ឧត្តមសេនីយ៍សហរដ្ឋអាមេរិកម្នាក់បានព្រមានថា ចិនអាចកេងប្រយោជន៍ពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ហើយធ្វើការ«បង្កហេតុ»នៅក្នុងតំបន់អាស៊ី ស្របពេលដែលមហាអំណាចលោកខាងលិច ផ្តោតការយកចិត្តទុកដាក់លើការបន្ធូរបន្ថយភាពតានតឹងជាមួយរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការដាក់ពង្រាយកងទ័ពជាង១សែននាក់របស់រុស្ស៊ីនៅតាមព្រំដែនប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមានការភ័យខ្លាចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងបណ្តារដ្ឋធានីនៃប្រទេសលោកខាងលិចអំពីការឈ្លានពាន។
លោកឧត្តមសេនីយ៍ Kenneth Wilsbach មេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិកបានកត់សម្គាល់ថា ចិនបានធ្វើសម្ព័ន្ធមិត្តជាមួយរុស្ស៊ីនៅក្នុងវិបត្តិនេះ ដែលកំពុងលើកឡើងអំពីសំណួរអំពីចេតនាផ្ទាល់នៅក្នុងតំបន់អាស៊ី។
លោកឧត្តមសេនីយ៍ Wilsbach បាននិយាយទៀតថា៖ «ចិនមើលឃើញអ្វីដែលកំពុងកើតមានឡើងនៅក្នុងតំបន់អឺរ៉ុប ហើយព្យាយាមធ្វើអ្វីមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រាកដណាស់អំពីបញ្ហានេះ។ នេះជាការព្រួយបារម្ភមួយ»។
លោកឧត្តមសេនីយ៍ បានថ្លែងប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅការតាំងពិព័រណ៍យន្ត ហោះក្នុងប្រទេសសិង្ហបុរីថា «ខ្ញុំមានការព្រួយកង្វល់ថា ចិនចង់ឆ្លៀតយកប្រយោជន៍»។
លោកនិយាយទៀតថា៖ «វាគ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើពួកគេព្យាយាមធ្វើអ្វីដែលអាចជាការបង្កហេតុ ហើយយើងនឹងឃើញតើសហគមន៍អន្តរជាតិនឹងមានប្រតិកម្មយ៉ាងដូចម្តេចនោះ»។
លោកឧត្តមសេនីយ៍ Wilsbach បាននិយាយបន្តទៀតថា នៅពេលដែលរដ្ឋាភិបាលក្រុងប៉េ កាំង សម្តែងការគាំទ្ររុស្ស៊ីនៅក្នុងភាពមិនចាញ់មិនឈ្នះនៅក្នុងប្រទេសអ៊ុយក្រែននោះ លោកបានធ្វើការពិភាក្សាជាមួយបុគ្គលិករបស់លោក និងអង្គភាពផ្សេងទៀតនៅក្នុងតំបន់អំពីការទាក់ទិនរបស់ចិននេះ។
ទីបញ្ជាការរបស់លោកឧត្តមសេនីយ៍ Wilsbach មានទីតាំងនៅកោះហាវ៉ៃ នឹងដើរតួនាទីដ៏សំខាន់មួយ ប្រសិនបើជម្លោះផ្ទុះឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានគេស្តីបន្ទោសចំពោះការធ្វើឲ្យមានការតានតឹងនៅក្នុងតំបន់នៅពេលដែលខ្លួនត្រួតត្រាប្រជុំកោះសំខាន់ៗនិងថ្មប៉ប្រះទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលក្រុងប៉េកាំង ទាមទារគ្រប់គ្រងដែនសមុទ្រនោះស្ទើរតែទាំងអស់ ក៏ប៉ុន្តែ ការទាមទារនោះ បានត្រួតស៊ីគ្នាជាមួយកោះតៃវ៉ាន់និងប្រទេស៤ទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីននិងប្រទេសវៀតណាម។
ស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច មិនបានទាមទារនៅទីនោះ ពួក គេភ័យខ្លាចថា ការត្រួតត្រារបស់ចិន នឹងធ្វើឲ្យប៉ះពាល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ក្នុងប៉ុន្មានខែថ្មីៗនេះ ចិនក៏បានបង្កើនការដាក់សម្ពាធលើកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថា ជាទឹកដីរបស់ខ្លួន ដោយការបញ្ជូនយន្តហោះចំបាំងចូលក្នុងតំបន់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
លោកឧត្តមសេនីយ៍ Wilsbach បាននិយាយទៀតថា នៅពេលដែលចិន ក្រឡេកមើលវិបត្តិនោះ ចិនពិចារណាថាតើ«នេះជាឱកាសដើម្បីចំណេញដែរឬទេ»។
លោកឧត្តមសេនីយ៍មិនបានបញ្ជាក់ឲ្យច្បាស់អំពីអ្វីដែលចិន អាចធ្វើក្នុងអំឡុងនៃវិបត្តិនៃប្រ ទេសអ៊ុយក្រែននោះទេ ដោយនិយាយថា «ប្រហែលជាមានជម្រើសមួយចំនួនសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង»៕
សិង្ហបុរី —