កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមអាមេរិកទីពីរ បានបន្តពន្យារពេលបម្រាមហាមឃាត់រដ្ឋបាលលោក Trump ពីការបង្កកប្រាក់ជំនួយនិងប្រាក់កម្ចីដែលអាចមានរហូតដល់រាប់លានលានដុល្លារ។
ចៅក្រមសហព័ន្ធនៅរដ្ឋ Rhode Island លោក John McConnell បានចេញបទបញ្ជាតុលាការនៅក្នុងសំណុំរឿងដែលត្រូវបានប្តឹងដោយរដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅក្រោយពីរដ្ឋបាលលោក Trump ចេញផែនការផ្អាកការចំណាយសហព័ន្ធដ៏ទូលំទូលាយ ហើយដែលបានបង្កឱ្យមានការច្រឡំច្របូកច្របល់និងក្តីបារម្ភនៅជុំវិញសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីសម្រេចនោះ ចៅក្រមលោក McConnell បាននិយាយថា ស្ថាប័ននីតិប្រតិបត្តិបានព្យាយាមដាក់ខ្លួនឱ្យខ្ពស់ជាងសភាជាតិដែលជាស្ថាប័ននីតីបញ្ញត្តិ ហើយការធ្វើដូច្នេះ«ប៉ះពាល់ដល់តួនាទីដាច់ដោយឡែកពីគ្នាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ អំពីស្ថាប័ននីមួយៗរបស់រដ្ឋាភិបាល»អាមេរិក។
រដ្ឋនានាដែលបានប្តឹងនោះថា កម្មវិធីជាច្រើនកំពុងតែរង់ចាំមូលនិធិសហព័ន្ធឬការបញ្ជាក់ច្បាស់អំពីថាតើមូលនិធិនឹងត្រូវគេផ្តល់ឱ្យឬទេ។ លោកចៅក្រម McConnell ក៏បាននិយាយផងដែរថា រដ្ឋទាំងនេះបានបង្ហាញពីផលប៉ះពាល់ពិតប្រាកដនៅក្នុងរឿងក្តីនេះ។
លោកបានសរសេរថា៖ «រដ្ឋទាំងនោះបានបង្ហាញនូវការប្រកាសជាច្រើនដែលមិនអាចប្រកែកបាន ដែលបានបង្ហាញច្បាស់ពីផលប៉ះពាល់នៃការបង្កកថវិកាសហព័ន្ធដោយមិនរើសមុខ និងមិនអាចទស្សន៍ទាយបាន ដែលប៉ះពាល់ដល់ស្ទើរគ្រប់ផ្នែកនៃប្រតិបត្តិការរដ្ឋបាលថ្នាក់រដ្ឋ និងបង្អាក់សមត្ថភាពរបស់ពួកគេក្នុងការផ្តល់សេវាកម្មចាំបាច់ដល់ពលរដ្ឋរបស់ពួកគេ»។
រដ្ឋអាជ្ញានៃរដ្ឋ Rhode Island លោក Peter Neronha បានថ្លែងថា លោកប្រធានាធិបតី Donald Trump ដែលជាអ្នកសាធារណរដ្ឋ តាមរយៈបទបញ្ជាប្រធានាធិបតីរបស់លោក បាន«ព្យាយាមបំផ្លាញនីតិរដ្ឋ ដើម្បីប្រយោជន៍នៃអំណាចនីតិប្រតិបត្តិខុសច្បាប់របស់លោក»៕