ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rubio ថា អាមេរិក​លុបចោល​កម្មវិធី​ទីភ្នាក់ងារ USAID ៨៣%


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រតិកម្មនៅពេលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty នៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រតិកម្មនៅពេលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty នៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Marco Rubio បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​សហរដ្ឋ​អាមេរិក​បាន​លុបចោល​កម្មវិធី​ចំនួន ៨៣% របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​កាលពី​ខែ​មករា​ដោយ​ទាមទារ​ឲ្យ​មាន​ការ​បង្កក​រាល់​ជំនួយ​បរទេស​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ទុកពេល​ឱ្យ​រដ្ឋបាល​របស់​លោក​វាយតម្លៃ​លើ​ការ​ចំណាយ​នៅ​បរទេស​ក្នុង​បំណង​ដើម្បី​កាត់​កម្មវិធី​ណា​ដែល​មិន​ស្រប​នឹង​របៀបវារៈ «អាមេរិក​ជាមុន» របស់​លោក។

លោក Rubio បាន​បញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «បន្ទាប់ពី​បាន​ពិនិត្យ​ឡើងវិញ​រយៈពេល ៦ សប្ដាហ៍​មក យើង​បាន​លុបចោល​ជា​ផ្លូវការ​នូវ​កម្មវិធី​ចំនួន ៨៣% របស់​ទីភ្នាក់ងារ USAID»។

លោក​បាន​បន្ថែម​ថា៖ «កុងត្រា​ចំនួន ៥.២០០ ដែល​ឥឡូវ​នេះ​ត្រូវបាន​លុបចោល​បាន​ចំណាយ​ប្រាក់​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​វិធី​ដែល​មិន​បម្រើ [ហើយ​ក្នុង​ករណី​ខ្លះ​ថែមទាំង​ប៉ះពាល់​ទៀតផង] ដល់​ប្រយោជន៍​ជាតិ​ស្នូល​របស់​សហរដ្ឋ​អាមេរិក»។

ទីភ្នាក់ងារ USAID បាន​ចែកចាយ​ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​តាម​រយៈ​កម្មវិធី​សុខភាព​និង​កម្មវិធី​គ្រា​អាសន្ន​នានា​នៅ​ក្នុង​ប្រទេស​ចំនួន​ ១២០។

កាលពី​ថ្ងៃ​ចន្ទ លោក Rubio បាន​ថ្លែង​អំណរគុណ​ជាពិសេស​ដល់​អង្គភាព​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE) ដែល​លោក​មហាសេដ្ឋី Elon Musk កំពុង​ដឹកនាំ​ដើម្បី​កាត់​ចំណាយ​និង​ការងារ​នៅ​តាម​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​អាមេរិក៕

XS
SM
MD
LG