តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer កាលពីថ្ងៃអង្គារបាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងឈានជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយហើយ។
លោក Lighthizer បានប្រាប់គណៈកម្មាធិការហរិញ្ញវត្ថុនៃព្រឹទ្ធសភាថា៖ «ក្តីសង្ឃឹមរបស់យើងគឺថា យើងកំពុងស្ថិតនៅសប្តាហ៍ចុងក្រោយនៃដំណើរការចរចាពាណិជ្ជកម្មថ្មីមួយ»។
ក៏ប៉ុន្តែលោកបានថ្លែងថា នៅមានបញ្ហាសំខាន់ៗមួយចំនួនទៀតចាំបាច់ត្រូវដោះស្រាយ។
លោកបានថ្លែងបន្តថា៖ «នៅពេលនេះយើងមិនទាន់អាចព្យាករណ៍អំពីភាពជោគជ័យនេះបានទេ ប៉ុន្តែយើងកំពុងធ្វើការយ៉ាងសស្រាក់សស្រ្តាំ»។
លោកបាននិយាយបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងទទូចថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនឹងបញ្ជូលបទបញ្ញត្តិការពង្រឹងច្បាប់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតំឡើងពន្ធគយឡើងវិញ ប្រសិនបើចិនរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងគ្នា។
លោក Lighthizer បានថ្លែងថា៖ «យើងនឹងមានកិច្ចព្រមព្រៀងពង្រឹងច្បាប់មួយ បើមិនដូច្នេះទេលោកប្រធានាធិបតីនឹងមិនយល់ព្រមទេ»។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Trump បាននិយាយថា លោកមានជំនឿថា សហរដ្ឋអាមេរិកអាចបង្កើតកិច្ចព្រមព្រៀងមួយជាមួយនឹងចិន ប៉ុន្តែលោកបានបន្ថែមថា ប្រសិនបើវាមិនមានជាកិច្ចព្រមព្រៀងល្អទេ នោះខ្ញុំនឹងមិនយល់ព្រមជាដាច់ខាត»។
កិច្ចព្រមព្រៀងថ្មីនេះអាចបញ្ចប់ការតំឡើងពន្ធគយដាក់គ្នាទៅវិញទៅមកលើទំនិញនាំចេញរបស់ទាំងពីរនៅអំឡុងពេល១៨ខែមកនេះ។ សហរដ្ឋអាមេរិកបានតំឡើងពន្ធគយលើទំនិញចិនតម្លៃ២៥០ពាន់ដុល្លារ ខណៈចិនបានដំឡើងពន្ធគយលើទំនិញអាមេរិកដែលមានតម្លៃប្រមាណ១១០ពាន់លានដុល្លារ៕