សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនឹងយកសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាមកពិភាក្សានៅក្នុងសភាពេញអង្គនៅសប្តាហ៍នេះ។ នេះបើតាមឯកសាររបស់សភាជាតិ។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា(Cambodia Democracy Act) ឬ H.R. 526 ដែលមានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិកត្រូវបានដាក់ចូលក្នុងរបៀបវារៈប្រជុំកាលពីល្ងាចថ្ងៃសុក្រ។
សេចក្តីស្នើច្បាប់H.R 526 ត្រូវបានស្នើឡើងកាលពីដើមខែមករាដោយលោកថេត យូហូ អ្នកតំណាងរាស្ត្រប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋ។ សេចក្តីស្នើច្បាប់នេះមានគោលបំណងជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ សិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាប់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាអតីតគណបក្សប្រឆាំងដ៏ធំដាក់ពន្ធនាគារ ហើយរំលាយគណបក្សនេះចោលនិងរៀបចំការបោះឆ្នោតដោយមិនមានគូប្រជែងដែលមានកម្លាំងប្រហាក់ប្រហែល។
រហូតមកដល់ពេលនេះសេចក្តីព្រាងច្បាប់នេះមានអ្នកតំណាងរាស្រ្តសំខាន់ៗចំនួន៩នាក់គាំទ្រដែលក្នុងនោះមានលោក Eliot Engel និងលោក Michael McCaul ដែលជាប្រធាននិងអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមកទាំងពីរគណបក្ស។ បើមិនមានការប្រែប្រួលអ្វីទេសេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវអនុម័តនៅសប្តាហ៍ នេះហើយនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បីពិភាក្សានិងអនុម័តមុននឹងដាក់ជូនការិយាល័យលោកប្រធានាធិបតីប្រកាសឱ្យប្រើប្រាស់។
រហូតមកដល់ពេលនេះមានសេចក្តីស្នើច្បាប់ចំនួនបួនដែលសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាចំពោះការរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ សេចក្តីស្នើច្បាប់ចំនួនបីទៀតគឺសេចក្តីស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការធ្វើឱ្យវិលត្រឡប់វិញនៃការវិនិយោគនៅ កម្ពុជាហៅថា CARI Act។