នៅថ្ងៃសុក្រនេះ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បានជួបជាមួយសមភាគីតួកគី នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឱ្យមានការដោះលែងលោក Andrew Brunson អ្នកផ្សព្វផ្សាយគ្រិស្តសាសនាអាមេរិកាំងដែលអាជ្ញាធរតួកគី បានចោទប្រកាន់ថាបានគាំទ្រភេរវកម្ម។
រដ្ឋបាល ត្រាំ បានដាក់ទណ្ឌកម្មលើពួកមន្ត្រីតួកគី ដោយសារការចាប់ឃុំឃាំងលោក Brunson។ ប្រទេសតួកគីបាននិយាយថា ការដាក់ទណ្ឌកម្មទាំងនេះជាការមិនអាចទទួលយកបានទេ។
លោក Pompeo និងលោក Mevlut Cavusoglu បានជួបជំនុំគ្នានៅខាងក្រៅការប្រជុំមួយនៃពួករដ្ឋមន្ត្រីក្នុងតំបន់នៅក្នុងប្រទេសសិង្ហបុរី។
លោក Pompeo បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតដែលធ្វើដំណើរជាមួយលោកនៅមុនជំនួបនោះថា ស.រ.អា.បានព្រមានប្រទេសតួកគី ថា “ពេលវេលាជិតអស់ហើយ ហើយដល់ពេលត្រូវដោះលែងលោក Brunson និងបញ្ជូនលោកទៅស.រ.អា.វិញ»។
អ្នកការទូតកំពូលស.រ.អា.រូបនេះបានមានប្រសាសន៍ថា «លោក Brunson ត្រូវការវិលត្រឡប់ទៅផ្ទះវិញដូចជនជាតិអាមេរិកាំងទាំងអស់ដែលបានត្រូវឃុំឃាំងដោយរដ្ឋាភិបាលតួកគី។
រដ្ឋាភិបាលតួកគីបានឃុំឃាំងជនទាងនេះយូរមកហើយ។ ពួកគេជាមនុស្សស្លូតត្រង់គ្មានទោសពៃរ៍អ្វីទេ។ តួកគីក៏បានឃុំឃាំងបុគ្គលិកក្នុងស្រុកបីនាក់នៅឯស្ថានកុងស៊ុលស.រ.អា.ក្នុងក្រុងអ៊ីស្តង់ប៊ុលផងដែរ៕