សកម្មជនខ្មែរ-អាមេរិកាំងកំពុងរៀបចំយុទ្ធនាការនានាដើម្បីបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅតាមមណ្ឌលរបស់ខ្លួនឱ្យគាំទ្រសេចក្តីស្នើច្បាប់ចំនួនពីរដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្នុងចំណោមសកម្មភាពដែលសកម្មជនសហគមន៍ធ្វើរួមមានការទៅជួបអ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាដោយផ្ទាល់ ការទូរស័ព្ទទៅការិយាល័យអ្នកតំណាងរាស្ត្រនិងព្រឹទ្ធសភា ការសរសេរញត្តិសម្តែងការគាំទ្រ និងធ្វើការជាមួយនឹងអង្គការនានាដែលលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
សេចក្តីស្នើច្បាប់ទាំងពីរគឺ«ច្បាប់ពាណិជ្ជកម្មកម្ពុជា» (S.34) និង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា» (H.R. 526) ត្រូវបានសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រអាមេរិកាំងស្នើឡើងកាលពីដើមខែមករាក្នុងគោលបំណងពិនិត្យមើលលើប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មទូទៅ(GSP) ដែលកម្ពុជានាំទំនិញដោយរួចពន្ធចូលសហរដ្ឋអាមេរិកនិងដើម្បីស្នើឱ្យមានការគោរពសិទ្ធិមនុស្សហើយរៀបចំការបោះឆ្នោតដោយត្រឹមត្រូវនៅកម្ពុជាក៏ដូចជាបញ្ឈប់ការធ្វើទុកបុកម្នេញអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាននិងអ្នកនយោបាយបក្សជំទាស់ដែលបានរងគ្រោះដោយសារយុទ្ធនាការបង្ក្រាបពីអាជ្ញាធរកម្ពុជា។
លោកអ៊ុង ឫទ្ធី ពលរដ្ឋខ្មែរ-អាមេរិកាំងនៅក្នុងរដ្ឋម៉ាស្សាឈូសិត និងជាប្រធានសាខាគណបក្សសង្គ្រោះជាតិអាមេរិក (CNRPA) បានបញ្ជាក់ប្រាប់ VOA ថា សេចក្តីស្នើច្បាប់ទាំងពីរនេះនឹងដំណើរការទៅមុខបានល្អដោយសារតែ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា»ត្រូវបានស្នើឡើងម្តងកាលពីឆ្នាំ២០១៨ហើយទទួលបានការគាំទ្រជាឯកច័ន្ទពីសភាតំណាងរាស្ត្រ។
លោកអ៊ុង ឫទ្ធីបានបន្ថែមថា៖
«សព្វថ្ងៃនេះយើងកំពុងតែធ្វើការជាមួយខាងព្រឹទ្ធសភាផងដែរពាក់ព័ន្ធនឹងច្បាប់ថ្មីដែលទើបតែព្រាងឡើងគឺS-34 ដែលមានទម្រង់ទ្រង់ទ្រាយដូចអ្វីដែលសហភាពអឺរ៉ុបបានធ្វើខាងផ្នែកពាណិជ្ជកម្ម។ ហើយសកម្មជនយើងសព្វថ្ងៃកំពុងតែធ្វើញត្តិឬយកហត្ថលេខាចែកមុខព្រួញគ្នាដើម្បីទាក់ទងអ្នកតាក់តែងច្បាប់នៅតាមរដ្ឋនីមួយៗដើម្បីរុញច្រានធ្វើម៉េចដើម្បីឱ្យច្បាប់ទាំងពីរហ្នឹងជាប់ជាស្ថាពរដើម្បីអនុវត្តច្បាប់»។
លោកសារ៉ាត់ សាយ ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋរ៉ូដ អាយឡឹន បានបញ្ជាក់ថាក្រុមលោកគ្រោងនឹងជួបជាមួយអ្នកតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភារបស់ខ្លួនដើម្បីស្នើឱ្យពួកគេគាំទ្រសេចក្តីព្រាងច្បាប់នេះ។
លោកសារ៉ាត់ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើបាតុកម្មជាច្រើនសាររបស់សហគមន៍ខ្មែរ-អាមេរិកាំងក្នុងពេលកន្លងមកបានឮដល់អ្នកតាក់តែងតែងអាមេរិកាំង៖
«ពេញចិត្ត ប៉ុន្តែចង់បានច្រើនជានេះទៀត ឱ្យលឿនជាងនេះ ឱ្យបានឆាប់។ បានជោគជ័យដែរ ដែលយើងធ្វើបាតុកម្ម»។
សេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា» (HR526) ត្រូវបានលោកថេត យូហូ (Ted Yoho) អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋប្រចាំរដ្ឋផ្លរីដា បានស្នើឡើងកាលពីថ្ងៃទី១១ខែមករា។ នៅពេលនេះមានការគាំទ្រពីអ្នកតំណាងរាស្ត្រដ៏មានឥទ្ធិពលជាច្រើនដូចជាលោក អេលៀត អ៊ីងហ្កេល ប្រធានគណៈកម្មការកិច្ចការបរទេសនិងជាអ្នកតំណាងរាស្រ្តប្រចាំរដ្ឋញូវយ៉ក លោក ប្រែដ សឺមែន ប្រធានអនុគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកនិងជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វញ៉ានិងលោកអាឡាំង ឡូវឹនសល សហប្រធានក្រុមការងារទទួលបន្ទុកកិច្ចការកម្ពុជានិងជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វញ៉ាជាដើម។
សេចក្តីស្នើច្បាប់ HR526 នេះកំពុងស្ថិតនៅគណៈកម្មការកិច្ចការបរទេសនិងគណៈកម្មការនីតិកម្មរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។ ប៉ុន្តែគណៈកម្មការទាំងនេះនៅមិនទាន់មានគម្រោងដាក់ចូលក្នុងរបៀបវារៈប្រជុំនៅឡើយទេនៅពេលដែល VOA ទាក់ទងក្នុងសប្តាហ៍នេះ។
មន្ត្រីអ្នកនាំពាក្យគណៈកម្មការកិច្ចការបរទេសគឺលោក ធីម មុលវី បានបញ្ជាក់ប្រាប់ VOA ថា ដោយសារតែច្បាប់នេះធ្លាប់បានសភាតំណាងរាស្ត្រអាណត្តិមុនអនុម័តម្តងរួចហើយគឺវាទំនងជានឹងត្រូវអនុម័តបានទៀតដោយមិនមានបញ្ហាអ្វីទេ។
លោកជា មាស ពលរដ្ឋខ្មែរ-អាមេរិកាំងនៅរដ្ឋផែនស៊ីលវេនៀ (Pennsylvania ) និងជាអ្នកនាំពាក្យនៃសាខាគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក (CNRP-USA) បានបញ្ជាក់ប្រាប់ VOA ថា លោកសង្ឃឹមថា សេចក្តីស្នើច្បាប់នេះនឹងត្រូវបានអនុម័តនៅឆ្នាំ២០១៩នេះ។
លោកបន្ថែមថា៖
«ច្បាប់ទាំងអស់នេះមិនមែនអាមេរិកាំងទៅទាត់ចោលព្រះរាជាណាចក្រកម្ពុជាបើសិនជាខ្ញុំមើលច្បាប់ហ្នឹងន័យឱ្យខ្លីហើយស្រួលយល់គេថា «គណនេយ្យភាព» គឺឱ្យមានភាពត្រឹមត្រូវនៅក្នុងការរកស៊ីមុខរបរជំនួញទាំងឡាយណាដែលនាំ ចូលមកសហរដ្ឋអាមេរិក។ នេះគឺច្បាប់H.R.526។ រីឯច្បាប់S.34នេះគេចោទធ្ងន់មិនមែនលើកងប្រដាប់អាវុធទាំងអស់ហ្នឹងទេគេចោទធ្ងន់ទៅលើអ្នកមានអំណាច អ្នកបញ្ជាការទាំងឡាយណាដែលអាក្រក់ៗគេយកមកដាក់ក្នុងបញ្ជីខ្មៅ នៅក្នុងន័យពិចារណាតទៅមុខទៀត»។
ប្រទេសកម្ពុជាបាននាំទំនិញក្នុងតម្លៃ៤០០លានដុល្លារចូលក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ក្រោមកម្មវិធីGSP ហើយធ្វើឱ្យកម្ពុជាចំណេញប្រាក់យ៉ាងហោចណាស់៨០លានដុល្លារក្នុងមួយឆ្នាំៗ។ សេចក្តីស្នើ«ច្បាប់ពាណិជ្ជកម្មកម្ពុជា» ដែលត្រូវបានស្នើឡើងកាលពីថ្ងៃទី៨ខែមករា មានគោលបំណងសើរើឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបាន។ សេចក្តីស្នើច្បាប់នេះត្រូវបានបញ្ជូនទៅគណៈកម្មការហិរញ្ញវត្ថុរបស់ព្រឹទ្ធសភាប៉ុន្តែក៏នៅមិនទាន់មានគម្រោងដាក់ចូលប្រជុំនៅឡើយដែរ។
ប៉ុន្តែនៅសហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញដ៏ធំជាងគេបំផុតរបស់កម្ពុជា ក្រុមប្លុកដែលមាន២៨ប្រទេសនេះបានចាប់ផ្តើមដំណើរការដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ពីប្រទេសកម្ពុជាដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលជិតពីរឆ្នាំមកនេះ។ ឋានៈអនុគ្រោះពន្ធនេះធ្វើឱ្យប្រទេសកម្ពុជាសន្សំប្រាក់បានជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាប្រចាំ រដ្ឋតិចសាស និងជាអ្នកស្នើសេចក្តីព្រាងច្បាប់S-34 នេះឡើងបានបញ្ជាក់តាមសារធ្វីតធឺ (Twitter) ដោយស្វាគមន៍ចំណាត់ការរបស់សហភាពអឺរ៉ុបថា៖
«នេះជាជំហានដ៏គួរឱ្យស្វាគមន៍មួយទៀតពីសហភាពអឺរ៉ុបដែលពិនិត្យមើលលក្ខខណ្ឌពាណិជ្ជកម្មជាមួយនឹងជនផ្តាច់ការហ៊ុន សែននៃប្រទេសកម្ពុជា»។
លោកថេត គ្រូសបានបន្ថែមថាសេចក្តីស្នើច្បាប់ដែលលោកនិងលោកគ្រីស ឃូន សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋឌែលឡាវែ (Delaware) បានស្នើឡើងគឺនឹងតម្រូវឱ្យសហរដ្ឋអាមេរិកធ្វើដូចគ្នាដែរ។
ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហរដ្ឋអាមេរិកក្រោមកម្មវិធីGSP គឺជាទំនិញសម្រាប់ការធ្វើដំណើរ រីឯទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់ដោយមិនបង់ពន្ធអ្វីទាំងអស់តាំងពីឆ្នាំ២០០១មក។
វិស័យកាត់ដេរកម្ពុជាបានផ្តល់ការងារធ្វើដល់ពលរដ្ឋកម្ពុជាជាង៧០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រីមកពីទីជនបទ។
លោកអ៊ុង ឫទ្ធី បានបញ្ជាក់ថា៖
«ខ្ញុំសូមសរសើរនូវទឹកចិត្តដ៏មោះមុតហើយមិនព្រមថយក្រោយដោយសារទង្វើដែលរបបលោកហ៊ុន សែនបានធ្វើបន្តិចបន្តួចហ្នឹងហើយយើងឃើញថាសហគមន៍អឺរ៉ុបគេយល់ច្បាស់ណាស់នូវអ្វីដែលរបបលោកហ៊ុន សែនបានកំពុងធ្វើម្ល៉ោះហើយច្បាប់របស់គេចេញគឺជាភាពវិជ្ជមានមួយដ៏ធំហើយគឺជាភាពជោគជ័យមួយដ៏សំខាន់របស់សកម្មជនយើងដែលកំពុងធ្វើការតស៊ូជាពិសេសសកម្មជនសង្គ្រោះជាតិរបស់យើងទាំងអស់គ្នា»។
បច្ចុប្បន្ននេះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំនៅក្នុងលំនៅដ្ឋាន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់នៅជាប់បណ្តឹងនៅតុលាការនៅឡើយ សកម្មជនសហជីពមួយចំនួនជាប់បណ្តឹងនៅតុលាការនិងខ្លះកំពុងជាប់ពន្ធនាគារ។
លោកគុជ ច័ន្ទលីពលរដ្ឋខ្មែរនៅរដ្ឋម៉ារីឡែន (Maryland) បានស្នើឱ្យពលរដ្ឋខ្មែរអាមេរិកាំងរួមគ្នាធ្វើសកម្មភាពទាក់ទងអ្នកតំណាងរាស្ត្ររបស់ខ្លួនដើម្បីទាក់ទាញការគាំទ្រឱ្យបានច្រើន។
«ខ្មែរយើងធ្វើឬខ្មែរយើងមិនមកជំរុញគេក៏គេនឹងត្រូវតែធ្វើដែរពីព្រោះសហភាពអឺរ៉ុបគេបានចាប់ផ្តើមឈានមួយជំហានមុនអាមេរិករួចទៅហើយ ហើយអាមេរិកនឹងចាប់ផ្តើមឈានក្នុងពេលឆាប់ៗនេះទៀត។ ប៉ុន្តែបើសិនជាបានសហគមន៍ខ្មែរយើងជំរុញគេថែមទៀតគេរឹតតែចង់ឮថែមទៀតពីព្រោះថានៅក្នុងប្រទេសប្រជាធិបតេយ្យអ្នកនយោបាយម្នាក់ៗបានអំណាចដោយសារសន្លឹកឆ្នោត...។ ដូច្នេះបើសិនជាខ្មែរយើងណាមានការឈឺចាប់ពីរឿងប្រទេសខ្មែររបស់ខ្លួនគួរតែមកយំមកស្រែកមកប្រាប់គេឱ្យដឹងទៅគេនឹងជួយយើងដើម្បីឱ្យបាត់ការឈឺចាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានព្រមានជាបន្តបន្ទាប់ថា លោកនឹងធ្វើទុក្ខទោសអ្នកនយោបាយអតីតគណបក្សប្រឆាំងបន្ថែមទៀតបើសិនជាកម្ពុជាបាត់បង់ឋានៈអនុគ្រោះពន្ធ។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាដែលទទួលទិញទំនិញកម្ពុជាជាង៦៥ភាគរយនៃទំនិញនាំចេញទាំងអស់ដែលភាគច្រើនគឺផ្នែកកាត់ដេរ៕