ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា លោកត្រៀមខ្លួនរួចរាល់ក្នុងការបន្ដធ្វើការជាមួយនឹងក្រុមបស្ចិមប្រទេសលើបញ្ហាសន្ដិសុខដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Putin បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបានជួបប្រជុំជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងទីក្រុងមូស្គូរួចមក ថា៖ «យើងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការបន្ថែមទៀតជាមួយគ្នា។ យើងត្រៀមខ្លួនរួចរាល់ក្នុងការចរចា»។
លោក Putin ថ្លែងថា «ពិតណាស់» រុស្ស៊ីមិនចង់ឲ្យមានសង្គ្រាមនោះទេ។ ប៉ុន្តែរុស្ស៊ី«មិនអាចបិទភ្នែក» ធ្វើមិនអើពើនឹងអ្វីដែលសហរដ្ឋអាមេរិកនិងអង្គការអូតង់ (NATO) «បកស្រាយដោយសេរី» អំពីគោលការណ៍ស្ដីពីភាពមិនអាចបំបែកបាននៃសន្ដិសុខនោះឡើយ ដែលគោលការណ៍នោះលើកឡើងថា គ្មានប្រទេសណាមួយគួរពង្រឹងសន្ដិសុខរបស់ខ្លួនដោយធ្វើឲ្យប៉ះពាល់ដល់ប្រទេសដទៃទៀតនោះទេ។
ជំនួបរបស់លោក Scholz ជាមួយនឹងលោក Putin នេះបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោក Scholz បានជួបប្រជុំជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រចំពោះប្រទេសនេះ។
កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះដែរ រដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាក់អំពីការដកកងកម្លាំងមួយចំនួនចេញពីព្រំដែនជាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែថា វិធានការនេះត្រូវបានគ្រោងទុកជាមុនរួចមកហើយ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្ដចល័តកងកម្លាំងនៅទូទាំងប្រទេស បើខ្លួនយល់ថាចាំបាច់។
ក្រុមបស្ចិមប្រទេសបានបង្ហាញក្ដីបារម្ភអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយអំពីការបង្កើនកងកម្លាំងរបស់រុស្ស៊ីនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន និងអំពីលទ្ធភាពដែលរុស្ស៊ីអាចលុកលុយអ៊ុយក្រែន៕
ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី —