សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក គ្រោងនឹងយកសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា មកពិភាក្សានៅក្នុងសភាពេញអង្គនៅថ្ងៃចន្ទនេះ។ នេះបើតាមការជូនដំណឹងរបស់សភាជាតិ។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដែលមានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិកមានគោលបំណងជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។
លោកថេត យូហូ អ្នកតំណាងរាស្ត្រប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ បានដាក់សេចក្តីស្នើច្បាប់នេះកាលពីខែមករា បន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើយុទ្ធនាការបង្ក្រាបលើក្រុមអង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យ ព្រមទាំងចាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំដាក់ពន្ធនាគារ ហើយរំលាយគណបក្សនេះចោលនិងរៀបចំការបោះឆ្នោតដោយមិនមានគូប្រជែងដែលមានកម្លាំងប្រហាក់ប្រហែល។
រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់នេះមានអ្នកតំណាងរាស្រ្តសំខាន់ៗចំនួន៩នាក់ គាំទ្រដែលក្នុងនោះមានលោក Eliot Engel និងលោក Michael McCaul ដែលជាប្រធាននិងអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមកទាំងពីរគណបក្ស។ ក្រោយពីត្រូវអនុម័តរួចហើយ សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភា ដើម្បីពិភាក្សានិងអនុម័ត មុននឹងដាក់ជូនការិយាល័យលោកប្រធានាធិបតីប្រកាសឱ្យប្រើប្រាស់៕