អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញការរកឃើញថ្មីមួយអំពីការបន្តកាប់ព្រៃឡង់ទ្រង់ទ្រាយធំ ខណៈការល្បាតព្រៃរបស់ប្រជាសហគមន៍ត្រូវបានហាមឃាត់ជាង ១ ឆ្នាំមកហើយ។
សេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិមួយនេះ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឲ្យដឹងថា រូបភាពដែលថតតាមប្រព័ន្ធផ្កាយរណប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញគំនរឈើជាច្រើនក្នុងតំបន់ដែលត្រូវបានកាប់បំផ្លាញ។ រូបភាពទាំងនោះក៏បង្ហាញផ្លូវចូលថ្មី ដែលមិនមានទេកាលពីខែមករា ឆ្នាំមុន។
អង្គការអន្តរជាតិមួយនេះបង្ហាញក្តីព្រួយបារម្ភថា ព្រៃឡង់ដែលមានផ្ទៃក្រឡាប្រមាណកន្លះលានហិកតា ស្ថិតក្នុង «ហានិភ័យធ្ងន់ធ្ងរ» ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីអ្នកការពារបរិស្ថានត្រូវបានហាមឃាត់មិនឲ្យចុះល្បាតតំបន់ព្រៃឡង់តទៅទៀត។
លោក Richard Pearshouse ប្រធានផ្នែកកិច្ចការ «វិបត្តិនិងបរិស្ថាន» នៃអង្គការ Amnesty International មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ ថា៖ «ខណៈអាជ្ញាធរកម្ពុជាហាមឃាត់បណ្តាញសហគមន៍ព្រៃឡង់ និងអ្នកការពារបរិស្ថានមិនឲ្យចូលការពារតំបន់ព្រៃឡង់ អ្នកកាប់ឈើខុសច្បាប់កំពុងតែកាប់ព្រៃឈើ ដោយគ្មានទោសពៃរ៍»។
អង្គការអន្តរជាតិនេះជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាសហគមន៍ និងសកម្មជនបរិស្ថាន អាចចូលរួមការពារបរិស្ថានវិញ ដើម្បីកុំឲ្យបន្តបាត់បង់ព្រៃឈើដ៏វិសេស ដែលមានប្រជាជនប្រមាណ ២៥ ម៉ឺននាក់ កំពុងរស់នៅក្នុងតំបន់ និងក្រៅតំបន់ការពារ។
អង្គការមួយនេះក៏បានរិះគន់រដ្ឋាភិបាលកម្ពុជា ករណីចាប់ខ្លួនសកម្មជនបរិស្ថានជាបន្ទាប់ ដែលមាន «លក្ខណៈជាប្រព័ន្ធ» នៃការបង្រ្កាប។ អង្គការក៏បានបារម្ភអំពីគម្រោងតភ្ជាប់បណ្តាញអគ្គិសនី ឆ្លងកាត់តំបន់ព្រៃឡង់ផងដែរ។
កាលពីដើមខែកុម្ភៈ សកម្មជនបរិស្ថាននិងសហគមន៍ព្រៃឈើ ៥ នាក់ ដែលក្នុងនោះមានលោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក (Goldman Environmental Prize) ត្រូវបានចាប់ខ្លួន ដោយសារយកស្លាកដាក់ភ្ជាប់តាមដើមឈើ ក្នុងន័យឲ្យជួយថែរក្សាព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះ។ នេះបើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ។
លោក សុខ ប្លោក តំណាងបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំ ប្រាប់ VOA ថា ព្រៃឡង់កម្ពុជាបន្តរងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ ដូចដែលអង្គការ Amnesty International បានរកឃើញ។ លោកបន្តថា ការហាមឃាត់ប្រជាសហគមន៍មិនឲ្យចូលរួមការពារ ស្មើនឹងអនុញ្ញាតឲ្យមានការបន្តកាប់ព្រៃឡង់ដោយសេរី។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាបើសិនថា រដ្ឋាភិបាលគាត់មានចេតនាទុក ព្រៃឡង់នឹងសល់។ តែបើសិនថា នៅតែដូចរាល់ថ្ងៃ ខ្ញុំគិតថាមិនសល់ទេបង ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ កាលដែលយើងបានចូលល្បាត ទោះបីយើងដឹងថា យើងចូលទៅ ហើយយើងចេញមកវិញ គេចូលកាប់តែពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក្នុងមួយខែ បណ្តាញព្រៃឡង់ចូលបានម្តង ឬពីរដងក្នុងមួយខែ»។
លោកបន្តថា ក្រុមរបស់លោកត្រូវបានចោទប្រកាន់ថាជា «បណ្តាញមិនស្របច្បាប់» មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងសហការជាមួយក្រសួងបរិស្ថាន។ លោកបានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាល ដែលថាក្រុមរបស់លោកមានចេតនាមិនល្អ។
លោកបន្ថែមថា៖ «ហើយគោលបំណងដែលពួកខ្ញុំធ្វើនេះ បងដឹងហើយថា ពួកខ្ញុំអត់ដែលធ្វើដើម្បីកេងចំណេញរឿងនយោបាយ បានប្រាក់លាភប្រាក់សក្ការៈអីទេ គឺពួកខ្ញុំធ្វើដោយលះបង់សុទ្ធសាធ ដើម្បីជាតិមាតុភូមិ ពិសេសគឺព្រៃឈើតែម្តង»។
លោក ខេម សុឃី សមាជិកបណ្តាញព្រៃឡង់ក្នុងខេត្តព្រះវិហារ ក៏បានបង្ហាញក្តីព្រួយបារម្ភដូចគ្នាថាការកាប់ព្រៃឡង់នៅតែបន្តកើតមាន ហើយលោកបារម្ភបាត់បង់បើមិនមានវត្តមានរបស់សហគមន៍ព្រៃឡង់ជួយការពារ។ លោកបន្តថា មានការកាប់រានដីនិងដឹកឈើចូលទៅក្រុមហ៊ុនផងដែរ។
លោកប្រាប់ VOA ថា៖ «ការរឹតត្បិតដល់អ្នកដែលស្រឡាញ់ធនធានធម្មជាតិ អញ្ចឹងប្រៀបបានដូចជាការបំផ្លាញ ចូលរួមបំផ្លាញព្រៃឡង់អញ្ចឹង»។
លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាលមានឆន្ទៈក្នុងការការពារព្រៃច្បាស់លាស់ មិនត្រូវហាមឃាត់ដល់អ្នកដែលជួយជ្រោមជ្រែងដល់រដ្ឋាភិបាលហ្នឹងទេ»។
កាលពីខែមិថុនា ឆ្នាំមុន របាយការណ៍របស់អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ឲ្យដឹងថា ការបាត់បង់ព្រៃឡង់ក្នុងឆ្នាំ ២០១៩ មានទំហំធំ គឺប្រមាណ ៧.៥១០ ហិកតា ដែលកើនឡើង ៧៣% ប្រៀបធៀបនឹងឆ្នាំ ២០១៨។ របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ ៤៧.៤០០ ហិកតា។
ព្រៃឡង់មានផ្ទៃដីប្រមាណ ៥០ ម៉ឺនហិកតាដោយគ្រប់ដណ្តប់ខេត្តចំនួន ៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធមិនអត្ថាធិប្បាយភ្លាមៗ ពេលទាក់ទងទៅ ដោយស្នើឲ្យសួរអ្នកនាំពាក្យវិញ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចោទបណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានថា ធ្វើ «សកម្មភាពលួចលាក់ និងដោយខុសច្បាប់» នៅក្រោមស្ថាប័នមិនបានចុះបញ្ជីស្របច្បាប់។
លោកក៏បានវាយប្រហារអង្គការ Amnesty International ថា «រិះគន់ដើម្បីបំផ្លាញ» និងមាន «របៀបវារៈនយោបាយទុច្ចរិត» និងលើកទឹកចិត្តអ្នកបំពានច្បាប់។ លោកព្រមានបន្តចាត់វិធានការផ្លូវច្បាប់លើក្រុមដែលការពារព្រៃឡង់ខុសច្បាប់។
លោកបញ្ជាក់ថា៖ «ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬក៏សមាគមណាដែលនៅតែបន្តបំពានសកម្មភាព និងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ និងខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការច្បាប់»។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនោះឲ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីព្រំដែនប្រទេសឡាវមករាជធានីភ្នំពេញ ដែលបណ្តាញនោះឆ្លងកាត់ព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង និងកំពង់ធំ។ លោកបន្ថែមថា ក្រសួងកំពុងវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននិងសង្គម ដើម្បីធានាកាត់បន្ថយផលប៉ះពាល់ឲ្យបានកម្រិតទាបបំផុត។
អង្គការ Amnesty International បានជំរុញឲ្យលុបចោលគម្រោងតភ្ជាប់បណ្តាញអគ្គិសនីកាត់ព្រៃឡង់នេះ ដោយពួកគេថា នឹងបំបែកព្រៃឡង់ជាពីរ ហើយនឹងនាំឲ្យមានការកាប់បំផ្លាញកាន់តែច្រើន៕