លោក Robert Mueller អតីតរដ្ឋអាជ្ញាពិសេសបានថ្លែងទៅកាន់រដ្ឋសភាកាលពីថ្ងៃពុធថា ការស៊ើបអង្កេតរបស់លោកទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ មិនបានឲ្យលោក ត្រាំ រួចខ្លួនពីការចោទប្រកាន់ថា បានរារាំងដល់ដំណើរការស៊ើបអង្កេត ដូចដែលលោកប្រធានាធិបតីបានអះអាងនោះទេ។
នៅពេលដែលការផ្ដល់សក្ខីកម្មចាប់ផ្ដើម គណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការតុលាការសហព័ន្ធ លោក Jerrold Nadler បានសួរលោករដ្ឋអាជ្ញា Robert Mueller ថា «តើលោកមានបានឲ្យលោកប្រធានាធិបតីរួចខ្លួនទាំងស្រុងដែរឬទេ?»
លោក Mueller បានឆ្លើយតបវិញថា «ទេ លោកប្រធានាធិបតីមិនត្រូវបានឲ្យរួចខ្លួនចំពោះសកម្មភាពដែលគេបានចោទប្រកាន់ថាលោកបានប្រព្រឹត្តនោះទេ។»
ក៏ប៉ុន្តែលោក Mueller បានពន្យល់ថា លោក ត្រាំ អាចនឹងមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនោះទេ ដោយសារតែគោលការណ៍របស់ក្រសួងយុត្តិធម៌អាមេរិកដែលមានជាយូរមកហើយនោះ រារាំងមិនឲ្យចោទប្រកាន់ប្រធានាធិបតីដែលកំពុងកាន់តំណែងនោះទេ។ លោក Mueller បានថ្លែងថា ក្រុមការងាររបស់លោកបានព្យាយាមឲ្យមានកិច្ចព្រមព្រៀងមួយជាមួយនឹងលោក ត្រាំ អស់រយៈពេលមួយឆ្នាំ តែមិនបានជោគជ័យដើម្បីឲ្យលោកផ្ដល់សក្ខីកម្មដោយផ្ទាល់ ប៉ុន្តែលោកប្រធានាធិបតីបានត្រឹមតែឆ្លើយនឹងសំណួរខ្លះជាលាយលក្ខណ៍អក្សរប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោក Mueller ដែលធ្វើការយ៉ាងជិតស្និទ្ធលើរបាយការណ៍ដែលមានកម្រាស់៤៤៨ទំព័រ ដែលក្រុមការងារស៊ើបអង្កេតរបស់លោកបានចងក្រង បន្ទាប់ពីស៊ើបអង្កេតអស់រយៈពេល២២ខែនោះ បានទទួលស្គាល់ចំពោះលោក Doug Collins ថា ក្រុមការងារស៊ើបអង្កេតរបស់លោកបានសន្និដ្ឋានថា មានភស្តុតាងមិនគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោក ត្រាំ ឬបុគ្គលិកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ ដែលថាឃុបឃិតជាមួយនឹងប្រទេសរុស្ស៊ី ដើម្បីជួយលោក ត្រាំ ឲ្យឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិរយៈពេលបួនឆ្នាំ។
លោក ត្រាំ បាននិយាយថា ក្នុងសប្តាហ៍នេះ លោកមិនមានគម្រោងនឹងមើលសវនាការរយៈពេល៥ម៉ោងដែលលោក Mueller ផ្ដល់សក្ខីកម្ម និងត្រូវចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេសនោះទេ ឬក៏លោកអាចទស្សនាតែបន្ដិចបន្ដួចប៉ុណ្ណោះ។ លោកបានទទូចថា សវនាការនេះគឺជាការចំណាយពេលវេលាឥតប្រយោជន៍ ហើយថា លោកបានរួចខ្លួនពីការចោទប្រកាន់ដែលថា លោកបានឃុបឃិតជាមួយនឹងរុស្ស៊ី ឬជ្រៀតជ្រែកក្នុងការស៊ើបអង្កេតរបស់លោក Mueller ហើយ។
ភ្លាមៗមុនពេលដែលសវនាការនេះបានចាប់ផ្ដើម លោក ត្រាំ បានអះអាងថា លោកគ្មានកំហុសម្ដងហើយម្ដងទៀត នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Twitter ជាអក្សរធំៗថា «គ្មានការឃុបឃិត គ្មានការរារាំង!»
ប្រជាពលរដ្ឋអាមេរិកាំងរាប់លាននាក់អាចតាមដានការសាកសួរដ៏ចម្រូងចម្រាស នៅចំពោះមុខគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការតុលាការសហព័ន្ធនិងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នេះបាន។
សវនាការនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាទាំង២៣៥នាក់ដែលប្រឆាំងនឹងរូបលោក ហើយក្នុងនោះមួយភាគបីនៃពួកគេបានអំពាវនាវឲ្យមានការប្ដឹងទម្លាក់លោក ត្រាំ ចេញពីតំណែង ឬចាប់ផ្ដើមបើកសវនាការសាកសួរដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែងតែម្ដង។ ក្រុមអ្នករិះគន់ទាំងនេះចោទប្រកាន់លោកប្រធានាធិបតីថាបានប្រព្រឹត្ត«បទឧក្រិដ្ឋធ្ងន់ធ្ងរនិងបទល្មើសមជ្ឈិម» តាមរយៈការព្យាយាមបញ្ឈប់ការស៊ើបអង្កេតរយៈពេល២២ខែរបស់លោក Mueller ដែលគ្រប់គ្រាន់ដើម្បីប្ដឹងទម្លាក់លោកចេញពីតំណែងបាន៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា