អតីតស្ដេចសង្គ្រាម លោក Jean-Pierre Bemba បានដាក់ពាក្យបណ្តឹងមួយទៅកាន់តុលាការកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីនៅពេលខាងមុខនេះ។
លោក Bemba និងបេក្ខជន៥នាក់ផ្សេងទៀត ដោយរួមមានទាំងអតីតនាយករដ្ឋមន្ត្រី៣រូបផងនោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យហាមឃាត់មិនឲ្យឈរឈ្មោះ កាលពីល្ងាចថ្ងៃសុក្រ។
ដំណើរវិវត្តន៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងនយោបាយដែលមិនឋិតថេរនៃប្រទេសនេះ នៅមុនការបោះឆ្នោតដែលត្រូវបានពន្យារពេល២ដងរួចមកហើយ និងបង្កឲ្យមានការខឹងសម្បារ។
ប៉ុន្តែគិតមកដល់យប់ថ្ងៃចន្ទម្សិលមិញនេះ បេក្ខជនចំនួន៤នាក់ក្នុងចំណោមបេក្ខជនទាំងអស់ចំនួន៦នាក់ដែលត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតី បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការធម្មនុញ្ញ ដែលជាតុលាការកំពូលបំផុតនៅក្នុងប្រទេស។ បេក្ខជន២នាក់ទៀតត្រូវបានគេរំពឹងថា នឹងដាក់ពាក្យបណ្តឹងដូចគ្នាដែរនៅថ្ងៃអង្គារនេះ។
គូប្រជែងដ៏ធំបំផុតរបស់លោកប្រធានាធិបតី Joseph Kabila គឺលោក Bemba បានត្រឡប់មកកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញកាលពីថ្ងៃទី ១ ខែ សីហា ដើម្បីឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីលោកត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុង ឡាអេ បានសម្រេចឲ្យលោករួចខ្លួនពីបទចោទឧក្រិដ្ឋកម្មសង្គ្រាម។
ប៉ុន្តែលោកនៅតែត្រូវបានចោទប្រកាន់ជាផ្លូវការដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចំពោះការសូកប៉ាន់សាក្សី ដែលលោកត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងត្រូវពិន័យជាប្រាក់៣សែន៥ម៉ឺនដុល្លារ៕