បេសកកម្មសង្កេតការណ៍បោះឆ្នោតមួយកាលពីថ្ងៃចន្ទ បានរកឃើញថា ថ្វីត្បិតតែអ្នកបោះឆ្នោតទទួលបានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដ៏ពិតប្រាកដមួយនៅប្រទេសតួកគី ដែលលោកប្រធានាធិបតី Recep Tayyip Erdogan បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក៏ដោយ ក៏ស្ថានភាពធ្វើយុទ្ធការឃោសនាបោះឆ្នោតមិនមានលក្ខណៈស្មើភាពគ្នានោះទេ។
អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍បឋមមួយកាលពីថ្ងៃចន្ទ ថា លោកប្រធានាធិបតីបច្ចុប្បន្ន «មានប្រៀបជាង រួមទាំងការទទួលបានការផ្សព្វផ្សាយព័ត៌មានយ៉ាងច្រើនលើសលប់លើប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋនិងឯកជនដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាល»។
ក្រោយមក នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ អ្នកស្រី Federica Mogherini អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបនិងលោក Johannes Hahn ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយអឺរ៉ុបនិងការពង្រីកការចរចា បាននិយាយយោងទៅលើលទ្ធផលនៃការសង្កេតការណ៍របស់បេសកកម្មនេះ និងបានបដិសេធមិនអបអរសាទរលោកប្រធានាធិបតីតួកគីទេ ហើយក៏មិនបាននិយាយឈ្មោះលោកប្រធានាធិបតីតួកគីឲ្យចំដែរ។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា «ការបោះឆ្នោតនេះបង្ហាញពីប្រព័ន្ធប្រធានាធិបតីថ្មីមួយ ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យដែលកាន់តែចុះដុនដាបរបស់តួកគី ដូចដែលបានលើកឡើងដោយក្រុមប្រឹក្សា Venice Commission ពាក់ព័ន្ធនឹងការពិនិត្យមើលទៅលើឥទ្ធិពលដែលអាចប៉ះពាល់ដល់ការបោះឆ្នោត»៕