តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីសម្រេចថា ខ្លួនមានយុត្ថាធិការធ្វើការស៊ើបអង្កេតលើការភៀសខ្លួនដោយបង្ខំរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង ដែលត្រូវបានចោទប្រកាន់ថាអាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
តុលាការអន្តរជាតិICC ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេបានប្រកាសថាលោកស្រីរដ្ឋអាជ្ញាកំពូលត្រូវតែពិចារណាលើសេចក្តីសម្រេចនេះ ខណៈលោកស្រីនៅតែមានក្តីបារម្ភចំពោះការស៊ើបអង្កេតបឋមនៃឧក្រិដ្ឋកម្មដែលបានធ្វើឡើងប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។
សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីលោកស្រី Fatou Bensouda ប្រធានរដ្ឋអាជ្ញាតុលាការអន្តរជាតិICCបានស្នើទៅក្រុមចៅក្រមឲ្យផ្តល់យោបល់អំពីថាតើលោកស្រីអាចបើកការស៊ើបអង្កេតទៅលើការនិរទេសខ្លួនទាំងនេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឬយ៉ាងណានោះ។
តុលាការអន្តរជាតិ ICCបានប្រកាសថាការស៊ើបអង្កេតបឋមមួយដែលមានបំណងស្វែងរកភស្តុតាងឲ្យបានគ្រប់គ្រាន់មុននឹងឈានទៅដល់ការស៊ើបអង្កេតពេញលេញមួយនោះ ត្រូវតែកំណត់វេលាឲ្យបានជាក់លាក់។
ប្រទេសមីយ៉ាន់ម៉ាមិនមែនជាសមាជិករបស់តុលាការអន្តរជាតិ ICCទេ ប៉ុន្តែប្រទេសបង់ក្លាដែសគឺជាប្រទេសដែលត្រូវបានលើកឡើងនៅក្នុងយុត្ថាធិការរបស់លោកស្រី Bensouda។ លោកស្រីបានធ្វើការប្រៀបធៀបការភៀសខ្លួននេះដូចទៅនឹងការបាញ់ប្រហារឆ្លងកាត់ព្រំដែនដែលមិនបញ្ចប់រហូតទាល់តែគ្រាប់កាំភ្លើងរបស់ប្រទេសមួយអាច ប្រហារនិងសម្លាប់ជនរងគ្រោះរបស់ប្រទេសមួយផ្សេងទៀត។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រហែល៧សែននាក់បានភៀសខ្លួនចេញពីរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ឆ្លងចូលប្រទេសបង់ក្លាដែសចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីគេចចេញពីការបង្ក្រាបឃោឃៅពីសំណាក់យោធាមីយ៉ាន់ម៉ា៕