ក្រុមសកម្មជនព្រៃឈើ សិទ្ធិមនុស្ស និស្សិតនិងព្រះសង្ឃជាង៨០នាក់ បានអំពាវនាវឲ្យរដ្ឋាភិបាល បិទអាជីវកម្មឈើរបស់ក្រុមហ៊ុនចំនួនពីរ គឺ Think Biotech (Cambodia) Co., Ltd និង Angkor Plywood Co. Ltd ដោយពួកគេលើកឡើងថា វត្តមានក្រុមហ៊ុនទាំងពីរនេះ នាំឲ្យមានការសម្រុកកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ការពារ រួមទាំងដែនជំរកសត្វព្រៃ និងតំបន់ព្រៃឡង់ផងដែរ។
លោក អ៊ូច ឡេង សកម្មជនការពារព្រៃឈើ ដែលទទួលបានរង្វាន់ចំពោះសកម្មភាពការពារបរិស្ថាន បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសមួយនៅថ្ងៃពុធនេះថា៖
«បទល្មើសជាច្រើន មិនត្រឹមតែខ្ញុំ និងក្រុមការងារដែលជាសកម្មជនព្រៃឈើនេះទេ សូម្បីតែម្ចាស់ជំនួយដូចជា USAID ក៏ដូចជាស្ថាប័នផ្សេងៗទៀត ដូចជាបងៗកងកម្លាំងប៉េអ៊ឹម គណៈកម្មការថ្នាក់ជាតិ ក៏បានរកឃើញបទល្មើសប្រព្រឹត្តឡើងនៅក្នុងក្រុមហ៊ុននេះដែរ ដែលតែងតែកាប់ និងពង្រាយកម្មករ ដើម្បីប្រមូលឈើចេញពីតំបន់ការពារ»។
សេចក្តីថ្លែងការណ៍រួមគ្នារបស់ក្រុមសកម្មជនព្រៃឈើទាំងនេះ បានរៀបរាប់ថា អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងពីរនេះ នៅតែបន្តក្នុងអំឡុងពេលមានការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ ខណៈសកម្មជនព្រៃឈើត្រូវបានរារាំង និងរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរ នៅពេលដែលពួកគេបានព្យាយាមចូលល្បាតព្រៃនៅក្នុងតំបន់ស្នូលព្រៃឡង់នាពេលកន្លងមក។
លោក សេង សុខហេង អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ បានប្រាប់វីអូអេថា ការខនខានរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការលើក្រុមហ៊ុនទាំងនេះ អាចទាក់ទងនឹងអំពើពុករលួយ។
«ពួកគេមួយចំនួនធំ គឺទទួលបានផលប្រយោជន៍ពីបទល្មើសព្រៃឈើហ្នឹង។ បើពួកគេព្រមបិទ មានន័យថា ពួកគេកំពុងតែបំផ្លាញ ឬ វាយបំបែកឆ្នាំងបាយខ្លួនឯង។ អ៊ីចឹងហើយបានជាពួកគេ ចេះតែពន្យារពេល ចេះតែរកវិធីសាស្ត្រ និងហេតុផល ដើម្បីការពារទង្វើរបស់ឈ្មួញទាំងអស់នោះ»។
វីអូអេមិនអាចទាក់ទងលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីស្នើសុំការអត្ថាធិប្បាយបានទេ គិតត្រឹមម៉ោងផ្សាយនៅយប់ ថ្ងៃពុធនេះ៕