លោក Sergey Lavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិយាយថា ការវាយប្រហារតាមអាកាសលើប្រទេសស៊ីរីដែលធ្វើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងកាលពីថ្ងៃទី១៤ ខែមេសាគឺជាការរំលោភលើច្បាប់អន្តរជាតិនិងបង្ហាញថា មហាអំណាចលោកខាងលិចកំពុងព្យាយាមបំផ្លាញដំណើរការសន្តិភាព។
លោក Lavrov បាននិយាយដូច្នេះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីធ្វើកិច្ចប្រជុំនៅទីក្រុងមូស្គូជាមួយសមភាគី អ៊ីរ៉ង់និងតួកគីរបស់លោក។ លោកបាននិយាយថា ការព្យាយាមនេះធ្វើឱ្យមានអស្ថិរភាព និង ជំរុញឱ្យក្រុមជ្រុលនិយមនៅស៊ីរីបន្តការតស៊ូប្រដាប់អាវុធរបស់ពួកគេ។ លោក Lavrov និងសមភាគីរបស់លោកបាននិយាយថា ពួកគេយល់ស្របថា បូរណភាពទឹកដីរបស់ប្រទេសស៊ីរីគួរតែត្រូវបានគោរព ហើយបានចោទប្រកាន់ថា អាមេរិកមានផែនការកំណែទម្រង់តំបន់មជ្ឈិមបូព៌ានិងបំបែកប្រទេសស៊ីរីជាផ្នែក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javid Zarif បាននិយាយថា មិនមានដំណោះស្រាយខាងយោធាចំពោះវិបត្តិនៅស៊ីរីនោះទេ។
លោកក៏បាននិយាយផងដែរថា អ៊ីរ៉ង់ថ្កោលទោសការប្រើអាវុធគីមី ហើយសង្ឃឹមថាការស៊ើបអង្កេតលើការវាយប្រហារដោយរដ្ឋាភិបាលស៊ីរីល លើប្រជាជនខ្លួនឯងនឹងបង្ហាញការណ៍ពិត។ លោក Mevlut Cavusogluរដ្ឋមន្ត្រីការបរទេសតួកគី ក៏បាននិយាយដែរថា ប្រទេសរបស់លោកគាំទ្រដល់បូរណភាពដែនដីរបស់ស៊ីរី ហើយជាមួយសម្ព័ន្ធមិត្តអ៊ីរ៉ង់និងរុស្ស៊ី ហើយសង្ឃឹមថា ទីបំផុតនឹងមានដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ៕