ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា៖ ​គ្មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ការស៊ើប​អង្កេត​របស់​ ICC ​អំពី​ការ​ចោទ​ប្រកាន់​ស្តី​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​​​នៅ​អាហ្វហ្គានីស្ថាន​ទេ


ប្រធាន​ក្រុម​ជំនុំ​ជម្រះ​ Robert Fremr (កណ្ដាល) ឈរ​នៅ​ក្នុង​សាល​សវនាការ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​ពេល​សន្និដ្ឋាន​លើ​ការ​កាត់​ទោស​អតីត​ស្ដេច​ត្រាញ់ជន​ជាតិ​កុងហ្គោ Bosco Ntaganda នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ខែ​សីហា ២០១៨។
ប្រធាន​ក្រុម​ជំនុំ​ជម្រះ​ Robert Fremr (កណ្ដាល) ឈរ​នៅ​ក្នុង​សាល​សវនាការ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ក្នុង​ពេល​សន្និដ្ឋាន​លើ​ការ​កាត់​ទោស​អតីត​ស្ដេច​ត្រាញ់ជន​ជាតិ​កុងហ្គោ Bosco Ntaganda នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ខែ​សីហា ២០១៨។

ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​នឹង​ប្រកែក​មិន​ព្រម​ធ្វើកិច្ច​សហ​ប្រតិបត្តិការ​«ក្នុង​វិធី​ណា​ក៏​ដោយ»​ជាមួយតុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ឡាអេ​ ប្រសិន​បើ​តុលាការ​នេះ​ធ្វើការ​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ប្រកាន់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កង​យោធា​និង​ពួក​បុគ្គលិក​ខាង​ការ​ស៊ើបការ​សម្ងាត់​ស.រ.អា.។

លោក ​John Bolton​ ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​បាន​និយាយ​ប្រាប់​សមាគម​សហព័ន្ធ​និយម​ដែល​ជា​ពួក​អភិរក្ស​និយម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ​តុលាការ​នេះ​មិន​គួរ​មាន​យុត្តាធិការ​លើ​ជន​ជាតិ​អាមេរិកាំង​ឬ​ប្រជារាស្ត្រ​មក​ពី​ប្រទេស​ជាតិ​ឯ​ទៀតៗ​ដែល​មិន​បាន​ផ្តល់​សច្ចានុម័ត​ដល់​សន្ធិ​សញ្ញា​ដែល​បាន​បង្កើត​តុលាការ​នេះ​កាល​ពី​ឆ្នាំ​២០០២​ទេ។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​លោក ​Bolton ក៏​បាន​ប្រកាស​ថា​ ក្រសួង​ការ​បរទេស​ស.រ.អា.​បិទ​ការិយាល័យ​របស់អង្គការ​រំដោះ​ប៉ាឡេស្ទីន​ នៅ​ក្នុង​រដ្ឋធានី​ ប៉ាឡេស្ទីន​ ជា​ការ​ឆ្លើយ​តប​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​ប៉ាឡេស្ទីន​ ក្នុង​ការ​ឱ្យ​តុលាការ​នេះ​ចោទ​ប្រកាន់​សកម្មភាព​របស់​អ៊ីស្រាអែល​ និង​ដោយ​សារ​ពួក​ប៉ាឡេស្ទីន​ បាន​ច្រាន​ចោល​កិច្ច​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​រដ្ឋ​ជ្វីស​ ​អំពី​សន្ធិសញ្ញា​សន្តិភាព​មួយ។​

រដ្ឋបាល​ ត្រា​ បាន​ប្រកាស​ជា​ដំបូង​ថា​ខ្លួន​នឹង​បិទ​ការិយាល័យ​អង្គការ​ PLO កាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយសារ​អង្គការ​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​តុលាការ​ ICC ស៊ើប​អង្កេត​អំពី​ប្រទេស​អ៊ីស្រាអែល​ ក៏​ប៉ុន្តែ​នៅ​ពេល​បន្ទាប់​មក​បាន​ប្រែ​ក្រឡះ​សេចក្តី​សម្រេច​របស់​ខ្លួន។​

លោក Mahmoud Abbas ប្រធានាធិបតី​ប៉ាឡេស្ទីន​ បាន​សុំ​ឱ្យតុលាការ​អន្តរជាតិ​នេះ​ស៊ើប​អង្កេត​និង​ចោទ​ប្រកាន់​ពួក​មន្ត្រីអ៊ីស្រាអែល​ អំព«ការ​ទាក់​ទិន​របស់​ពួក​គេ​ក្នុង​សកម្មភាព​តាំង​លំនៅ​ដ្ឋាន​ពួក​ជន​ជាតិ​ជ្វីស​ ក្នុង​ដែនដី​ ប៉ាឡេស្ទីន​ និង​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​ប្រជារាស្ត្រ​យើង»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG