រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងគំរាមដាក់ទណ្ឌកម្មនៅថ្ងៃចន្ទនេះ ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ទាហាន និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកាំងប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សេចក្ដីព្រាងសុន្ទរកថាដែលទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton គ្រោងនឹងថ្លែងនៅពីមុខអង្គការ Federalist Society នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ មានគោលជំហរតឹងតែងប្រឆាំងនឹងតុលាការ ICC។ សេចក្ដីព្រាងនោះបានបញ្ជាក់ថា តុលាការ ICC គ្មានយុត្តាធិការលើបុគ្គលដែលមកពីសហរដ្ឋអាមេរិក ឬក៏ប្រទេសណាដែលមិនបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាដែលបង្កើតតុលាការនេះឡើងនោះទេ។
តុលាការ ICC បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនកាលពីឆ្នាំ ២០០២ និងត្រូវបានរៀបចំឡើងក្នុងនាមជាស្ថាប័នអចិន្ត្រៃយ៍ និងឯករាជ្យពីរដ្ឋាភិបាលផ្សេងៗ នៅពេលដែលតុលាការនេះស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍។
សេចក្ដីព្រាងរបស់លោក Bolton នេះ បានសរសេរថា សហរដ្ឋអាមេរិកនឹងមិនសហការជាមួយនឹងតុលាការ ICC នោះទេ ហើយប្រសិនបើតុលាការ ICC ស៊ើបអង្កេតលើសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នោះរដ្ឋបាលរបស់លោក Trump នឹងពិចារណាដាក់ទណ្ឌកម្មហាមប្រាមការធ្វើដំណើរ បង្កកទ្រព្យសម្បត្តិ និងអាចកាត់ទោសចៅក្រម និងរដ្ឋអាជ្ញាណាដែលពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតនេះនៅក្នុងតុលាការនៅសហរដ្ឋអាមេរិក។
កាលពីឆ្នាំមុន លោក Fatou Bensouda រដ្ឋអាជ្ញាតុលាការ ICC បានស្នើឲ្យមានការផ្ដល់សិទ្ធិផ្នែកតុលាការដើម្បីធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ទាហានអាមេរិកាំង និងមន្ត្រីទីភ្នាក់ងារ CIA បានប្រព្រឹត្តិខុសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕