ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាសថារដ្ឋាភិបាលមីយ៉ាន់ម៉ាប្រហែលជាបានប្រព្រឹត្តសង្គ្រាមឧក្រិដ្ឋកម្មតាមរយៈការរារាំងមិនឲ្យជំនួយសង្គ្រោះជីវិតចូលទៅដល់ពលរដ្ឋស៊ីវិលដែលរងគ្រោះដោយសង្គ្រាមហែកហួរនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
លោក David Baulkមកពីក្រុមតស៊ូមតិនៃអង្គការសិទ្ធិមនុស្សFortify Rightsបានថ្លែងថា «រដ្ឋាភិបាលមីយ៉ាន់ម៉ាមានបំណងរារាំងមិនឲ្យជំនួយមនុស្សធម៌ ចូលទៅដល់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅក្នុងរដ្ឋKachin បង្កអំពើហិង្សា និងបានរំលោភច្បាប់អន្តរជាតិ ដែលទង្វើទាំងអស់នេះត្រូវបានចាត់ទុកថាជាសង្គ្រាមឧក្រិដ្ឋកម្ម»។
ក្រុមអង្គការសិទ្ធិមនុស្សនេះបានចេញរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ស្តីអំពីការរឹតត្បិតជំនួយ នៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិប្រកាសថាយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សរង្គាល និងបានចាប់រំលោភជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅក្នុងរដ្ឋ Rakhineភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលជាអំពើប្រល័យពូជសាសន៍ដោយចេតនា។
អង្គការសិទ្ធិមនុស្ស Fortify Rightsបានប្រកាសថា តាមរយៈការស្រាវជ្រាវរបស់ខ្លួនបង្ហាញថាក្នុងចំណោមបុគ្គលិកជំនួយមនុស្សធម៌ដែលបានដាក់ពាក្យសុំទិដ្ឋាការធ្វើដំណើរទៅកាន់តំបន់នានានៅភាគខាងជើងដែលគ្រប់គ្រងដោយរដ្ឋាភិបាល មានតែ៥ភាគរយប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យចូលទៅតំបន់ទាំងនោះសម្រាប់រយៈពេលមួយឆ្នាំដែលត្រូវបញ្ចប់នៅខែមិថុនា។
លោក David Baulk បានថ្លែងបន្តថាក្រុមប្រឹក្សាអង្គការសហប្រជាជាតិគួរតែស្នើទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ឲ្យធ្វើការស៊ើបអង្កេតអំពីស្ថានការណ៍វិវត្តន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមអង្គការនេះក៏បានអំពាវនាវទៅពួកអាជ្ញាធរមីយ៉ាម៉ាដើម្បីអនុញ្ញាតឲ្យក្រុមផ្តល់ជំនួយមនុស្សធម៌ចូលទៅចែកជំនួយចាំបាច់នានាដល់ជនស៊ីវិលទាំងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាលោក Zaw Htay បានច្រានចោលការរកឃើញរបស់អង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះ។ លោកមិនបានឆ្លើយតបភ្លាមៗទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Fortify Rightsនេះនៅឡើយទេ៕