ក្រុមសមាជិកសភាអាមេរិកាំងបានអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលនិងមន្ត្រីកម្ពុជាទាក់ទងនឹងការធ្វើឲ្យធ្លាក់ចុះដំណើរការប្រជាធិបតេយ្យកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមសមាជិកសភាបានប្តេជ្ញាថានឹងជំរុញឲ្យសេចក្តីស្នើច្បាប់នេះ ទៅដល់ការអនុម័តនៅសភាទាំងមូលនិងព្រឹទ្ធសភាផងដែរ មុនបញ្ជូនទៅកាន់ ប្រធានាធិបតីដើម្បីចុះហត្ថលេខា។
ក្រុមសមាជិកសភាអាមេរិកាំងក្នុងគណៈកម្មការការបរទេសបានបើកសវនាការពេញអង្គដើម្បីពិភាក្សាអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ឬ ហៅថា H.R. 5754, Cambodia Democracy Act រួមនឹងវិសោធនកម្មផងដែរកាលពីថ្ងៃ ព្រហស្បតិ៍ដោយមានការថ្លែងម្តងម្នាក់គាំទ្រច្រើនលើសលុបពីសមាជិកសភា ផ្សេងទៀត ដើម្បីគាំទ្រការដាក់ទណ្ឌកម្ម មានដូចជាការបង្កកទ្រព្យសម្បតិ ការមិនផ្តល់ទិដ្ឋាការ ការដាក់ពិន័យតាមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាមានអាសន្នអន្តរជាតិ ឬ ហៅថា International Emergency Economic Powers Act ប្រឆាំងនឹងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមមន្ត្រី ដែលមានជាប់ពាក់ព័ន្ធនឹងការចោទ ប្រកាន់ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ប្រធានគណកម្មាការការបរទេសគឺលោក Ed Royce សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋក្នុងរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសគាំទ្រ និង ថ្លែងអំពីច្បាប់ដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលកម្ពុជានេះមុនគេ ពេលបើកកិច្ចពិភាក្សាអនុម័តលើសេចក្តីស្នើច្បាប់ នោះ ទោះជាសេចក្តីស្នើច្បាប់កម្ពុជានេះត្រូវគេដាក់គម្រោងការថានឹងពិភាក្សាអនុម័តនៅចុងម៉ោងជិតទីបញ្ចប់នៃកិច្ចប្រជុំស្តីអំពីបញ្ហាប្រទេសជាច្រើនទៀតក្តី។សវនាការលើសេចក្តីស្នើច្បាប់ចម្រុះគណបក្សនេះធ្វើឡើង ក្នុងអគាររដ្ឋសភា ក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន ក្រោយរយៈពេល៣ថ្ងៃ ដែលគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ មិនមានឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ។
ក្រុមមេដឹកនាំគណបក្សប្រឆាំងកម្ពុជាមិនត្រូវគេអនុញ្ញាតឲ្យមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត តែបន្តនិរទេសខ្លួននៅក្រៅប្រទេស ហើយមេដឹកនាំដែលរងការចោទប្រកាន់ពីបទក្បត់ជាតិគឺ លោក កឹម សុខា មិនត្រូវគេដោះលែង ខណៈក្រុមអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មាន មិនត្រូវគេផ្តល់សិទ្ធិសេរីភាពឡើងវិញ មុនការបោះឆ្នោតទេ ក្រោយពីការបង្ក្រាបដោយរដ្ឋាភិបាល។
សេចក្តីស្នើច្បាប់ Cambodia Democracy Act លេខ H.R. 5754 និងវិសោធនកម្ម បន្ថែមមួយទៀត នោះតាក់តែងដោយ លោក Ted Yoho សមាជិកសភាខាងគណបក្ស សាធារណរដ្ឋ មកពីរដ្ឋ Florida ជាប្រធានអនុគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកនៃ គណៈកម្មការការបរទេស។ ថ្លែងក្រោយពេលអនុម័តក្នុងគណៈកម្មការការបរទេស លោក Ted Yoho បានបញ្ជាក់ថា៖
«ពលរដ្ឋកម្ពុជាចង់បានសេរីភាពដូចពលរដ្ឋផ្សេងទៀតក្នុងពិភពលោកដែរ ហើយលោក អ្នកដឹងទេ ប្រជាធិបតេយ្យបានបង្កើតឡើង។នោះជាអ្វីដែលពលរដ្ឋចង់បាន។ ប្រជាធិបតេយ្យចេះតែមានសន្ទុះឡើង ហើយនៅពេលលោកអ្នកមានជនផ្តាច់ការ និង មេដឹកនាំ ប្រើអំណាចផ្តាច់ការដូចជាលោក ហ៊ុន សែនកៀបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ វាមិនមែនជាលទ្ធផលល្អទេ»។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថ្មីៗនេះ លោក Yohoបានអះអាងថាសេចក្តីស្នើ ច្បាប់នេះនឹងជួយដល់ពលរដ្ឋកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យ ដោយទប់ស្កាត់ មិនអនុញ្ញាតឲ្យលោក ហ៊ុន សែនពង្រឹងអំណាចតទៅទៀតហើយលោក Yoho បានបន្តចោទលោក ហ៊ុន សែន ថាបានប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង ការចោទប្រកាន់បែបបំផ្លើស ដើម្បីវាយប្រហារលើគណបក្សប្រឆាំងដែលប្រកាន់ជំហរអហិង្សាដោយលោកតំណាងរាស្ត្រ អាមេរិកាំង រូបនេះ បានលើកយកសភានិងតុលាការកំពូលគ្រប់គ្រងដោយ គណបក្សកាន់អំណាច មកបញ្ជាក់ថា គឺជាតួអង្គនៃការរំលាយគណបក្សសង្គ្រោះជាតិ រារាំង តំណាងរាស្ត្រជាប់ឆ្នោតមិនឲ្យបំពេញកិច្ចការ កម្ទេចគណបក្សប្រឆាំងដ៏សកម្មតែមួយរបស់ប្រទេស។
លោករំពឹងថា ប្រទេសសម្ព័ន្ធមិត្តរបស់ស.រ.អាដែលជឿលើប្រជាធិបតេយ្យ សេរីភាព ដូចស.រ.អា នឹងអនុវត្តដូចស.រ.អាដែរដើម្បីប្រឆាំងនឹងមន្ត្រីកម្ពុជា ដែលមិនផ្តល់សិទ្ធិ សេរីភាពនិងអំណាចដល់ពលរដ្ឋ តែកៀបសង្កត់អំណាចរបស់ពលរដ្ឋទៅវិញនោះ។
សមាជិកសភា Alan Lowenthal មកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបានបង្កើតគណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Cambodia Caucus) ក្នុងគោលបំណងប្រមូលសមាជិកសភា អាមេរិកាំង ដ៏ទៃទៀតឲ្យចាប់អារម្មណ៍អំពីនយោបាយកម្ពុជា លោកបានគាំទ្រដល់ សេចក្តីច្បាប់នេះបន្ថែមលើទណ្ឌកម្មនានាដល់មេដឹកនាំរដ្ឋាភិបាលនិងមន្ត្រីរដ្ឋាភិបាល កម្ពុជា។ លោកថ្លែងថាសេចក្តីស្នើច្បាប់ដែលបានអនុម័តនៅថ្ងៃនេះនឹងបញ្ជូនទៅកាន់ សភាទាំងមូល និងព្រឹទ្ធសភាស.រ.អា ដែលបានបង្កើតច្បាប់ដាក់ទណ្ឌកម្មដល់ រដ្ឋា ភិបាលកម្ពុជា ដូចសភាដែរ ដើម្បីបញ្ចូលគ្នា មុននឹងបញ្ជូនទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាក្លាយជាច្បាប់ពេញលេញ។ លោកបន្ថែមថាវិធានការនេះកម្រនឹងកើត ឡើងណាស់ លើកលែងតែប្រទេសមួយចំនួនតូចដែលមានការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិប្បតេយ្យដ៏អាក្រក់ដូចកម្ពុជា។
«នេះគឺជាជំហានដ៏ធំមួយដែលជាវិធានការរបស់រដ្ឋាភិបាលស.រ.អា។ យើងមិនដាក់ ទណ្ឌកម្មលើប្រទេសដ៏ទៃទេ តែនេះសម្រាប់ប្រទេសដែលអាក្រក់ និងបន្ត ហើយនឹង ដកហូតលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិសេរីភាព។ហើយវិធានការនេះគឺជាត្រូវត្រៀម ទុកសម្រាប់ប្រទេសទាំងនោះ»។
លោកថ្លែងថា អន្តរាគមន៍យោធា និង វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាជំហាន បន្ទាប់។ ហើយស.រ.អា ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៉ី និង ចិនកន្លងមក ហើយ បើ កម្ពុជាត្រូវដាក់ទណ្ឌកម្មដែរនោះ កម្ពុជានឹងចូលរួមជាមួយប្រទេសមួយក្រុមតូចដែល រងទណ្ឌកម្មស.រ.អា។ តែលោក Alan Lowenthal បានឲ្យដឹងថាទណ្ឌកម្មទាំងនេះគឺ អាស្រ័យ ទៅលើលោកប្រធានាធិបតី ដែលត្រូវចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នេះ នៅពេលដែលមានការអនុម័តចេញពីសភាទាំងពីររួច។
សេតវិមានក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានកាត់ជំនួយបោះ ឆ្នោតចាប់តាំងពីចុងឆ្នាំទៅម្ល៉េះ ដូចជាសហភាពអឺរ៉ុបដែរ។ តែប្រទេសទាំងពីរ ដែលជាម្ចាស់ជំនួយដ៏ធំ និងផ្តល់ការអនុគ្រោះសម្រាប់ពាណិជ្ជកម្មដ៏ធំជាងគេបំផុតសម្រាប់ កម្ពុជាក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជានោះ មិនទាន់បានដកការអនុគ្រោះពន្ធលើទំនិញ នាំចូលនៅឡើយទេ ទោះជាមានការអំពាវនាវយ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្ស យ៉ាងណាក្តី។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ក៏បានសម្តែងការខកចិត្តដែលរដ្ឋាភិបាលកម្ពុជារារាំងគណបក្សសង្គ្រោះជាតិមិនឲ្យចូលរួមការបោះឆ្នោត។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថែមក្នុង សេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីទី១៧ ខែឧសភានេះ តាមខ្លឹម សារដើមថា៖
«ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ បានរារាំងសិទ្ធិតាមបែបប្រជាធិបតេយ្យ របស់ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតរាប់លាននាក់ មិនឲ្យមានលទ្ធភាពបោះ ឆ្នោតឲ្យបេក្ខជនដែលខ្លួនពេញចិត្ត និងធ្វើឲ្យមានមន្ទិលសង្ស័យចំពោះ សុចរិតភាពនៃ ដំណើរការបោះឆ្នោត»។
សេចក្តីប្រកាសពត៌មានដដែល បានបង្ហាញឲ្យឃើញថាស.រ.អាបានបន្តជំរុញឲ្យមានការកែប្រែជំហរឡើងវិញដើម្បីឲ្យ គណបក្សសង្គ្រោះជាតិ បានចូលរួមការបោះឆ្នោតខាងមុខ មន្ត្រីរបស់គណបក្សនេះ មានសិទ្ធិធ្វើនយោបាយឡើងវិញ និងដោះលែងលោក កឹម សុខា ជាបន្ទាន់ បើពុំដូច្នោះទេ សុចរិតភាពនៃការបោះឆ្នោតនេះនឹងត្រូវគេ ចោទ ជាសំណួរ។
ទោះជាយ៉ាងណាក្តី មន្ត្រីកម្ពុជារួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាន បង្ហាញថានឹងកែប្រែការបោះឆ្នោត ឬ ពន្យាពេល ហើយនឹងការញញើតនឹងទណ្ឌកម្ម សូម្បីតែបន្តិចនោះទេ ប៉ុន្តែថែមទាំងពន្យុះបន្ថែមទៀត។ ការណ៍នេះដោយសារតែអ្វីមួយដែលគេឃើញថា ចិនជាមហាអំណាចមួយ បានក្លាយជាខ្នងបង្អែករឹងមាំសម្រាប់ កម្ពុជា ជាមួយនឹងការគាំទ្រថវិកា និង បង្កើន វិនិយោគយ៉ាងខ្លាំងនៅកម្ពុជា។
បើតាមការអះអាងរបស់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ប្រធានគណបក្សសង្គ្រោះ ជាតិដែលត្រូវបានតុលាការរំលាយ គឺលោក កឹម សុខាដែលកំពុងជាប់ឃុំ និងជាអនុប្រធានការិយាល័យទំនាក់ទំនង កិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការអនុម័តសេចក្តីស្នើច្បាប់ ដាក់ទណ្ឌកម្មនៅសភាអាមេរិកាំង និង ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសផង មិនមែនជាការភ្ញាក់ផ្អើលទេ ដោយសារស្ថានការណ៍កម្ពុជាកាន់តែអាក្រក់ឡើងដែលស.រ.អា ជាពិសេសខាងស្ថាប័នរដ្ឋាភិបាលអាចនឹងមានវិធានការមុនច្បាប់នៅសភាសហរដ្ឋអាមេរិកចេញទៀតផង។
«ដូចដែលពួកយើងខ្ញុំបានទាមទារ ឧទាហរណ៍ដែលយើងខ្ញុំបានធ្វើសក្ខីកម្មនៅក្នុង សភា កន្លងមកហ្នឹងគឺ មានចំណុចមួយចំនួនដែលខ្ញុំបានលើកឡើងហ្នឹង ហើយយើង ឃើញថាគេបានអនុម័តមួយម្តងៗ ហើយជំហានបន្ទាប់ហ្នឹង ជាជំហានទី៣ ដែលខ្ញុំតែង តែលើកឡើងហ្នឹងវាអាចឈានទៅដល់ការបង្កកទ្រព្យសម្បត្តិ ហើយវានៅមានបន្ត ទៅទៀត»។
កញ្ញា បានបន្ថែមថា គេនៅចាំបានហើយអំពីសេចក្តីថ្លែងការណ៍សេតវិមានរបស់ រដ្ឋបាលលោក ប្រធានាធិបតី ត្រាំ ដែលបានព្រមានថា ស.រ.អានឹងចាត់វិធានការបន្ត បើស្ថានការណ៍កម្ពុជាមិនមានការប្រែប្រួល ដែលកញ្ញា បានបន្តថាក្នុងនាមជាខ្មែរ កញ្ញា រំពឹងថាស្ថានការណ៍នឹងប្រែប្រួលដើម្បីកុំឲ្យគេប្រើច្បាប់នោះ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា៕