ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយប្រហារ​ដោយ​ការរើសអើង​ពូជសាសន៍​របស់​លោក Trump គឺ​ជា​ ផ្នែក​នៃ​យុទ្ធសាស្រ្ត​បោះឆ្នោត​ដ៏​គ្រោះថ្នាក់


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំពីការបាញ់ប្រហារនៅក្រុង El Paso រដ្ឋ Texas និង​ក្រុង Dayton រដ្ឋ Ohio នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំពីការបាញ់ប្រហារនៅក្រុង El Paso រដ្ឋ Texas និង​ក្រុង Dayton រដ្ឋ Ohio នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

ក្រុមអ្នកវិភាគ​នយោបាយ​មើលឃើញ​ថា ​និន្នាការ​នេះ មួយផ្នែក​កើត​ចេញ​ពី​គំនិត​របស់​លោក​ ហើយ​មួយផ្នែក​ទៀត​គឺ​ជា ​យុទ្ធសាស្រ្ត​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

ហេតុការណ៍​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​ទីក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃសៅរ៍​ ដោយ​ពួកស្បែកស​និយមជ្រុល​ ដែល​បាន​សម្លាប់​មនុស្ស ២០នាក់ ​បាន​ទាញ​ចំណាប់​អារម្មណ៍​សារ​ជាថ្មី​ ទៅលើ​ការប្រើប្រាស់​ភាសា​បែកចែង​ពូជសាសន៍​របស់​លោកប្រធានាធិបតី Donald Trump ចំពោះ​ពួកជនអន្តោប្រវេសន៍​ និង​ក្រុម​ជនជាតិ​ភាគតិច​ដែល​ជា​ផ្នែក​មួយ​នៃយុទ្ធសាស្ត្រ​ដ៏គ្រោះថ្នាក់​មួយ​ ដើម្បី​ឈ្នះ​ការបោះឆ្នោត​នៅ​ក្នុងឆ្នាំ​២០២០ខាង​មុខ។

លោក Brian Padden នៃ VOA រាយការណ៍​ថា ​វោហា​សាស្រ្ត​ប្រកាន់​ពូជសាសន៍​របស់​លោក Trump ប្រហែល​ជា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការគាំទ្រ​ពី​សំណាក់​ក្រុមពួកស្បែកស​ដែល​ជា​អ្នកធ្វើការ​ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការបែកបាក់​ក្នុង​ចំណោម​ក្រុម​អ្នកប្រកាន់​នយោបាយ​ផ្លូវ​កណ្តាល​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​កាល​ពីឆ្នាំ២០១៦ផងដែរ។

ខណៈ​មាន​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​នៅក្នុង​ទីក្រុង El Paso ដោយ​ខ្មាន់​កាំ​ភ្លើង​ជា​ជនជាតិ​ស្បែកស​ដែល​បាន​ដៅ​ទៅលើ​ក្រុមជនអន្តោប្រវេសន៍​នោះ​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជា​ថ្មី​ម្តងទៀត​បាន​ចោទប្រកាន់​លោកប្រធានាធិបតី​ថា ​បាន​ជំរុញ​ឲ្យ​មាន​ភាពតាតតឹង​រើសអើង​ប្រកាន់​ពូជសាសន៍​នៅក្នុង​ប្រទេស។

កាល​ពី​ឆ្នាំ២០១៦​ លោក Trump ដែល​ពេលនោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត បាន​ហៅ​ក្រុមជនអន្តោប្រវេសន៍ម៉ិកស៊ីក​ថា​ជា​ អ្នកចាប់រំលោភ​ និង​ជាឧក្រិដ្ឋជន។ ហើយ​ក្នុងនាម​ជា​ប្រធានាធិបតី​ លោក Trump មិន​សូវ​ហ៊ាន​ប្រកាស​ថ្កោល​ទោស​ក្រុមស្បែកស​ជ្រុលនិយម​ទេ។

ក្រុមអ្នកវិភាគ​នយោបាយ​មើលឃើញ​ថា ​និន្នាការ​នេះ មួយផ្នែក​កើត​ចេញ​ពី​គំនិត​របស់​លោក​ ហើយ​មួយផ្នែក​ទៀត​គឺ​ជា ​យុទ្ធសាស្រ្ត​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

លោក Alex Conant អតីត​អ្នករៀបចំ​យុទ្ធសាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ថា «ខ្ញុំ​គិត​ថា​ លោក​ដឹង​ថា ​ក្រុមអ្នកគាំទ្រ​របស់​លោក​ចង់ឃើញ​លោក​ប្រយុទ្ធ។ ហើយ​ប្រសិន​បើ​អ្នក​អាច​ស៊ូ​ជាមួយ​នឹង​គណបក្សប្រជាធិបតេយ្យ​ដែល​ជា​ក្រុមប្រឆាំង​បាន​នោះ​ វា​នឹង​ជួយ​លោកឲ្យ​ទទួល​បាន​ប្រយោជន៍​នយោបាយ‍»។

នាពេល​ថ្មីៗ​នេះ​លោកប្រធានាធិបតី​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ការវាយ​ប្រហារ​ទៅលើ​ក្រុមសមាជិកសភា​ដែល​ជា​ជនជាតិភាគតិច​ ដោយ​លោក​បាន​ហៅ​អ្នកបោះឆ្នោត​ឲ្យ​សមាជិក​សភា​ខាង​គណបក្សប្រជាធិបតេយ្យ​លោក Elijah Cummings​ ដែល​ភាគច្រើន​ជា​ពួកស្បែកខ្មៅ​ថា​ គួរ​ឲ្យ​ស្អប់ខ្ពើម។ ហើយ​លោក​បាន​ចោទប្រកាន់​ក្រុមសមាជិកា​សភា​ជនជាតិ​ភាគតិច​ខាង​គណបក្សប្រជាធិបតេយ្យ​ថា​ ជា​អ្នកជ្រុលនិយម​ ដែល​គួរ​តែ​ត្រឡប់​ទៅ​កន្លែង​ដែល​សំបូរ​ឧក្រិដ្ឋកម្ម​ និង​គួរ​ឲ្យ​ស្អប់ខ្ពើម​វិញ។

លោក John Halpin អ្នកវិភាគ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​មជ្ឈមណ្ឌល​សភាអាមេរិក​បាន​ថ្លែងថា «ផ្នែក​ដែល​ជា​យុទ្ធសាស្រ្ត​គឺ​ថា​ លោក​កំពុង​មាន​ប្រៀប​ជាង​គេ​លើ​បញ្ហា​នេះ។ លោក​កំពុង​បញ្ឆេះ​កំហឹង​ឲ្យ​មនុស្ស​ចំពោះ​រឿងរ៉ាវ​ដែល​រំខាន​ដល់​លោក។ ពួកគេមិន​ផ្តោត​លើបរាជ័យ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​ទេ‍»។ ​

ក្រុមអ្នករិះគន់​ថា​ ជម្លោះ​សាធារណៈ​របស់​លោក Trump បាន​ធ្វើ​ឲ្យ​បណ្តាញ​ព័ត៌មានងាក​ចេញ​ពី​ការរាយការណ៍​អំពី​បរាជ័យ​របស់​លោក​ដែល​បាន​សន្យា​ ដូចជា​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ផ្នែកសុខភាព​នៅក្នុង​ប្រទេស​ជាដើម។

នៅ​ស្របពេល​ដែល​បេក្ខជន​ឈរ​ឈ្មោះ​ខាង​គណបក្សប្រជាធិបតេយ្យ​បាន​ជជែក​ដេញដោល​គ្នា​អំពី​សំណើ​កែប្រែ​វិស័យ​ថែទាំ​សុខភាព​ និង​វិស័យ​ផ្សេងៗទៀត។
លោកប្រធានាធិបតី​បាន​ហៅក្រុម​អ្នក​ប្រឆាំង​របស់​លោក​ ថា​ជា​ក្រុម​សង្គម​និយមជ្រុល ដែល​នឹង​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ ដែល​បាន​កើនឡើង៣ភាគរយ​កាល​ពី​ឆ្នាំមុន។

លោក John Halpin អ្នកវិភាគ​ខាងគណបក្សប្រជាធិបតេយ្យ​នៃមជ្ឈមណ្ឌលសភា​អាមេរិក​បាន​ថ្លែងថា «ភ្លាមៗ​មុន​ការបោះឆ្នោត​ឆ្នាំ ២០២០មកដល់​ លោក​ទំនង​ជា​ចង់​ឲ្យ​ពួកអ្នកបោះឆ្នោត​គិតថា​ត្រូវ​ជ្រើសរើស​យក​មួយណា​ រវាង​ការបោកប្រាស់​របស់គណបក្ស​ប្រជាធិបតេយ្យ​ និង​បេក្ខភាព​របស់​លោក​គឺ​ជា​ អ្នកការពារ​បទដ្ឋាន​និង​ក្រុម​ជ្រុល​និយម‍»។

ក្រុម​អ្នកគាំទ្រ​ស្នូល​របស់​លោក Trump គាំទ្រ​ឲ្យរឹតបន្តឹង​គោលនយោបាយ​រារាំង​ពួកជនចំណាកស្រុក។ ក៏ប៉ុន្តែ​មាន​ការព្រួយ​បារម្ភ​ជាច្រើន​ថា​ វោហាសាស្រ្ត​ប្រកាន់​ពូជសាសន៍​របស់​លោក Trump ​និង​ការរាយការណ៍​អំពី​ការធ្វើបាប​ពួក​ជនអន្តោប្រវេសន៍ ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​បាត់​ការគាំទ្រ​ចំណោម​ក្រុមអ្នកប្រកាន់​នយោបាយ​ផ្លូវកណ្តាល​ខាងគណបក្ស​សាធារណរដ្ឋ​ដែល​លោក Trump ត្រូវការ។

លោក Alex Conant អតីត​អ្នករៀបចំ​យុទ្ធសាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ថា «ប្រសិន​បើ​បញ្ហា​នេះ​ក្លាយ​ទៅ​ជា​ការធ្វើ​ប្រជាមតិ​ទៅលើ​លោក Trump និង​អត្តចារឹក​របស់​លោក នោះ​លោក​ប្រាកដ​ជា​នឹង​បាត់បង់​ការគាំទ្រ​ពី​សំណាក់​ក្រុម​អ្នកសាធារណ​រដ្ឋ​នៅ​តាម​តំបន់​ជាយក្រុង​ ជាពិសេស​ក្រុមអ្នកបោះឆ្នោត​ជា​ស្រ្តី​ដែល​អាច​ជា​អ្នកពេញ​ចិត្តនឹង​គោលនយោបាយ​របស់​លោក​ ប៉ុន្តែ​ពួកគេ​មិន​ចូលចិត្ត​ការបង្ហោះសារ​របស់​លោក‍»។

ការវាយប្រហារ​រើសអើង​ពូជសាសន៍​នៅក្នុង​នយោបាយ​របស់​លោក Trump គឺ​ជា​សំណួរ​មួយ​យ៉ាង​សំខាន់​សម្រាប់​ការបោះឆ្នោត​នៅឆ្នាំ​២០២០ខាងមុខ​នេះ៕

XS
SM
MD
LG