នាយកស្តីទីខាងស៊ើបការណ៍សម្ងាត់ជាតិអាមេរិកដែលបានរារាំងមិនឲ្យបញ្ចេញពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់ដែលឥឡូវនេះជាបញ្ហាសំខាន់នៃការស៊ើបអង្កេតប្តឹងចោទប្រកាន់ទម្លាក់ប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីដំណែងមានគម្រោងផ្តល់កសិណសាក្សីជាសាធារណៈនៅថ្ងៃព្រហស្បត៍នេះនៅខាងមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្រ្ត។
លោក Joseph Maguire ក៏ត្រូវគេរំពឹងនឹងថ្លែងទៅកាន់កិច្ចប្រជុំសម្ងាត់របស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាដែរ។
កាលពីរសៀលថ្ងៃពុធ សមាជិកសភាខ្លះដែលស្ថិតនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ ត្រូវបានគេអនុញ្ញាតិឲ្យពិនិត្យមើលពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌ មានសម្ងាត់។ការវាយតម្លៃនោះ ជាទូទៅមានការខ្វែងគំនិតគ្នាដោយធ្វើទៅតាមគោលនយោបាយរបស់គណបក្សដោយគណបក្សប្រជាធិបតេយ្យ ហៅថា ជាការសំខាន់ខ្លាំងបំផុតហើយពួកគណបក្សសាធារណរដ្ឋគិតថា ការបញ្ចេញពាក្យបណ្តឹងជាសាធារណៈនេះ នឹងមិនបង្កឲ្យមានការព្រួយបារម្ភណាមួយដល់ជោគវាសនានៃការកាន់ដំណែងរបស់ប្រធានាធិបតីត្រាំ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់របស់គណបក្សសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា មានសារសម្រាប់សមាជិកសភាមកពីគណបក្សទាំង២។
ភាពចម្រូងចម្រាសនោះបានចាប់ផ្តើមកាលពីសប្តាហ៍មុននៅពេលដែលសេចក្តីរាយ ការណ៍មួយបានលេចចេញឡើងថា អ្នកបញ្ចេញព័ត៌មានសម្ងាត់មិនប្រាប់ឈ្មោះនៅក្នុងសហគមន៍ស៊ើបការណ៍សម្ងាត់ជាតិ បានធ្វើឲ្យមានការភ្ញាក់ផ្អើលអំពីសកម្មភាពជាបន្តបន្ទាប់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីត្រាំ ដែលរួមមានអ្វីដែលឥឡូវនេះត្រូវបានគេដឹងថា ជាការនិយាយទូរស័ព្ទនៅខែកក្កដារវាងប្រធានាធិបតីត្រាំនិងលោក Volodymyr Zelenskiy ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។អ្នកបញ្ចេញព័ត៌មានសម្ងាត់បានទាក់ទងជាមួយអធិការកិច្ចស៊ើបការណ៍សម្ងាត់ដែលបានហៅពាក្យបណ្តឹងនោះថាជាការធ្ងន់ធ្ងរ និង«បន្ទាន់»៕