ចំនួនការងារនៅសហរដ្ឋអាមេរិកបានកើនឡើងនៅខែកុម្ភៈ ទោះអត្រាអត់ការងារធ្វើបានកើនដល់ ៤,១% ក៏ដោយ។ ប៉ុន្តែ ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងអំពីគោលនយោបាយពាណិជ្ជកម្មនិងការកាត់ចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលសហព័ន្ធអាចធ្វើឲ្យភាពធន់នៃទីផ្សារការងារចុះខ្សោយក្នុងពេលប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការងារមិនទាក់ទងនឹងកសិកម្មបានកើនចំនួន ១៥១.០០០ កាលពីខែមុនក្រោយពីកើនឡើងបាន ១២៥.០០០ កាលពីខែមករា។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស្ថិតិការងាររបស់ក្រសួងការងារអាមេរិកនៅក្នុងរបាយការណ៍ការងាររបស់ខ្លួនកាលពីថ្ងៃសុក្រ។
របាយការណ៍ការងារនេះជារបាយការណ៍ដំបូងបង្អស់អំពីការងាររបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នៅអាណត្តិនេះ។ គោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោក Trump បានបង្កការលំបាកដល់ក្រុមហ៊ុននានាក្នុងការរៀបចំផែនការទុកជាមុន។ នេះបើយោងតាមការបញ្ជាក់របស់សេដ្ឋវិទូនានា។
ទំនុកចិត្តរបស់ក្រុមហ៊ុននិងអតិថិជនក៏បានធ្លាក់ចុះតាំងពីខែមករាមកផងដែរដោយធ្វើឲ្យបាត់អស់នូវការកើនឡើងទំនុកចិត្តនៅក្រោយជ័យជម្នះរបស់លោក Trump ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន។
ទីផ្សារភាគហ៊ុនបានលក់ចេញអស់ ដោយសន្ទស្សន៍ភាគហ៊ុនធំៗទាំង ៣ នៅអាមេរិកបានធ្លាក់ចុះនៅឆ្នាំនេះ ហើយសន្ទស្សន៍ភាគហ៊ុន Nasdaq Composite ក៏បានធ្លាក់ចុះផងដែរតាំងពីកើនឡើងខ្ពស់បំផុតកាលពីខែធ្នូឆ្នាំមុនមក៕
វេទិកាបញ្ចេញមតិ