គណៈប្រតិភូបារាំងនៃគណបក្សកុម្មុយនិស្ត ដោយរួមទាំងសមាជិកព្រឹទ្ធសភាម្នាក់ផងនោះ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសតួកគីកាលពីថ្ងៃអាទិត្យ ខណៈដែលព្យាយាមសង្កេតការណ៍លើការបោះឆ្នោតជ្រើសរើសសមាជិកសភានិងប្រធានាធិបតីនៅទីនោះ។ នេះបើយោងតាមការប្រកាសរបស់គណបក្សនេះ។
សេចក្តីថ្លែងការណ៍មួយរបស់គណបក្សកុម្មុយនិស្តបានឲ្យដឹងថា «អាជ្ញាធរតួកគីចង់បំបាត់រាល់ការរិះគន់លើការបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរដែលកំពុងតែប្រព្រឹត្តទៅ»។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា លោកសមាជិកព្រឹទ្ធសភា Christine Prunaud ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួនផងដែរ។
បណ្តាញសារព័ត៌មាន Anadolu របស់រដ្ឋក្នុងប្រទេសតួកគីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជនជាតិអឺរ៉ុបប្រមាណ១០នាក់ត្រូវប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដែលរួមទាំងជនជាតិបារាំងបីនាក់ ជនជាតិអាល្លឺម៉ង់បីនាក់ និងជនជាតិអ៊ីតាលីបួននាក់ផងដែរ ដែលត្រូវបានចោទប្រកាន់ថាធ្វើសកម្មភាពដូចជាអ្នកសង្កេតការណ៍បោះឆ្នោតដោយគ្មានការទទួលស្គាល់ជាផ្លូវការ នៅក្នុងតំបន់ប៉ែកអាគ្នេយ៍ដែលសំបូរទៅដោយពួកឃឺដ។
គណបក្សសាធារណរដ្ឋប្រជាជនដែលជាគណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសតួកគីសម្តែងការព្រួយបារម្ភចំពោះតួលេខពាក្យបណ្តឹងនៃការបំពានការបោះឆ្នោតនៅប៉ែកអាគ្នេយ៍នេះ។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ បាននាំមុខគេយ៉ាងប្រកៀកប្រកិតនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលទើបតែត្រូវបានគេរាប់សន្លឹកឆ្នោតបានប្រមាណ៦០ភាគរយ។ លោក Erdogan កំពុងតែព្យាយាមកាន់អំណាចម្តងទៀត ខណៈដែលប្រឈមនឹងគណបក្សប្រឆាំងដ៏ខ្លាំងក្លានិងសេដ្ឋកិច្ចដែលធ្លាក់ចុះខ្សោយ។
នេះជាលើកទីមួយហើយដែលពលរដ្ឋតួកគីបោះឆ្នោតជ្រើសរើសទាំងប្រធានាធិបតីនិងសមាជិកសភា នៅក្នុងការបោះឆ្នោតដែលមិនអាចសង្ឃឹមទុកជាមុនបាន ហើយលោក Erdogan កំពុងស្វែងរកជ័យជម្នះជាថ្មីទៀតសម្រាប់គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍របស់លោក ក្រោយពីលោកកាន់តំណែងអស់រយៈពេល១៥ឆ្នាំហើយនោះ។
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោក Erdogan ទទួលបានជ័យជម្នះជិត៥៦ភាគរយ ហើយគូប្រជែងធំរបស់លោក គឺលោក Muharrem Ince នៃគណបក្សសាធារណរដ្ឋប្រជាជនទទួលបានសម្លេងឆ្នោតគាំទ្រ២៩ភាគរយ។ នេះបើយោងតាមបណ្តាញសារព័ត៌មាន Anadolu របស់រដ្ឋ ដោយផ្អែកទៅការរាប់សន្លឹកឆ្នោតបាន៦០ភាគរយ៕