កម្មវិធីសុខភាពសាកលមួយចំនួនដែលត្រូវផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ហើយដែលត្រូវបានលុបចោលភ្លាមៗកាលពីសប្តាហ៍មុន បានទទួលសំបុត្រពីការប្រែក្រឡាស់ការសម្រេចនេះវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មាន។
ការប្រែក្រឡាស់សេចក្តីសម្រេចនេះកើតមានឡើង ក្រោយពីរដ្ឋបាលលោក Trump បានបញ្ចប់កិច្ចសន្យាជំនួយប្រមាណ ៩០% របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID និងក្រសួងការបរទេសអាមេរិក។
អ្នកតាក់តែងច្បាប់អាមេរិកពីគណបក្សប្រជាធិបតេយ្យ រួមទាំងខ្លះពីគណបក្សសាធារណរដ្ឋ និងក្រុមអង្គការសិទ្ធិមនុស្ស បានរិះគន់យ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទកម្មវិធីជំនួយមនុស្សធម៌របស់រដ្ឋាភិបាលអាមេរិកនៅជុំវិញពិភពលោក។
កម្មវិធីទទួលជំនួយអាមេរិកផ្សេងទៀត ដូចជាកម្មវិធីប្រយុទ្ធនឹងជំងឺរបេងនិងជំងឺអេដស៍ ក៏ឃើញមានការប្រែក្រឡាស់ការសម្រេចលុបជំនួយពីមុននោះដែរ។
ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិកថា រដ្ឋបាលលោក Trump បាននិងកំពុងពិនិត្យឡើងវិញនូវរាល់ការចំណាយសូម្បី ១ ដុល្លារ «ដើម្បីធានាថាថវិកាដែលបានមកពីយកពន្ធពីពលរដ្ឋនឹងត្រូវបានគេប្រើដើម្បីធ្វើឱ្យអាមេរិកកាន់តែមានសុវត្ថភាព អានុភាព និងវិបុលភាព»។
លោក Trump បានបញ្ជាឱ្យផ្អាក ៩០ ថ្ងៃលើរាល់ជំនួយក្រៅប្រទេសរបស់អាមេរិក នៅថ្ងៃទី ១ ដែលលោកចូលកាន់តំណែងនៅសេតវិមាន។ បទបញ្ជាឱ្យបញ្ឈប់ការងារជាបន្តបន្ទាប់ក៏បានបញ្ឈប់ដំណើរការទីភ្នាក់ងារ USAID នៅជុំវិញពិភពលោក ហើយបុគ្គលិកភាគច្រើនត្រូវបានបញ្ឈប់ពីការងារ ឬឱ្យស្ថិតក្រោមច្បាប់ឈប់សម្រាក។
កាលពីថ្ងៃពុធ តុលាការកំពូលសហរដ្ឋអាមេរិកបានតម្កល់ទុកសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមមួយតម្រូវឱ្យរដ្ឋបាលលោក Trump បញ្ចេញវិញភ្លាមៗនូវមូលនិធិសម្រាប់អង្គការដែលទទួលជំនួយពី USAID និងក្រសួងការបរទេស។ មូលនិធិនេះសរុបមានតម្លៃជិត ២ ពាន់លានដុល្លារ៕
វេទិកាបញ្ចេញមតិ