ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ថា មិន​មាន​ភស្តុតាង​បង្ហាញ​ថា​រុស្ស៊ី​ពិតជា​ដក​កងទ័ព​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​នោះទេ


ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ Uragan របស់​រុស្ស៊ី​បាញ់​រ៉ុក្កែត​មួយ​គ្រាប់ ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធយោធា​នៅ​តំបន់ Crimea ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត​ដកស្រង់​ពី​វីដេអូ)
ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ Uragan របស់​រុស្ស៊ី​បាញ់​រ៉ុក្កែត​មួយ​គ្រាប់ ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធយោធា​នៅ​តំបន់ Crimea ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត​ដកស្រង់​ពី​វីដេអូ)

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា មិន​មាន​ភស្តុតាង​បង្ហាញ​ថា រុស្ស៊ី​ពិតជា​បាន​ដក​កងទ័ព​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​នោះទេ និង​ថា រុស្ស៊ី​នៅតែ​អាច​មាន​លទ្ធភាព​ចាប់ផ្តើម «លុកលុយ​ពេញទំហឹង​លើ​អ៊ុយក្រែន ដោយ​មិន​មាន​ការ​ព្រមាន​ឲ្យ​ដឹង​ជាមុន»។

រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​និង​ម្តង​ទៀត​កាលពី​ថ្ងៃ​ពុធ​អំពី​ការ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​មួយ​ចំនួន​របស់​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមយុទ្ធ​នៅ​លើ​ឧបទ្វីប Crimea ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​ផងដែរ ដោយ​មាន​ការ​បង្ហាញ​វីដេអូ​អំពី​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា​ជា​កង​យោធា​ដែល​វិល​ត្រឡប់​ទៅកាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ។

លោក Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក មុន​ជំនួប​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​អូតង់​ថា ចលនា​របស់​កងទ័ព​រុស្ស៊ី​នេះ​មិនមែន​ជា​ភស្តុតាង​បញ្ជាក់​អំពី​ការ​ដក​កងទ័ព​ចេញ​ទេ ហើយ​កាលពី​ពេល​មុន រុស្ស៊ី​ធ្លាប់​បាន​ដក​កងទ័ព​ចេញពី​ទីកន្លែង​ណា​មួយ ប៉ុន្តែ​នៅ​រក្សា​ទុក​សព្វាវុធ​នៅ​កន្លែង​ដដែល ដែល​ខ្លួន​អាច​បញ្ជូន​កងទ័ព​ត្រឡប់​មក​វិញ​បាន​យ៉ាង​ងាយស្រួល។

លោក​បាន​និយាយ​ទៀត​ថា អង្គការ​អូតង់​មិន​បាន​ឃើញ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពិត​ប្រាកដ​នោះទេ ប៉ុន្តែ​ឃើញ​រុស្ស៊ី​កំពុង​បន្ត​បង្កើន​កម្លាំង​យោធា​របស់​ខ្លួន។ លោក​បាន​បន្ថែម​ថា លោក​សង្ឃឹម​ថា រុស្ស៊ី​នឹង​សម្រេច​ចូលរួម​នៅក្នុង​ការ​ចរចា និង «ជ្រើសរើស​យក​ផ្លូវ​ការទូត​ជំនួស​ឲ្យ​ការ​ប្រឈម​មុខ​ដាក់​គ្នា»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពេញចិត្ត​ធ្វើការ​ចរចា​និង​មើលឃើញ​ក្នុង​លក្ខណៈ​វិជ្ជមាន​នូវ​ឆន្ទៈ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅក្នុង​ការ​ចរចា។

លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​ជឿ​ថា រុស្ស៊ី «នៅតែ​អាច» ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​លោក​បាន​អំពាវនាវ​ដល់​លោក Putin ឲ្យ​បន្ត​ការ​ចរចា បើ​ពុំ​ដូច្នោះ​ទេ រុស្ស៊ី​នឹង​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ៕


ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG