រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin ដែលបានស្ថិតនៅក្នុងទីក្រុងប៉េកាំងបានចុះផ្សាយសារនៅក្នុងប្រព័ន្ធ Twitter នៅថ្ងៃសុក្រនេះថា លោកបានធ្វើការចរចាប្រកបដោយការស្ថាបនាជាមួយលោក លុយ ហេ ឧបនាយករដ្ឋមន្រ្តីចិន។
សារតាមប្រព័ន្ធ Twitter របស់លោកមានខ្លឹមសារថា៖ «តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងខ្ញុំបានបញ្ចប់ការចរចាខាងពាណិជ្ជកម្មប្រកបដោយការស្ថាបនានៅក្នុងទីក្រុងប៉េកាំង។ ខ្ញុំរំពឹងនឹងស្វាគមន៍លោក លុយ ហេ ឧបនាយករដ្ឋមន្រ្តីចិនដើម្បីបន្តការពិភាក្សាដ៏មានសារៈសំខាន់ទាំងនោះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ»។
កិច្ចព្រមព្រៀងថ្មីមួយអាចបញ្ចប់ការយកពន្ធគយរបស់ប្រទេសទាំង២ដែលដាក់ទៅវិញទៅមកក្នុងរយៈពេល៨ខែចុងក្រោយនេះ។ សហរដ្ឋអាមេរិកបានយកពន្ធគយលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ២៥០ពាន់លានដុល្លារខណៈដែលចិនបានយកពន្ធគយលើទំនិញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃប្រហែល១១០ពាន់លានដុល្លារ។
សហរដ្ឋអាមេរិកកំពុងទាមទារឲ្យមានការផ្លាស់ប្តូរគោលនយោបាយឧស្សាហកម្មរបស់ចិន រួមមានការបញ្ចប់ការធ្វើអន្តរាគមន៍ក្នុងទ្រង់ទ្រាយធំរបស់រដ្ឋនៅក្នុងទីផ្សារ ការជួយឧបត្ថម្ភប្រាក់របស់រដ្ឋសម្រាប់ឧស្សាហកម្មនានានិ ងការចោទប្រកាន់ពីការលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកមានទំនុកចិត្តថា សហរដ្ឋអាមេរិកអាចធ្វើកិច្ចព្រមព្រៀងជាមួយចិន ក៏ប៉ុន្តែ លោកប្រធានាធិបតីត្រាំបាននិយាយទៀតថា៖ «ប្រសិនបើមិនមែនជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ៍ទេ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀងនោះទេ»៕