ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដោយ​មាន​វត្តមាន​អ.ស.ប ​លើ​ឃាតកម្ម​លោក កែម ឡី


រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​

ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ ចំនួន ៣០ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.)​ ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ មុន​ពេល​គម្រប់​ខួប​បួន​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​និង​ទទួល​បាន​ការ​គោរព​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​ថា​ រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​ណាមួយ ​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​ឥត​លម្អៀង​នោះ​ឡើយ។​

ក្រុម​អង្គការ​ដែល​រួម​មាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ គណៈ​កម្មការ​អ្នក​ច្បាប់​អន្តរជាតិ​និង​អង្គការ​ Not1More​ (N1M) ​ជាដើម បាន​សរសេរ​ថា៖

«ដោយសារ​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី​ និង​កង្វះ​ទំនុក​ចិត្ត​ពី​សំណាក់​សង្គមស៊ីវិល​លើ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា គណៈកម្មការ​នោះ​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ ​និង​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ឯករាជ្យ»។​

ភ្លាមៗ​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក ​កែម ឡី​ ​នៅ​ស្តារម៉ាត​ក្នុង​ស្ថានីយ៍​ចាក់​សាំង​កាល់តិច​ស្តុប​បូកគោ ​ខណ្ឌ​ចំការ​មន ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ អឿត អាង ​ដែល​អះអាង​ថា​ខ្លួន​មាន​ឈ្មោះ ​«ជួប សម្លាប់»​ ហើយ​ថែម​ទាំង​បាន​សារភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ ដោយ​លើក​ហេតុផល​ថា ​លោក ​កែម ឡី​ បាន​ជំពាក់​លុយ​ខ្លួន​ ហើយ​មិន​សង។​

ប៉ុន្តែមនុស្ស​ជាច្រើន​រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក កែម ឡី ​ផ្ទាល់​ផង​ និយាយ​កន្លង​មក​ថា​ ​បុរស​ដែល​មាន​រហស្សនាម​ថា​ ជួប សម្លាប់​ នោះ​គឺ​គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត​តែ​ប៉ុណ្ណោះ រី​ឯ​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ​ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។​

តុលាការ​កម្ពុជា​គ្រប់​ជាន់​ថ្នាក់​បានសម្រេច​ផ្តន្ទាទោស​បុរស​ឈ្មោះ អឿត អាង​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ឃាតកម្ម​នេះ។​

​លោក Phil Robertson ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​បន្ថែម​លើសេចក្តី​ថ្លែង​ការណ៍​រួម​នេះ​ ថា៖​

«អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​ពាក់ព័ន្ធ​ គួរ​តែ​ដាក់​សម្ពាធ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​អន្តរ​ជាតិ​មួយ ពី​ព្រោះ​ថា​ មាន​តែ​ធ្វើ​ដូច្នេះ​ទេ​ ទើប​អាច​មាន​លទ្ធភាព​នៃ​ការ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​លោក ​កែម ឡី»។​

ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ បាន​កើត​ឡើង​ ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បានផ្តល់​បទ​សម្ភាសន៍​ក្នុង​កម្មវិធី​វិទ្យុ​អំពី​របាយ​ការណ៍​ស៊ើប​អង្កេត​មួយ​របស់​អង្គការ​ Global Witness ​ដែល​មាន​ចំណង​ជើង​ថា «HOSTILE TAKEOVER​ ឬ «ការ​កាន់កាប់​ដោយ​អរិភាព»។ ​របាយ​ការណ៍​នេះ​ រៀបរាប់​ពិស្តារ ​អំពី​អំពើ​ពុករលួយ​ដែល​រីក​សុះសាយ​នៅ​កម្ពុជា​ ដោយ​មាន​ភ្ជាប់​លោក​នាយក​រដ្ឋមន្ត្រី​ និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។​

វីអូអេ​ មិន​អាច​ទាក់​ទង​លោក ផៃ ស៊ីផាន ​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ ត្រឹម​ម៉ោង​ផ្សាយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ប៉ុន្តែ​លោក ​ជិន ម៉ាលីន​ ដែល​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​ដែរ​ នោះ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​លើកឡើង​អំពី​លោក​ កែម ឡី ជា​រៀង​រាល់​ឆ្នាំ​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​ «កេង​ចំណេញ​ខាង​នយោបាយ​ទៅ​លើ​សព​របស់​លោក» តែ​ប៉ុណ្ណោះ។

«ការ​លើក​ឡើង​គឺ​លើក​ឡើង​ដោយ​គំនុំ​គុំកួន​ ដើម្បី​ធ្វើ​ការ​រិះគន់​តែ​ប៉ុណ្ណោះ​ទេ​ មិន​មាន​មូលដ្ឋាន​ទេ។ ​ការ​ស្លាប់​របស់​លោក​បណ្ឌិត ​កែម ឡី​ គឺ​ជា​ករណី​ឃាតកម្ម​ អ៊ីចឹង​ទេ​ត្រូវ​តែ​យក​យន្តការ​ច្បាប់​មក​អនុវត្ត​ គឺ​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ​ទៅ​តាម​ទិដ្ឋ​ភាព​ច្បាប់​ដែល​មាន​ជា​ធរមាន»៕

XS
SM
MD
LG