បេសកជនពាណិជ្ជកម្មចិនលោក He Lifeng បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent កាលពីថ្ងៃសុក្រ ដោយបង្ហាញ «ក្ដីបារម្ភខ្លាំងក្លា» ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការយកពន្ធគយបន្ថែមលើទំនិញនាំចូលពីចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
លោក He Lifeng «បានបង្ហាញក្ដីបារម្ភខ្លាំងក្លាចំពោះវិធានការដាក់កំហិតកាលពីពេលថ្មីៗនេះដូចជាការបង្កើនពន្ធគយជាដើមដែលសហរដ្ឋអាមេរិកបានដាក់លើប្រទេសចិន»។ នេះបើយោងតាមទូរទស្សន៍ CCTV របស់ចិន។
លោក Trump បានគំរាមដាក់ពន្ធគយទាំងលើសម្ព័ន្ធមិត្តនិងលើសត្រូវរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមទាំងចិនផងដែរ តាំងពីពេលដែលលោកបានចូលកាន់តំណែងកាលពីខែមុនមក។
លោកបានដាក់គំនាបពន្ធគយ ១០% បន្ថែមទៀតលើទំនិញទាំងអស់ដែលនាំចូលពីចិននៅដើមខែនេះ និងបានគំរាមចាត់វិធានការបន្ថែមទៀតក៏ដូចជាបានបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិនគឺ «អាចទៅរួច»។
ទូរទស្សន៍ CCTV បានរាយការណ៍កាលពីថ្ងៃសុក្រថា៖ «ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈជ្រាលជ្រៅជាមួយគ្នាលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗរវាងចិននិងសហរដ្ឋអាមេរិកទាក់ទិននឹងការអនុវត្តកុងសុងស៊ីសដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន»។
ទូរទស្សន៍ CCTV បានបន្ថែមថា៖ «ភាគីទាំងពីរបានទទួលស្គាល់អំពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និងបានឯកភាពគ្នាបន្តរក្សាការទាក់ទងលើបញ្ហាដែលជាក្ដីបារម្ភរួម»៕
វេទិកាបញ្ចេញមតិ