ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហាញក្តី«កង្វល់យ៉ាងជ្រាលជ្រៅ» ដោយលើកឡើងថា ការបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នៅបន្តកើតមាន។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ស្ថានទូតបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្ត្រចម្រុះដ៏សម្បូរបែបនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ត្រូវបានអភិរក្ស។
អាមេរិកបញ្ជាក់ថា៖ «ការបាត់បង់ព្រៃឈើនៅព្រៃឡង់និងនៅទូទាំងប្រទេស មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចពុំមានភាពច្បាស់លាស់»។
ស្ថានទូត ជំរុញឲ្យអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ «ត្រូវតែដើរស្របគ្នា» ក្នុងការងារអភិរក្សតំបន់ការពារដូចជាព្រៃឡង់។
បើតាមសេចក្តីថ្លែងការណ៍ ទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ឬហៅថាUSAID បានធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញឲ្យមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្មរបស់សហគមន៍។
បើតាមស្ថានទូត ទីភ្នាក់ងារ USAID របស់អាមេរិក មានគម្រោងមានឈ្មោះថា «ព្រៃឡង់បៃតង» ដើម្បីជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ជាមួយក្រសួងបរិស្ថាន។
សកម្មភាពនៃគម្រោងនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយពុំមានថវិកាណាត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលកម្ពុជាឡើយ។
ស្ថានទូតបន្ថែមថា ខ្លួននឹងបន្តធ្វើការដោយផ្ទាល់ជាមួយបណ្តាញព្រៃឡង់ (Prey Lang Community Network) និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ក្នុងគោលដៅរួមនៃការការពារព្រៃឡង់។
ស្ថានទូតអាមេរិកក៏បានបញ្ជាក់ថាខ្លួនបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយពិភាក្សាអំពីការរឹតត្បិតមិនឲ្យប្រជាជនកម្ពុជាចូលក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។
ស្ថានទូតបញ្ជាក់ថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តអំពាវនាវឲ្យមានចំណាត់ការ ដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្ត្រចម្រុះដ៏ល្អនៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត»។
លោក Chad Roedemeier មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមលើសេចក្តីថ្លែងការណ៍ ទាក់ទងនឹងសំណួរអំពីជំនួយដែលជួយដល់ការអភិរក្សព្រៃឡង់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងស្វាគមន៍ក្តីបារម្ភរបស់ដៃគូពាក់ព័ន្ធ ប៉ុន្តែលោកថា រដ្ឋាភិបាលមាន«ការតាំងចិត្តខ្ពស់»ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងការការពារព្រៃឡង់ ដូចជាការពង្រឹងការអនុវត្តច្បាប់ផងដែរ។ លោកបន្តថា ក្រសួងបរិស្ថានបានដឹកនាំការងារចូលរួមការពារព្រៃឡង់ ដោយការទទួលខុសត្រូវ។
លោកជំរុញឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់ ធ្វើការជាមួយបណ្តាញសហគមន៍ការពារបរិស្ថានណា ដែលត្រូវបានចុះបញ្ជីស្របច្បាប់ក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ជាមួយគ្នានេះ ក្រសួងបរិស្ថានបានជំរុញនិងលើកទឹកចិត្តដល់បណ្តាម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ បន្តធ្វើការនិងគាំទ្រថវិកាចំពោះតែសមាគមនិងអង្គការក្រៅរដ្ឋាភិបាលណាដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់»។
កន្លងទៅ ក្រសួងបរិស្ថាន បានចោទបណ្តាញព្រៃឡង់ថា ធ្វើ«សកម្មភាពលួចលាក់ និងដោយខុសច្បាប់» ដោយមិនបានចុះឈ្មោះត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងបរិស្ថានបន្តថា ក្រសួងបរិស្ថាននិងទីភ្នាក់ងារ USAID នឹងបន្តធ្វើការការងារយ៉ាងស្អិតរមួតជាមួយគ្នា និងជជែកគ្នាដើម្បីរកដំណោះស្រាយរួមក្នុងការការពារព្រៃឡង់ឲ្យបានគង់វង្ស។
បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាននិងទីភ្នាក់ងារ USAID បានកំពុងអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់២០២៣ ដែលមានថវិកាសរុបជាង២១លានដុល្លារអាមេរិក។
កាលពីចុងខែកុម្ភៈ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញការរកឃើញថ្មីមួយអំពីការបន្តកាប់ព្រៃឡង់ទ្រង់ទ្រាយធំ ខណៈការល្បាតព្រៃរបស់ប្រជាសហគមន៍ ត្រូវបានហាមឃាត់ជាង១ឆ្នាំមកហើយ។ អង្គការអន្តរជាតិមួយនេះ បង្ហាញក្តីព្រួយបារម្ភថា ព្រៃឡង់ដែលមានផ្ទៃក្រឡាប្រមាណកន្លះលានហិកតា ស្ថិតក្នុង«ហានិភ័យធ្ងន់ធ្ងរ»។
អង្គការអន្តរជាតិនេះ ជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាសហគមន៍ និងសកម្មជនបរិស្ថាន អាចចូលរួមការពារបរិស្ថានវិញ ដើម្បីកុំឲ្យបន្តបាត់បង់ព្រៃឈើដ៏វិសេស ដែលមានប្រជាជនប្រមាណ២៥ម៉ឺននាក់ កំពុងរស់នៅក្នុងតំបន់ និងក្រៅតំបន់ការពារ។
កាលពីកន្លងទៅ បណ្តាញសហគមន៍ព្រៃឡង់បានឲ្យដឹងថា ព្រៃឡង់កម្ពុជាបន្តរងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគេអាចចូលរួមល្បាតព្រៃឡង់ឡើងវិញ។
គួរបញ្ជាក់ថា ព្រៃឡង់មានផ្ទៃដីប្រមាណ៥០ម៉ឺនហិកតាដោយគ្របដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង៕