ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​អាច​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ជិត​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​អាច​បញ្ចប់​ជម្លោះ​យក​ពន្ធ​គយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ដែល​ជម្លោះ​នេះ​បាន​រីក​រាលដាល​តាំង​ពី​ឆ្នាំ​មុន​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Wall Street Journal កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ដំណឹង​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​បាន​លើក​ទឹក​ចិត្ត​ទីផ្សារ​នានា​នៅ​ទ្វីប​អាស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​ដែល​កាសែត Wall Street Journal នេះ បាន​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping អាច​ជួប​គ្នា​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​លឿន​បំផុត​នៅ​ចុង​ខែ​មិនា​ខាង​មុខ​នេះ បន្ទាប់ពី​លោក Xi Jinping បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

សេចក្ដី​រាយការណ៍​នេះ​បាន​បញ្ជាក់​ថា ប្រទេស​ចិន​បាន​យល់ព្រម​បន្ទាប​ពន្ធ​គយ និង​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​លើ​ទំនិញ​អាមេរិកាំង ដែល​ក្នុង​នោះ​មាន​ទាំង​ទំនិញ​កសិកម្ម រថយន្ត និង​ផលិតផល​គីមី​ផ្សេង​ទៀត​ផង​ដែរ។ ជា​ថ្នូរ​នឹង​ការ​ធ្វើ​សម្បទាន​របស់​ចិន សហរដ្ឋ​អាមេរិក​នឹង​ឈប់​យក​ពន្ធ​គយ​ដែល​ខ្លួន​យក​លើ​ទំនិញ​ចិន​កាល​ពី​ឆ្នាំ​មុន។

ប្រទេស​ចិន​ក៏​បាន​យល់ព្រម​ផង​ដែរ​ចំពោះ​ការ​ទាមទារ​របស់​លោក Trump ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ឲ្យ​គម្លាត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​តូច​ជាង​មុន។ ប្រទេស​ចិន​ថែម​ទាំង​យល់ព្រម​ទិញ​ទំនិញ​អាមេរិកាំង​បន្ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​លទ្ធភាព​ទិញ​ឧស្ម័ន​ធម្មជាតិ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ផង​ដែរ៕

XS
SM
MD
LG