យុទ្ធសាស្រ្តឆ្ពោះទៅរកការជាប់ឆ្នោតម្តងទៀតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅឆ្នាំក្រោយនេះហាក់ដូចជាកាន់តែមានស្ថានភាពស្មុគស្មាញនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកនៅបន្តអួតអាងអំពីសេដ្ឋកិច្ចខ្លាំង បើទោះបីជាមានការព្រមាននានាពីក្រុមសេដ្ឋវិទូមួយចំនួនថា សហរដ្ឋអាមេរិកប្រហែលជានឹងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២០ខាងមុខក៏ដោយ។ ឥឡូវនេះលោក Trump ត្រូវតែទប់ទល់នឹងការប្រឈមនានានៅក្នុងគណបក្សរបស់លោក។
លោកប្រធានាធិបតីទើបតែត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ជាកន្លែងដែលលោកបានលើកឡើងអំពីបញ្ហាពាណិជ្ជកម្ម បញ្ហាប្រទេសរុស្ស៊ី និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
នៅអំឡុងពេលសន្និសីទសារព័ត៌មានមួយ មុននឹងលោកចាកចេញ លោក Trump បានថ្លែងការពារអ្វីដែលមនុស្សមួយចំនួនមើលឃើញថាជា វិធានការវឹកវរជាមួយនឹងប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «នេះគឺជាវិធីសាស្រ្តចរចារបស់ខ្ញុំ។ វាបានផ្តល់លទ្ធផលល្អៗឲ្យខ្ញុំជាច្រើនឆ្នាំមកហើយ ហើយវាកាន់តែប្រសើរសម្រាប់ប្រទេស។ វិធីសាស្រ្តបែបនេះគួរតែត្រូវបានយកមកប្រើប្រាស់ដោយអ្នកផ្សេងទៀតដែរ។ លោក Bush គួរតែយកវិធីសាស្រ្តចរចានេះមកប្រើ។ លោក Clintonក៏គួរតែប្រើវាដែរ។ វាគួរតែត្រូវបានគេយកមកប្រើជាយូរមកហើយ។ ខ្ញុំកំពុងអនុវត្តវិធីសាស្រ្តនេះ»។
នៅអំឡុងការកាន់តំណែងរបស់លោក លោក Trump តែងតែលើកសរសើរអំពីសេដ្ឋកិច្ចខ្លាំងនៅរាល់ការជួបជុំរបស់លោកនៅទូទាំងប្រទេស រួមទាំងការជួបជុំមួយកាលពីដើមខែនេះនៅទីក្រុង Manchester រដ្ឋ New Hampshire ជាដើម៕