2 ដែលបង្ហូរឧស្ម័នធម្មជាតិដោយផ្ទាល់ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម់ង់នៅក្រោមបាតសមុទ្របាល់ទិកបើកដំណើរការនោះទេ។
ដោយសារតែបំពង់បង្ហូរឧស្ម័ននេះ មិនមានប្រតិបត្តិការ ការប្រកាសនេះ មិនមានឥទ្ធិពលដល់ការផ្គត់ផ្គង់ថាមពលនៅពេលបច្ចុប្បន្ននេះទេ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសរសើរការសម្រេចផ្អាកការអនុម័តឲ្យប្រើបំពង់បង្ហូរឧស្ម័ននេះ ថាជាវិធានការសំខាន់មួយនៅក្នុងការបំបែកការពឹងផ្អែកខាងថាមពលរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី ហើយបាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តបង្កើនការដឹកជញ្ជូនឧស្ម័នធម្មជាតិដើម្បីជំនួសដល់ការបាត់បង់ការផ្គត់ផ្គង់មកពីប្រទេសរុស្ស៊ី៕