ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថាការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតតំណាងរាស្រ្តនឹងត្រូវធ្វើឡើងមុនការកំណត់ជាងមួយឆ្នាំ ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជារបបប្រធានាធិបតីនិយម និងដើម្បីដោះសា្រយបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។
លោកប្រធានាធិបតី Erdogan កាលពីថ្ងៃពុធបាននិយាយថា ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៤ខែមិថុនាក្នុងឆ្នាំនេះ ជំនួសឲ្យការកំណត់នៅក្នុងវិច្ឆិកាឆ្នាំ២០១៩។
លោក Erdogan បានចេញសេចក្តីប្រកាសដូច្នេះ បន្ទាប់ពីបាននិយាយជាមួយនឹងមេដឹកនាំគណបក្សជាតិនិយម លោក Devlet Bahceli ជាអ្នកដែលធ្លាប់បានស្នើឲ្យមានការបោះឆ្នោតនៅមុនការកំណត់។
លោក Erdogan បានថ្លែងតាមស្ថានីយ៍ទូរទស្សន៍ថា «បើទោះបីជាទាំងប្រធានាធិបតី និងរដ្ឋាភិបាលកំពុងធ្វើការរួមគ្នាយ៉ាងណាក៏ដោយ ក៏ផលវិបាកនៃប្រព័ន្ធរបបសភានិយមនេះតែងតែរារាំងរាល់វិធានការណ៍ដែលយើងអនុវត្ត»។
ប្រទេសតួកគីកំពុងផ្លាស់ប្តូរប្រព័ន្ធសភាឲ្យស្ថិតនៅក្រោមប្រធានាធិបតី ដែលការណ៍នេះនឹងបង្កើនអំណាចដល់ប្រធានាធិបតី។
រដ្ឋាភិបាលតួកគីធ្លាប់បានបដិសេធការស្នើឲ្យបោះឆ្នោតមុនពេលកំណត់ ប៉ុន្តែលោក
Erdogan បានទទួលជ័យជម្នះយ៉ាងប្រកៀកប្រកិតពីការធ្វើប្រជាមតិកាលពីឆ្នាំមុន ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងបង្កើតរបបប្រធានាធិបតីនិយម។ ការបន្ថែមអំណាចដល់ប្រធានាធិបតីនឹងចាប់ផ្តើមមានប្រសិទ្ធភាពបន្ទាប់ពីការបោះឆ្នោតក្នុងខែមិថុនា៕