ព្រះតេជព្រះគុណ បូរ បេត មិនបានជួបញោមស្រី (ម្តាយ) ដោយផ្ទាល់ជិត៥ខែមកហើយ ក្រោយពេលបានលាក់ព្រះកាយ ក្នុងខេត្តឧត្តរមានជ័យជាប់ព្រំដែនថៃ ចាប់ពីដើមខែសីហា។ ចុងក្រោយនេះ ព្រះតេជព្រះគុណដែលជាសកម្មជនសង្ឃមួយអង្គការពារព្រៃឈើ បានសម្រេចនិមន្តចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ ដោយបារម្ភពីការចាប់ផ្សឹក។ ព្រះអង្គកំពុងស្វះស្វែងរកសិទ្ធិជ្រកកោន ដូចសកម្មជននយោបាយជាច្រើននាក់ផ្សេងទៀត ដែលរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាច៣៥ ឆ្នាំមកហើយ។
ចាប់តាំងពីដើមខែសីហាមក ព្រះតេជព្រះគុណ បូរ បេត ព្រះជន្ម៣៤ វស្សា និងព្រះសង្ឃមួយអង្គទៀត គឺព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ព្រះជន្ម៥៤ វស្សា បានចាប់ផ្តើមលាក់ព្រះកាយ ក្រោយទទួលបានព័ត៌មានថាអាជ្ញាធរចង់ចាប់ខ្លួនព្រះតេជព្រះគុណ ស្របពេល ព្រះតេជព្រះគុណ បានចេញព្រះភក្រ្តនៅកន្លែងតវ៉ា ទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន មេដឹកនាំសហជីពល្បីឈ្មោះមួយរូប។ អ្នកចូលរួមប្រមាណ២០ នាក់ រួមមានទាំងព្រះសង្ឃមួយអង្គ ព្រះនាមកើត សារ៉ាយ គង់នៅវត្តមួយក្នុងខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារនៅភ្នំពេញ ក្រោយឡើងមកតវ៉ា។ ការចាប់ព្រះសង្ឃផ្សឹកនិងចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នាំឲ្យព្រះតេជព្រះគុណ បូរ បេត ដែលជាសមាជិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម គេចព្រះកាយ មុនចាកចេញពីប្រទេសកម្ពុជា។
ព្រះតេជព្រះគុណ មានសង្ឃដីកាប្រាប់ VOA ថា៖ «វាសនារបស់អាត្មាអត់ខុសពីវាសនារបស់ព្រះអង្គ( ព្រះតេជព្រះគុណ)កើត សារ៉ាយទេ ដោយសារការងារយើងធ្វើដូចគ្នា។ យើងទៅតវ៉ា យើងទៅគាំទ្រឲ្យដោះលែងលោកគ្រូ រ៉ុង ឈុន»។
ព្រះតេជព្រះគុណបានទទួលព័ត៌មានថា មានការចេញបញ្ជាឲ្យចាប់ព្រះកាយរបស់ព្រះតេជព្រះគុណ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅពេលដែលព្រះអង្គលាក់ព្រះកាយ។
ព្រះតេជព្រះគុណបន្ថែមថា៖ «អាត្មាភាពអត់មានសុវត្ថិភាពផ្ទាល់ខ្លួនទេ។ ទីមួយដោយសារយើងបានមកលាក់ខ្លួននៅក្នុងព្រៃមួយនៅក្នុងខេត្តឧត្តរមានជ័យហ្នឹង គឺជិត៤ខែ។ ដល់ពេល គេតាមដានយើង គេដឹង ហើយគេប៉ុនប៉ងទៅចាប់អាត្មាពេលល្ងាចនៅក្នុងព្រៃមួយកន្លែង។ អញ្ចឹងអាត្មាដឹងព័ត៌មានពីប្រធានសង្ឃគ្រប់គ្រងហ្នឹង ដល់អញ្ចឹងលោកប្រាប់ឲ្យយើងភៀសខ្លួនចេញ»។
ចាប់តាំងពីដើមខែសីហា គឺអស់រយៈពេលជាង៤ខែមកហើយ ដែលព្រះតេជព្រះគុណបានលាក់ព្រះកាយក្នុងខេត្តឧត្តរមានជ័យ មុននឹង ព្រះតេជព្រះគុណបានសម្រេចចាកចេញទៅប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
ព្រះតេជព្រះគុណបន្តថា៖ «ដោយសារអាត្មាមិនចង់ឲ្យមានការចាប់ខ្លួន ជាពិសេសគឺអាត្មាមិនចង់ផ្លាស់ប្តូរភេទជាអ្នកបួសទេ។ ចង់នៅភេទជាអ្នកបួស។ ដោយសារអាត្មាស្រឡាញ់ភេទជាអ្នកបួសនេះ តាំងពីតូច តាំងពីអាយុ១០ឆ្នាំអីមក។ រហូតមកដល់ពេលនេះ អាត្មានៅតែស្រឡាញ់ភេទជាអ្នកបួសហ្នឹង ជាភេទមួយដ៏ល្អ ដ៏ឧត្តមសម្រាប់ខ្លួនឯង»។
ព្រះតេជព្រះគុណ បូរ បេត បានចាប់ផ្តើមបួសជាព្រះសង្ឃតាំងពីព្រះតេជព្រះគុណ មានព្រះជន្ម១៣វស្សា នៅក្នុងភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាតំបន់សំបូរទៅដោយព្រៃឈើ គឺព្រៃឡង់ ដែលជាព្រៃអភិរក្សចុងក្រោយមួយរបស់កម្ពុជា។ រីកធំធាត់ក្នុងតំបន់ព្រៃឡង់នេះហើយដែលធ្វើឲ្យព្រះតេជព្រះគុណស្រឡាញ់ព្រៃឈើ ហើយព្រះតេជព្រះគុណ ក៏បានក្លាយជាសកម្មជនមួយអង្គការពារព្រៃឈើរបស់កម្ពុជាដែលបានបាត់បង់ក្នុងទំហំដ៏ធំ។ បន្ថែមពីនេះ ព្រះតេជព្រះគុណក៏ចង់ឃើញយុត្តិធម៌សង្គមនានា ដោយចូលរួមតវ៉ា ទាមទាររកយុត្តិធម៌ដល់អ្នកតស៊ូសិទ្ធិមនុស្ស ដូចជាករណីលោក រ៉ុង ឈុន ជាដើម។
ព្រះតេជព្រះគុណមានសង្ឃដីកាថាកាលពីនៅតូច ផ្ទះរបស់ព្រះតេជព្រះគុណ នៅក្បែរវត្ត ហើយឃើញសាច់ញាតិបួសជាសង្ឃ ធ្វើឲ្យព្រះតេជព្រះគុណ ចង់បួសដោយមិនមានឪពុកម្តាយបង្ខិតបង្ខំនោះទេ។
ព្រះតេជព្រះគុណ បូរ បេត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន៥នាក់ ប្រុស៤នាក់ និងស្រីមួយនាក់។ ឪពុកម្តាយរបស់ព្រះតេជព្រះគុណជាអ្នកធ្វើស្រែចម្ការគឺដាំស្រូវ និងដើមស្វាយចន្ទី។ ចំណែកឪពុកជាអតីតទាហានចូលនិវត្តន៍ម្នាក់ ដែលទទួលបានប្រាក់ខែប្រមាណ៦០ ម៉ឺនរៀលក្នុងមួយខែ។
ញោមស្រីរបស់ព្រះតេជព្រះគុណ បូរ បេត គឺអ្នកស្រី អ៊ុក ភួន អាយុ៥៧ឆ្នាំ មានប្រសាសន៍ថាអ្នកស្រីបារម្ភខ្លាចកូនប្រុសត្រូវចាប់ខ្លួននៅក្នុងប្រទេស ចាប់តាំងពីអ្នកស្រីមិនបានជួបកូនដោយផ្ទាល់ អស់រយៈពេល៥ខែមកហើយ។
អ្នកស្រីជាកសិករធ្វើស្រែចម្ការ ក្នុងភូមិស្រែវាលខាងលិច ឃុំដងកាំបិត មានប្រសាសន៍ថា៖ «អូ! បើនៅក្នុងប្រទេស មីងព្រួយចិត្តរហូត។ ព្រួយចិត្តខ្លាច ក្រែងលោកគេចាប់ គេចង មិនចង់ឲ្យគេធ្វើបាបកូន។ ប៉ុនដល់ពេលកូន ជួបការលំបាកប៉ុន្មានខែនេះ មីងព្រួយចិត្តដែរ។ ព្រួយចិត្តដូចថាមិនបានមកជួបកូន មិនបាននៅមើលកូន។ ឃើញកូនតែតាមទូរស័ព្ទទេ អត់ដែលបានឃើញកូនផង»។
កាលពីដើមខែមិថុនា សកម្មជនសង្ឃល្បីឈ្មោះមួយអង្គ គឺព្រះតេជព្រះគុណ លួន សុវ៉ាត ត្រូវបង្ខំឲ្យផ្សឹកក្នុងការចោទប្រកាន់សន្ទនាស្នេហាជាមួយមនុស្សស្រី។ ក្រោយមកតុលាការខេត្តសៀមរាប ក៏បានសម្រេចចោទប្រកាន់ព្រះភិក្ខុសង្ឃអង្គនេះ ពីបទរំលោភសេពសន្ថវៈ តែព្រះអង្គបានច្រានចោលការចោទប្រកាន់នេះ និងលើកឡើងថាអាជ្ញាធរកម្ពុជាធ្វើបាបព្រះអង្គ។ ព្រះតេជព្រះគុណ លួន សុវ៉ាត បានភៀសព្រះកាយសុំសិទ្ធិជ្រកកោននៅប្រទេសស្វីស រហូតដល់ពេលបច្ចុប្បន្ននេះ។
ប៉ុន្តែរឿងរ៉ាវរបស់ព្រះតេជព្រះគុណ បូរ បេត ផ្តើមចេញពីការចូលរួមតវ៉ាទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។
ភ្លាមៗបន្ទាប់ចូលរួមតវ៉ា គណសង្ឃរាជធានីភ្នំពេញ ក៏បានចេញលិខិតមួយច្បាប់និមន្តព្រះសង្ឃទាំងអស់នៅក្នុងវត្តប្រយូវង្ស កន្លែងដែលព្រះតេជព្រះគុណបូរ បេត គង់នៅ ឲ្យចូលរួមកិច្ចប្រជុំមួយ ដោយមិនបានប្រាប់ពីគោលបំណង។ យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី៤ ខែសីហា គណសង្ឃនៅភ្នំពេញ បាននិមន្តព្រះគ្រូអនុគណ សហការីអនុគណខណ្ឌចំការមន និងព្រះចៅអធិការព្រមទាំងព្រះសង្ឃទាំងអស់ក្នុងវត្តប្រយូវង្ស ចូលរួមប្រជុំមួយ នៅសាលាគណរាជធានីភ្នំពេញ នៅវត្តបុទុមវតី នៅថ្ងៃទី៥ ខែសីហា វេលាម៉ោង២រសៀល។ ពិធីនេះនៅក្រោមអធិបតីភាពព្រះតេជព្រះគុណឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។ លិខិតមួយច្បាប់នេះហើយ ទើបធ្វើឲ្យព្រះតេជព្រះគុណ បូរ បេត មានការសង្ស័យថា គណសង្ឃមានបំណងផ្សឹកព្រះតេជព្រះគុណ និងចាប់ព្រះកាយ។
ព្រះតេជព្រះគុណមានសង្ឃដីកាថា៖ «អាត្មាបានទទួលព័ត៌មានពីមិត្តភ័ក្តិដែលនៅទីក្រុងភ្នំពេញបានប្រាប់ថាអាជ្ញាធរគេកំពុងបោសសម្អាតព្រះសង្ឃ អ្នកដែលឈឺឆ្អាលនឹងសង្គម គេបោសសម្អាតទាំងអស់»។
ព្រះតេជព្រះគុណ បូរ បេត ជាអ្នកសិក្សាខ្ពង់ខ្ពស់ជាងគេក្នុងចំណោមបងប្អូនទាំងអស់របស់ព្រះតេជព្រះគុណ។ ព្រះតេជព្រះគុណ បានបញ្ចប់បរិញ្ញាបត្រចំនួនពីរ គឺខាងផ្នែកសង្គមវិទ្យាមួយ និងខាងផ្នែកច្បាប់មួយទៀត។ ព្រះតេជព្រះគុណ ក៏បានបន្តការសិក្សាកម្រិតខ្ពស់មួយទៀត រហូតបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ។
បន្ថែមពីការស្រឡាញ់ការសិក្សា និងការប្តេជ្ញាចូលរួមកិច្ចការសង្គម ព្រះតេជព្រះគុណ បានចូលរួមយ៉ាងសកម្មក្នុងការពារព្រៃឈើ និងទាមទារយុត្តិធម៌សង្គម ចាប់តាំងពីដើមឆ្នាំ២០១៣មក។
ព្រះតេជព្រះគុណ មានសង្ឃដីកាថា៖ «ពេលដែលអាត្មាបួស។ អាត្មាព្យាយាមសិក្សាពីសង្គម ហើយព្យាយាមធ្វើការ ដើម្បីសង្គមជាតិ ចង់ឲ្យសង្គមជាតិមានការផ្លាស់ប្តូរវិវឌ្ឍពីរបបសង្គមកុម្មុយនីស្តទៅជារបបសង្គមប្រជាធិបតេយ្យ ដោយសារតែខួរក្បាលរបស់អាត្មា គឺអាត្មាស្រឡាញ់សង្គមប្រជាធិបតេយ្យ»។
ព្រះតេជព្រះគុណ បន្ថែមថា៖ «បើសិនអត្មាឆាន់បាយហើយ គង់(តែ)នៅក្នុងវត្ត។ អាត្មាអត់អាចគង់បាន។ អាត្មាឈឺចាប់ រឿងការជិះជាន់ពលរដ្ឋខ្មែរយើង ការកាប់បំផ្លាញព្រៃឈើអីហ្នឹង អាត្មាមិនអាចនៅបានទេ»។
ព្រះតេជព្រះគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដីកាថាគណសង្ឃមិនមានគម្រោងផ្សឹកព្រះតេជព្រះគុណ បូរ បេត នោះទេ។ ព្រះតេជព្រះគុណ បន្តថាការនិមន្តព្រះសង្ឃនៅវត្តប្រយូវង្ស ក្នុងខណ្ឌចំការមន ដោយចង់សួរអំពីការស្នាក់នៅវត្ត ថាតើអាចគង់នៅបានទេ ដោយសារមានប្រជាពលរដ្ឋច្រើនរស់នៅជុំវិញវត្ត។
ព្រះតេជព្រះគុណ មានសង្ឃដីកាថា៖ «ត្រង់ថាមានអីពាក់ព័ន្ធនឹងចាប់អង្គណា ដូចមិនមែនទេ។ ចេះតែបំផ្លើសហើយ។ ប្រហែលជាមកពីចង់ទៅក្រៅប្រទេស ចេះតែឆ្លើយបំផ្លើសអីអញ្ចឹងទៅ»។
ព្រះមេគណសង្ឃរូបនោះ ឲ្យដឹងទៀតថាកន្លងទៅមានការហាមព្រះសង្ឃកុំឲ្យចូលរួមបាតុកម្ម ឬការតវ៉ានានា ដែលព្រះតេជព្រះគុណថាមាន«លក្ខណៈមិនសមរម្យ និងខុសឆ្គង»។
ព្រះតេជព្រះគុណ មានសង្ឃដីកាថា៖ «គណសង្ឃមានតួនាទីមួយ ហាមឃាត់មិនឲ្យធ្វើ[បាតុកម្ម] ប៉ុន្តែបើសិនជានៅប្រព្រឹត្តគន្លង គណសង្ឃនឹងឲ្យលាចាកសិក្ខាបទចេញពីអ្នកបួសទៅជាគ្រហស្ថវិញ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចបញ្ជាក់ថាតើអាជ្ញាធរតាមចាប់ព្រះកាយព្រះអង្គ បូរ បេត និងព្រះអង្គផ្សេងទៀត ឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «គេចាប់ គេចាប់តែអ្នកណា ដែលធ្វើសកម្មភាពប្រព្រឹត្តខុសនឹងច្បាប់។ ឧទាហរណ៍ ច្បាប់បានហាមឃាត់ហើយ តែយើងនៅតែប្រព្រឹត្តអំពើល្មើសអញ្ចឹងទៅទៀត អាហ្នឹងវាត្រូវច្បាប់ដោះស្រាយហើយ។ សួរព្រះអង្គវិញទៅ តើព្រះអង្គមានជាប់ពាក់ព័ន្ធនឹងការ(ធ្វើ)បាតុកម្មខុសច្បាប់អីទេ?»។
ត្រឡប់មកព្រះអង្គ បូរ បេតវិញ ដែលកំពុងគង់នៅប្រទេសថៃ និងរង់ចាំការអនុញ្ញាតឲ្យស្នាក់នៅជាជនភៀសខ្លួន ព្រះអង្គមានបំណងចង់ធ្វើជាអ្នកនយោបាយមួយរូប បើមានឱកាស ដោយសារព្រះអង្គចង់ធ្វើជាតំណាងរាស្រ្ត ដើម្បីចូលរួមក្នុងកិច្ចការជួយប្រជាពលរដ្ឋ។
ព្រះតេជព្រះគុណ មានសង្ឃដីកាថា៖ «បើយើងចង់ធ្វើនយោបាយ ដូចថា១០ឆ្នាំអីទៅមុខទៀត យើងអាចមកធ្វើនយោបាយ យើងសឹក ធ្វើនយោបាយ ធ្វើអីវិញ»។
ព្រះតេជព្រះគុណបន្តថាព្រះតេជព្រះគុណ មិនចង់ចាកចេញពីកម្ពុជានោះទេ ហើយព្រះតេជព្រះគុណចង់គង់នៅក្នុងប្រទេស ដើម្បីអាចចូលរួមសកម្មភាពសង្គមបាន។
ព្រះអង្គមានសង្ឃដីកាថា៖ «តាមពិតអាត្មាអត់ដែលមានគំនិតចង់ចេញពីកម្ពុជាទេ។ មានញាតិញោមឲ្យអាត្មាទៅនៅបារាំង។ អាត្មាធ្លាប់ទៅលេងបារាំង តែអាត្មាអត់ចង់នៅ។ អាត្មាចង់នៅតស៊ូ ដើម្បីសង្គមជាតិអាត្មា។ បើសិនជាមានការផ្លាស់ប្តូរអ្វីដែលអាចឲ្យចូលស្រុកខ្មែរវិញ អាត្មាព្យាយាមនឹងចូលស្រុកខ្មែរវិញ»៕