ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានស្នើឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញលើការធ្វើឃាតលោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះនៅកម្ពុជា។
ការអំពាវនាវនេះស្របពេលដែលអ្នកគាំទ្រលោកកែមឡីកំពុងតែប្រារព្ធខួបលើកទី៤នៃឃាតកម្មរូបលោកទាំងថ្ងៃនៅកណ្តាលរាជធានីភ្នំពេញ។
នៅក្នុងសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូត និងធ្វីតថឺ (Twitter) ផ្ទាល់ខ្លួនរបស់លោកឯកអគ្គរដ្ឋទូតផែទ្រីក មឺហ្វីបានសរសេរថា៖
«ថ្ងៃនេះគឺជាខួបលើកទី៤ នៃមរណភាពយ៉ាងសោកនាដកម្មរបស់លោក កែម ឡី ដែលត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ ហើយជាអ្នកមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគ្មានការភ័យខ្លាចនៅក្នុងការស្វែងរកការពិត។ យើងសូមអំពាវនាវសាជាថ្មី ឱ្យមានការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាព លើការធ្វើឃាតលើរូបលោក»។
លោកកែម ឡីត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងសាំងកាល់តិចមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅពេលដែលលោកកំពុងទទួលទានកាហ្វេ។
អាជ្ញាធរបានចាប់ខ្លួន និងកាត់ទោសបុរសម្នាក់ឈ្មោះអឿត អាងឱ្យជាប់គុកមួយជីវិត។ ប៉ុន្តែក្រុមគ្រួសារមិនជឿលើការអះអាងរបស់បុរសនោះពីមូលហេតុនៃការធ្វើឃាតដោយសារតែការជំពាក់ប្រាក់ទេហើយបន្តទាមទារឱ្យរកជនពាក់ព័ន្ធ និងអ្នកបញ្ជាពីក្រោយខ្នង។
ស្របពេលជាមួយគ្នានេះដែរគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលកម្ពុជារំលាយបានចាប់ផ្តើមយុទ្ធនាការ «បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា» ដើម្បីជាកិត្តិយស និងទាមទារយុត្តិធម៌ដល់លោកកែម ឡី និងជនរងគ្រោះដោយសារការបាញ់សម្លាប់ដទៃទៀតដែលមានដូចជាអ្នកស្រីពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត និងអ្នករាំរបាំដ៏ល្បីឈ្មោះត្រូវឃាតកបាញ់សម្លាប់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩ ការធ្វើឃាតលោកជា វិជ្ជា មេដឹកនាំសហជីពកម្មករ និងលោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើជាដើម។ យុទ្ធនាការនេះរួមមានការប្រមូលហត្ថលេខាពលរដ្ឋតាមអនឡាញឱ្យបាន៥សែននាក់ដើម្បីប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅតុលាការអន្តរជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ។
លោកកែម ឡីតែងតែវិភាគ និងអត្ថាធិប្បាយលើបញ្ហាអសកម្មនានានៅក្នុងសង្គមក្នុងនោះមានការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ បក្សពួកនិយមនិ ងបញ្ហាព្រំដែនជាដើម៕