ប្រធានស្ដីទីនៃទីភ្នាក់ងារស៊ើបអង្កេតជាតិ លោក Joseph Maguire បានប្រាប់តំណាងរាស្ត្រសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានធ្វើតាមច្បាប់នៅពេលដែលលោកដំបូងឡើយបានរារាំងការចេញផ្សាយរបាយការណ៍របស់អ្នកលួចបញ្ចេញការណ៍សម្ងាត់ នៅក្នុងការធ្វើសក្ខីកម្មដកតំណែងប្រធានាធិបតីអំពីរឿងលោកប្រធានាធិបតី ត្រាំ ទាក់ទងនឹងលោក Volodymyr Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន។
ការធ្វើសក្ខីកម្មរបស់លោក Maguire កើតឡើងបន្ទាប់ពីអ្នកលួចបញ្ចេញព័ត៌មានបញ្ចេញសារប្ដឹងជាសាធារណៈ សម្ដែងក្ដីព្រួយបារម្ភថា លោកប្រធានាធិបតី ត្រាំ បានស្នើសុំជំនួយពីលោក Zelensky តាមការសន្ទនាតាមទូរស័ព្ទឲ្យជួយស៊ើបអង្កេតពីសត្រូវនយោបាយរបស់លោក។
មានសំណួរថ្មីៗសម្រាប់លោកប្រធានាធិបតី ត្រាំ ខណៈពេលដែលសាធារណជនទទួលបានដំណឹងពីការប្ដឹងសម្ដែងក្ដីព្រួយបារម្ភជាច្រើនចំណុច អំពីការសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក Volodymyr Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន រួមបញ្ចូលទាំងការចោទប្រកាន់ថាមន្ត្រីរបស់សេតវិមានបានបិទបាំងព័ត៌មានលម្អិតអំពីរឿងនេះ។
អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «ពាក្យបណ្ដឹងនេះបានឲ្យដឹងថា សេតវិមានបានព្យាយាមលាក់បាំងរាល់ការថតសំឡេងនៃការសន្ទនាតាមទូរស័ព្ទ ជាពិសេសគឺឯកសារកត់ត្រាពាក្យពេចន៍គ្រប់ម៉ាត់ របស់ការសន្ទនានោះ។ ការណ៍នេះបានធ្វើឲ្យអ្នកលួចបញ្ចេញព័ត៌មានជឿថា មន្ត្រីសេតវិមានបានដឹងពីកំហុសឆ្គងធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងកិច្ចសន្ទនានោះ»។
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានគំរាមប្ដឹងមេដឹកនាំស្ថាប័នស៊ើបការណ៍សម្ងាត់ទៅតុលាការ ដើម្បីទាមទារយកខ្លឹមសារទាំងស្រុងនៃពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មាន។
លោក Adam Schiff ដែលជាប្រធាននៃគណៈកម្មាធិការស៊ើបអង្កេតរបស់សភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «តាមច្បាប់ បណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មាន ដែលបានបង្ហាញពីការប្រព្រឹត្តិខុសដ៏ធ្ងន់ធ្ងរនេះ គួរតែត្រូវបានបង្ហាញដល់គណៈកម្មាធិការស៊ើបអង្កេតជាច្រើនសប្ដាហ៍កន្លងមកហើយ ហើយបើតាមច្បាប់ វាគួរតែត្រូវបានបង្ហាញដោយ លោកផ្ទាល់ក្នុងនាមលោកជាប្រធានស្ដីទីនៃភ្នាក់ងារស៊ើបអង្កេតជាតិ។ ប៉ុន្តែលោកបែរជាមិនបានធ្វើវាទៅវិញ»។
លោក Maguire បាននិយាយថា លោកគោរពសិទ្ធិស្របច្បាប់របស់លោកប្រធានាធិបតីនៅក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុនមក។ ប្រធានស្ដីទីនៃភ្នាក់ងារស៊ើបអង្កេតជាតិរូបនេះបានលើកឡើងថា៖ «តាមពិតទៅ យើងត្រូវបានណែនាំមកថា ព័ត៌មាននៅក្នុងពាក្យបណ្ដឹងនេះ ទាក់ទងនឹងអភ័យឯកសិទ្ធិរបស់ថ្នាក់ដឹកនាំ។ អភ័យឯកសិទ្ធិ ដែលខ្ញុំមិនមានសិទ្ធិសម្រេច។ ដូច្នេះហើយទើបយើងមិនអាចចែករំលែកព័ត៌មាននេះបានភ្លាមៗ»។
លោក Maguire ទទួលស្គាល់ថា អ្នកលួចបញ្ចេញព័ត៌មាន ជាប្រភពដែលអាចទុកចិត្តបាន ហើយទទួលស្គាល់ថាបុគ្គលបានធ្វើរឿងត្រឹមត្រូវ ប៉ុន្តែលោកបានបដិសេធពីការព្រួយបារម្ភថា លោក ត្រាំ បានជ្រៀតជ្រែកចូលក្នុងរឿងនេះ។
លោក Jim Himes តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យបានចោទសួរទៅកាន់លោក Maguireថា៖ «តើលោកធ្លាប់បាននិយាយពីពាក្យបណ្ដឹងនេះទៅកាន់លោកប្រធានាធិបតីដែរឬទេ»?
លោក Maguire បានឆ្លើយថា៖ «ដោយសារតែខ្ញុំជាប្រធាននៃទីភ្នាក់ងារស៊ើបអង្កេតជាតិ ខ្ញុំមានឯកសិទ្ធិក្នុងការសន្ទនាជាមួយលោកប្រធានាធិបតី។ ហើយវាមិនសមរម្យសម្រាប់ខ្ញុំនោះទេ ដោយហេតុថា វានឹងបំផ្លាញទំនាក់ទំនងរវាងខ្ញុំ និងលោកប្រធានាធិបតី និងបំផ្លាញកិច្ចការសម្ងាត់ ក្នុងការបញ្ចេញការសន្ទនារបស់ខ្ញុំជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក»។
លោកប្រធានាធិបតី ត្រាំ បានច្រានចោលការចោទប្រកាន់នេះ និងថានេះជាល្បែងនយោបាយតែប៉ុណ្ណោះ។
លោកប្រធានាធិបតី Trump បាននិយាយថា៖ «គណបក្សប្រជាធិបតេយ្យនឹងចាញ់ការបោះឆ្នោតនាពេលខាងមុខ ពួកគេដឹងពីរឿងនេះ។ ហេតុនេះហើយបានជាពួកគេបង្ករឿងនេះឡើង»។
ការលើកឡើងរបស់លោកប្រធានាធិបតីត្រូវបានគាំទ្រដោយសមាជិកសភាមកពីខាងគណបក្សសាធារណរដ្ឋ។
លោក Kevin McCarthy ប្រធានក្រុមភាគតិចនៃរដ្ឋសភាអាមេរិកបានលើកឡើងថា៖ «តើអ្វីទៅក្នុងករណីនេះ ដែលនាំឲ្យមានការប្ដឹងដកតំណែងប្រធានាធិបតីនោះ? នេះគ្រាន់តែជាការសន្ទនារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយមេដឹកនាំបរទេសប៉ុណ្ណោះ។ មិនធ្លាប់មានពីមុនមកសោះថា លោកប្រធានាធិបតីតម្រូវឲ្យទម្លាយការសន្ទនារបស់លោក»។
ប៉ុន្តែបណ្ដឹងនោះគឺគ្រប់គ្រាន់ក្នុងការជំរុញឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បង្កើតឲ្យមានការធ្វើសក្ខីកម្មផ្លូវការមួយស្ដីពីការដកតំណែងប្រធានាធិបតីនេះ។
លោក Adam Schiff តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា៖
«អ្នកលួចបញ្ចេញព័ត៌មានបានផ្ដល់ឲ្យយើងនូវផែនទីបង្ហាញផ្លូវសម្រាប់ការស៊ើបអង្កេតរបស់យើង»។
ការស៊ើបអង្កេតដែលអាចនឹងបញ្ចប់ទៅដោយការបោះឆ្នោតនៅរដ្ឋសភា ដូចដែលមានចែងក្នុងមាតាស្តីពីការដកតំណែងប្រធានាធិបតី។
អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «មានសមាជិកមួយចំនួននៅក្នុងបក្សរបស់យើងគិតថា តែមានការប្ដឹងដកតំណែងប្រធានាធិបតី។ យើងត្រូវតែមានការធ្វើសក្ខីកម្មដើម្បីស្វែងរកការពិត។ ការណ៍នេះមិនតក់ក្រហល់ក្នុងការវិនិច្ឆ័យទេ ហើយយើងអាចជាសមាជិកគណៈវិនិច្ឆ័យក្នុងរឿងនេះក៏ថាបាន»។
សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យជាច្រើន និយាយថាពួកគេចង់ឲ្យមានការបោះឆ្នោតនៅចុងឆ្នាំនេះ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២០ ដែលនឹងចាប់ផ្ដើមយុទ្ធនាការក្នុងខែកុម្ភៈខាងមុខ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា